រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានដឹងថា បុរសម្នាក់ក្រោយពីជួលផ្ទះបានស្នាក់នៅ និងសុំការងារបានធ្វើ សប្បាយចិត្តពេកផឹកស៊ីដល់ស្រវឹង លុះត្រឡប់មកផ្ទះវិញក៏ជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូផ្សេងទៀត រួចរេចង្កូតឡើងចិញ្ចើមជ្រុលទៅបុករះកន្លែងលក់បបរ.ស បណ្តាលឱ្យបែកទូ តុ ខ្ទេចខ្ទីតែម្តង ប៉ុន្តែទោះបីជាដឹងកំហុសខ្លួន ហើយលុតជង្គង់លើកដៃសំពះ ក៏ម្ចាស់មិនព្រម បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ក្នុងភូមិប៉ប្រ៉កជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពពីកន្លែងបានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើ ទើបតែសុំការងារទាំងប្តី ទាំងប្រពន្ធបានធ្វើ និងទើបតែបានជួលផ្ទះស្នាក់នៅបាន ដោយសប្បាយចិត្តនឹកគិតថា ខ្លួនក្រ ហើយពេលនេះមានការងារធ្វើហើយ ក៏បានទៅហូបអី និងផឹកស៊ី លុះស្រវឹងក៏ជិះម៉ូតូតាមផ្លូវសហព័ន្ធរុស្ស៊ីពីកើតទៅលិច លុះដល់ចំណុចខាងលើស្រាប់តែទាក់ដៃចង្កូតជាមួយម៉ូតូផ្សេង រួចរេបោលឡើងចិញ្ចើមបុករះកន្លែងលក់បបរ.សតែម្តង បណ្តាលឲ្យបែកបាក់ទូ ដាក់សាច់ ទូនំប៉ាវខ្ទេច ។
ប្រភពដដែលបន្តថា ស្របពេលបុរសរូបនេះដឹងកំហុសខ្លួនឯង ក៏យំលើកដៃសំពះអង្វរថា ខ្លួនក្រីក្រគ្មានលុយសងទេ តែម្ចាស់អ្នកលក់មិនព្រម ព្រោះតែបែកទូកញ្ចក់អស់២ ដាច់ខាតត្រូវតែសង តែបុរសរូបនេះគ្មានលុយ ដូច្នេះមានតែប្រគល់ឲ្យសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍តែម្តង ។
តាមសម្តីបុរសខាងលើបានឲ្យដឹងថា ខ្លួនពិតជាខុសហើយ តែគ្មានលុយសង ក៏អង្វរម្ចាស់ហើយនៅមិនព្រម មានតែរង់ចាំលក់ម៉ូតូសងលុយទេ ក្រហើយជាន់លើក្រទៀត ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ