រាជធានីភ្នំពេញ ៖ រថយន្តហ៊ីយ៉ាន់ដាយសណ្តោងទូកុងតឺន័រដឹកអេតចាយមួយគ្រឿង ខណៈកំពុងបើកបរធ្វើដំណើរសុខៗ ស្រាប់តែរបូតប៊ូឡុងភ្នែនសណ្តោង ធ្វើឲ្យរបូតទូក្រឡាប់ចាក់ដែកអេតចាយរាយប៉ាយពេញផ្លូវ ប៉ុន្តែសំណាងល្អមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
រថយន្តមួយគ្រឿងខាងលើម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A-២៤៤៧ មានសណ្តោងរ៉ឺម៉កទូកុងតឺន័រផ្ទុកដែកអេតចាយ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងខាងលើមានសណ្តោងរ៉ឺម៉កទូកុងតឺន័រផ្ទុកដែកអេតចាយ បានបើកចេញពីម្តុំជម្ពូវ័នឆ្ពោះទៅព្រំដែនប្រទសវៀតណាម ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង ។
តាមប្រភពព័ត៌មានបានបន្តថា លុះរថយន្តមួយគ្រឿងខាងលើធ្វើដំណើរមកដល់ចំណុចខាងលើ ដោយសាររថយន្តដឹកធ្ងន់ ម្យ៉ាងអ្នកបើកបរខ្វះការត្រួតពិនិត្យបច្ចេកទេសយានយន្ត ស្រាប់តែរបូតប៊ូឡុងភ្នែនសណ្តោង បណ្តាលឱ្យរបូតទូកុងតឺន័រក្រឡាប់ចាក់ដែកអេតចាយរ៉ាយប៉ាយពេញផ្លូវ ប៉ុន្តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ដោយឃើញថា គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយខ្លួនឯង និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ទើបសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ប្រមូលយកដែកអេតចាយចេញពីផ្លូវ និងស្ទូចលើកទូកុងតៃន័រចេញដោយខ្លួនឯង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ