ខេត្តបន្ទាយមានជ័យ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស៥៧០ សង្ស័យអ្នកបើកបរស្រវឹងបានបើកបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរងការខូចខាតផ្ទះសម្បែង និងស្ត្រីម្នាក់បានរងរបួស ចំណែករថយន្តក៏បានរងការខូចខាតផងដែរ ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានអ្នកស្រុកដែលទៅចោមរោមមើលហេតុការណ៍នេះ ទាមទារឱ្យអ្នកបើកបរទទួលខុសត្រូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះមួយកន្លែងក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
រថយន្តស៊េរីទំនើបមួយគ្រឿងខាងលើម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២AA-៨០០៩ បើកបរដោយឈ្មោះ ពិន សាវឿត ភេទប្រុស ។ ចំណែកស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា បន្ទាប់ពីមានហេតុការណ៍រថយន្តបុកចូលផ្ទះនៅចំណុចខាងលើរួចមក គេឃើញអ្នកបើកបរចុះពីលើរថយន្តក្នុងសភាពទ្រេតទ្រោត ហើយត្រូវបានអ្នកស្រុកចោមរោម និងស្រែកឱ្យអ្នកបើកបរទទួលខុសត្រូវចំពោះហេតុការណ៍គ្រោះថ្នាក់ដែលបណ្តាលអោយស្ត្រីម្នាក់រងរបួស និងខូចខាតផ្ទះសម្បែង ។ ប៉ុន្តែសមត្ថកិច្ចថា អ្នកបើកបររថយន្តខាងលើពុំបានស្រវឹងនោះទេ ។
ក្រោយពេលកើតហេតុ ក៏មាននគរបាលចរាចរណ៍បានចុះទៅពិនិត្យកន្លែងកើតហេតុ និងនាំស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យមន្ទីរពេទ្យ ព្រមទាំងយករថយន្តស៊េរីទំនើបមួយគ្រឿងខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ