រាជធានីភ្នំពេញ ៖ ផ្ទះលក់ពូក ផ្ទះលក់ម៉ូតូ២ល្វែង និងជួសជុលម៉ូតូ១ល្វែងទៀត ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅទាំងព្រឹក បណ្ដាលឲ្យរងការខូចខាតគិតជាប្រាក់រាប់ម៉ឺនដុល្លារ ហើយមូលហេតុជំហានដំបូងសង្ស័យបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី ។ ខណៈនោះ កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ដោយហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញទៅបាញ់ទឹកពន្លត់រយៈពេល២ម៉ោង ទើបរលត់ទៅវិញទាំងស្រុងមិនឆេះរាលដល់កន្លែងផ្សេងទៀត ហើយក្នុងហេតុការណ៍នេះ ក៏បានបង្កឲ្យមានការកកស្ទះចរាចរនៅលើផ្លូវវេងស្រេងយ៉ាងណែនតាន់តាប់ផងដែរ ។ ប្រភពម្ចាស់ផ្ទះរងគ្រោះបានឱ្យដឹងថា «ពួកគាត់បានចងការប្រាក់មួយចំនួនធំពីធនាគារ និងប្រាក់ដែលខំសន្សំជាច្រើនឆ្នាំមកហើយនោះ មកទិញសម្ភារខាងលើ ដើម្បីដាក់លក់រកសុី តែពេលនេះត្រូវភ្លើងឆេះអស់គ្មានសល់ឡើង និងជំពាក់ធនាគារថែមទៀតផង ។

ហេតុការណ៍ខាងលើ កើតឡើងកាលពីវេលាម៉ោងប្រហែល៥និង៣០នាទីព្រឹក ថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២០ ដែលផ្ទះរងគ្រោះខាងលើ មានទីតាំងស្ថិតនៅទល់មុខផ្សារត្រពាំងថ្លឹង តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញភ្លើងចាប់ផ្ដើមឆេះចេញពីផ្ទះលក់ពូកមុនដែលសង្ស័យបណ្ដាលមកពីទុស្សេចរន្តអគ្គិសនី បន្ទាប់មកបានឆាបឆេះរាលដាលដល់ផ្ទះលក់ម៉ូតូនិងជួសជុលម៉ូតូដែលស្ថិតនៅជប់គ្នានោះជាបន្តបន្ទាប់យ៉ាងសន្ធោរសន្ធៅនិងឆាប់រហ័សបំផុត ។ មិនតែប៉ុណ្ណោះក៏មានសម្លេងផ្ទះគួរឲ្យខ្លាចចេញពីទីនោះ ដោយសារតែការទុស្សេចរន្តអគ្គិសនី ហើយម្ចាស់ផ្ទះទាំង៤ល្វែងនោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ ដោយអ្វីៗដែលពួកគាត់ខិតខំរកនិងសន្សំមកជាច្រើនឆ្នាំហើយនោះត្រូវបានរលាយត្រឹមតែួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

ប្រភពដដែលបានបន្តថា ក្រោយពីមានហេតុការណ៍បែបនេះកើតឡើងកម្លាំងសមត្ថិកច្ចខណ្ឌពោធិ៍សែនជ័យ បានចេញអន្តរាគមន៍ភ្លាមៗដោយបានហៅរថយន្តពន្លត់អគ្គីភ័យពីបណ្ដាអង្គភាពនានាចេញទៅបាញ់ពន្លត់ភ្លើងរយៈពេលប្រមាណ២ម៉ោងទើបរលត់ទៅវិញទាំងស្រុងមិនបណ្ដាលឲ្យឆេះរាលដល់ផ្ទះជាប់នោះទៀត។

ទោះបីបែបណាមិនទាន់ដឹងថា តើចំនួនពូកដែលត្រូវភ្លើងឆេះអស់ប៉ុន្មាននោះទេ តែម៉ូតូអស់ជិត១០០គ្រឿង ក្នុងនោះមានហាងលក់ម៉ូតូធំ១ល្វែងនិងម៉ូតូតូច២ល្វែង រីឯទំហំនៃការខូចខាតនេះ បើគិតជាទឹកប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារ។







ចែករំលែកព័តមាននេះ