ក្នុង​មួយ​ឆ្នាំ បង្ក្រាប​បទល្មើស​ជាង​៤០០​ករណី និង​ឃាត់ខ្លួន​ក្មេង​ទំនើង​ជាង​៧០០​នាក់


រាជធានី​ភ្នំពេញ​ ៖ យោង​តាម​របាយ​ការ​ណ៍​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​២០១៩​កន្លង​មកនេះ សមត្ថកិច្ច​រាជធានី​ភ្នំពេញ​បង្ក្រាប​ក្មេង​ទំនើង​បាន​ចំនួន​៤៦៨​ករណី ឃាត់ខ្លួន​៧០៧​នាក់ (​ស្រី ៩​នាក់​) ក្នុង​នោះ ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​៣០៤​ករណី ឃាត់ខ្លួន​៤១៦​នាក់ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អុកឡុក​បង្ក​ឱ្យ​បាត់​សណ្ដាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ចំនួន​១៦៤​ករណី ឃាត់ខ្លួន​២៩១​នាក់ (​ស្រី ៦​នាក់​) បាន​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ធ្វើ​កិច្ចសន្យា​អប់រំ​បញ្ឈប់​សកម្មភាព​។

យោង​តាម​របាយ​ការ​ណ៏​ដដែល​នេះ​បានអោយ​ដឹង​ទៀត​ថា ចំណែក​ល្បែងស៊ីសង​ខុសច្បាប់ សមត្ថកិច្ច​បង្ក្រាប​បាន​៩៤​ករណី ឃាត់ខ្លួន​៤៨៦​នាក់ (​ស្រី ១១០​នាក់​) កសាង​សំណុំ រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចំនួន​៨៥​នាក់ និង​ធ្វើ​កិច្ចសន្យា​អប់រំ​៤០១​នាក់​។ ចំពោះ​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បង្ក្រាប​បាន​៤៧​ករណី ឃាត់ខ្លួន​១០៤​នាក់ ស្រី​៣៨​នាក់ (​ជនបរទេស​៥​នាក់​) រួម​មាន ករណី​រួម​ភេទ​ជាមួយ​អនីតិជន​២៨​ករណី ឃាត់ខ្លួន​២៩​នាក់​, ករណី​អាជីវកម្ម​ផ្លូវភេទ​២​ករណី ឃាត់ខ្លួន​២​នាក់​, ករណី​សញ្ចារ​កម្ម​៧​ករណី ឃាត់ខ្លួន​៦១​នាក់ (​ស្រី​៣៥​នាក់​), ប្រព្រឹត្ដ​អំពើ​អាស​៦​ករណី ឃាត់ខ្លួន ៦​នាក់​, ករណី​នាំ​ចេញ​ដោយ​មិន ស្របច្បាប់​សម្រាប់​ឆ្លង​ដែន​៣​ករណី ឃាត់ខ្លួន​៥​នាក់ (​ស្រី ៣​នាក់​) និង​ករណី​ផលិត​រូបភាព​អាសអាភាស​១​ករណី ឃាត់ខ្លួន​១​នាក់​។

ជនសង្ស័យ និង​វត្ថុ​តាង កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​រំដោះ​នារី​រង​គ្រោះ​ចំនួន​៦០​នាក់ បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​៣៣​នាក់ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​២៧​នាក់​។ ក្រៅពី​នេះ​បាន​សហការ​បង្ក្រាប​ករណី​សញ្ចារ​កម្ម​៤​ករណី ឃាត់ខ្លួន​៨​នាក់ (​ស្រី​៦​នាក់​) ប្រគល់​ជូន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ចាត់ការ​តាម​នីតិវិធី​។

រីឯ​បទល្មើស​សេដ្ឋកិច្ច​បង្ក្រាប​បាន​១​ករណី ឃាត់ខ្លួន​១​នាក់ ករណី​ដឹក​ជញ្ជូន​សត្វព្រៃ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី និង​បាន​សហការ​បង្ក្រាប​៦​ករណី ប្រគល់​ជូន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ៤​ករណី​, គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល ក្លែងក្លាយ​១​ករណី និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​១​ករណី ដើម្បី​ចាត់ការ​តាម​ច្បាប់​។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ធ្វើ​ពិធី​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ខ្លួន​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០២០ មាន​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី​២៦ និង​២៧ ខែកុម្ភៈ​នេះ និង​គ្រោង​អញ្ជើញសម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ