ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធាចារ្យ​ក្រមា​មាស​ ​ចង់​​ឃើញ​ល្បុក្ក​តោ​​ត្រូវ​បរទេស​យក​ទៅ​ហាត់​ដូច​កម្ពុជា​ហាត់​កីឡា​បរទេស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ព្រឹទ្ធាចារ្យ​ក្រមា​មាស​មាស សាន គី​ម​ស៊ា​ន ដែល​បច្ចុប្បន្ន​គឺជា​ប្រធាន​រាជបណ្ឌិត​សភា​ល្បុក្កតោ​កម្ពុជា មាន​វ័យ​៧៥​ឆ្នាំទៅ​ហើយ​នោះ បាន​បង្ហាញ​អារម្មណ៍​ចង់​ឃើញ​កីឡា​ល្បុក្កតោ ត្រូវ​បាន​បរទេស​យក​ទៅ​ហ្វឹកហាត់​ជា​លក្ខណៈ​ផ្លូវការ ដូច​គ្នា​នឹង​កម្ពុជា​ហ្វឹកហាត់​កីឡា​បរទេស​ដែល​រួម​មាន…

រាជធានី​ភ្នំពេញ ៖ លោក​ព្រឹទ្ធាចារ្យ​ក្រមា​មាស​មាស សាន គី​ម​ស៊ា​ន ដែល​បច្ចុប្បន្ន​គឺជា​ប្រធាន​រាជបណ្ឌិត​សភា​ល្បុក្កតោ​កម្ពុជា មាន​វ័យ​៧៥​ឆ្នាំទៅ​ហើយ​នោះ បាន​បង្ហាញ​អារម្មណ៍​ចង់​ឃើញ​កីឡា​ល្បុក្កតោ ត្រូវ​បាន​បរទេស​យក​ទៅ​ហ្វឹកហាត់​ជា​លក្ខណៈ​ផ្លូវការ ដូច​គ្នា​នឹង​កម្ពុជា​ហ្វឹកហាត់​កីឡា​បរទេស​ដែល​រួម​មាន តេ​ក្វា​ន់​ដូ និង​កា​រ៉ា​តេ​ដូ​ជាដើម ។

លោក​ថា​ក្បាច់គុន​កីឡា​ខ្មែរ​ក៏​ល្អ និង​រស់​រវើក​មិន​ចាញ់​កីឡា​បរទេស​នោះ​ទេ ទើប​លោក​ប្រកាស​ថា ឱ្យ​តែ​បន្ត​បំផុស និង​ធ្វើ​ឱ្យ​ល្បី​បន្ត​ទៀត គឺ​ច្បាស់​ណាស់​ថា ភាគី​ខាង​បរទេស នឹង​អាច​យក​កីឡា​នេះ ទៅ​ហ្វឹកហាត់​ដូច​កម្ពុជា យក​កីឡា​បរទេស​មួយ​ចំនួន​មក​បង្កើត​ជា​សហព័ន្ធ​ផ្លូវការ​ដូច្នេះ ដែរ ។ យ៉ាងណា​ក៏​ដោយ លោក​មិន​ហ៊ាន​រំពឹង​ដល់​ថ្នាក់​បរទេស​យក​ល្បុក្កតោ​កម្ពុជា ទៅ​បង្កើត​ជា​សហព័ន្ធ​នោះ​ទេ​។

លោកតា​សាន គឹ​ម​ស៊ា​ន បញ្ជាក់​ថា ល្បុក្កតោ កម្ពុជា​មក​ទល់​ពេល​នេះ​កាន់តែ​មានការ​ទទួល
ស្គាល់ តែ​នៅ​មិន​ទាន់​ដល់​គោលដៅ​ដូច​អ្វី​ដែល​លោក​ធ្លាប់​ស្រមៃ​ទេ ដោយសារ​តែ​លោក​មាន​បំណង​ចង់​ឃើញ​កីឡា​មួយ​នេះ មាន​ប្រទេស​ខាងក្រៅ​យក​ទៅ​បើក​ជា​សហព័ន្ធ ឬ​បើក​ជា​ក្លិប
បង្វឹក​ដល់​កូនចៅ​របស់​គេ ដូច​កូន​ខ្មែរ​ហាត់រៀន​កីឡា​នាំ​ចូល​ពី​បរទេស​ដូច​គ្នា ។

លោក​ថា កន្លង​មក​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន មានការ​ចាប់អារម្មណ៍​យក​កីឡា​ល្បុក្កតោ​ទៅ​ហាត់​ហើយ តែ​ភាគច្រើន​ជា​ការ​ផ្ដួចផ្ដើម​របស់​បងប្អូន​ខ្មែរ​សុទ្ធសាធ​រស់នៅ​ទីនោះ​ប៉ុណ្ណោះ ទើប​លោក​ចង់ឱ្យ​មាន​មន្ត្រី​សហព័ន្ធ​របស់​ប្រទេស​នីមួយ​ៗ​តែ​ម្ដង យក​កីឡា​របស់​ខ្មែរ​ទៅ​បង្ហាត់​ជា​ផ្លូវការ​នៅ​ទីនោះ ។ ជាមួយ​គ្នា​នោះ​លោក​ថា នឹង​បន្ត​នៅ​ជាមួយ​ល្បុក្កតោ​រហូត បើ​ទោះជា​ពេល​នេះ​លោក​មាន​វ័យ​ជាង​៧០​ឆ្នាំ និង​ជរា​ទៅ​ហើយ​។

លោក​រំលឹក​ថា មនុស្ស​ជា​ច្រើន​យល់​ថា ក្រោយ​ពេល​លោក​លា​ចេញពី​ប្រធាន​សហព័ន្ធ គឺ​លោក​លែង​រវល់​នឹង​ល្បុក្កតោ ប៉ុន្តែ​ការ​ពិត​គឺ​លោក​សកម្ម​ជាង​មុន​នោះ​ផង ក្នុង​នាម​ជា​ប្រធាន​រាជបណ្ឌិត​សភា​ល្បុក្កតោ​កម្ពុជា ដែល​ក្រៅពី​បំផុស និង​ប្រមែប្រមូល​សមាសភាព​ថ្មី​ៗ​ឱ្យមក​ធ្វើ​ជា​ធនធាន​របស់​ល្បុក្កតោ ។ លោក​បន្ត​ថា​៖«​រាល់ថ្ងៃ​ខ្ញុំ​ចាស់​មែន សុខភាព​ប្រែប្រួល​មែន ប៉ុន្តែ​ខ្ញុំ​អត់​ដកខ្លួន​ពី​ល្បុក្កតោ​ទេ គឺ​នៅ​សកម្ម តែ​មក​ពី​ខ្ញុំ​ធ្វើ​តែ​ការងារ​ខាងលើ​ច្រើន​ជាង ទើប​អ្នកខ្លះ​ថា តា​សាន គឹ​ម​ស៊ា​ន អត់​មាន​សកម្មភាព​»​។

លោក​ថា ការងារ​របស់​លោក​មិនមែន​ត្រឹមតែ​បន្ត​បើក​ក្លិប​ដើម្បី​បង្ហាត់​​ក្មេង​ៗ​ដូច​ដើម ខណៈ​ដែល​លោក​ក៏​បាន​បណ្ដុះ​កូនប្រុស​ឱ្យ​បន្ត​តំណែង និង​ទើបតែ​រៀបចំ​ដឹកនាំ​អ្នក​ក្បាច់​គុន​ល្បុក្កតោ​រាប់​រយ​នាក់​ឱ្យ​ថត​ភាពយន្ត​រឿង​«​ព្រលឹង​ល្បុក្កតោ​»​ដើម្បី​បំផុស​ឱ្យ​កីឡា​មួយ​នេះ កាន់តែ​ជ្រួតជ្រាប​ដល់​ពិភពលោក ។ លោ​កថា​សព្វថ្ងៃ​នៅ​ពេល​លោក​កាន់តែ​ចាស់ ខួរក្បាល​កាន់តែ​មិនសូវ​ស្រឡះ​ដូច​មុន ប៉ុន្តែ​មិន​បាន​បន្ធូរ​ដៃ​ទេ គឺ​រឹតតែ​សកម្ម​ក្នុង​កីឡា​នេះ ដោយ​តាម​គម្រោង​គឺ​លោក​នឹង​តស៊ូ​នៅ​ក្នុង​វិស័យ​ល្បុក្កតោ​លុះណាតែ​កម្លាំង​លោក​ទៅ​លែង​រួច ។

លោក​ថា ខ្លួន​កាន់តែ​ចាស់ គឺ​កាន់តែ​សប្បាយ​នឹង​ដឹង​ឮ​ពី​ល្បុក្កតោ ជា​ពិសេស​សូ​ម្បី​តែ​ឃើញ​ក្មេង​ៗ កាន់តែ​ពូកែ កាន់តែ​ស្រឡាញ់​ល្បុក្កតោ ក៏​លោក​សប្បាយ និង​រំភើបចិត្ត​ដែរ ។ លោក​បាន​ថ្លែង​កោតសរសើរ​ក្មេង​ៗ នៅ​ក្នុង​កម្មវិធី​ប្រកួតប្រជែង​មុន​ថា ធ្លាប់តែ​បង្ហាត់​សិស្ស​មុន​ៗ រៀង​ពិបាក ដល់​ឃើញ​ក្មេង​ៗ​ឥឡូវ​ពូកែ​ៗ គឺ​រឹតតែ​លែង​ចង់​ឈឺ លែង​ចង់​ចាស់ ហើយ​មាន​កម្លាំងចិត្ត​ចង់​ស្លាប់​រស់​ជាមួយ​ល្បុក្កតោ​តែ​ម្ដង​។

លោក​និយាយ​ថា ក្មេង​ៗ​បច្ចុប្បន្ន​កាន់តែ​មាន​បច្ចេកទេស​ល្អ​ជាង​រៀមច្បង និង​សិស្ស​ដែល លោក​ធ្លាប់​បង្ហាត់​កន្លង​មក ។ លោក​បាន​ទាំង​បង្ហាញ​ការ​ភ្ញាក់ផ្អើល និង​រំភើប​នៅ​ពេល​ឃើញ​ក្មេង​ៗ​ទាំង​នោះ បង្ហាញ​ឱ្យ​លោក​ឃើញ​ពី​ឆន្ទៈ ក្នុង​ការ​លះបង់​ចង់​ហាត់​កីឡា​នេះ​ចេញពី​បេះដូង ដែល​លោក​បាន​ហៅ​សកម្មភាព​នេះ​ថា គឺជា​ការ​រួមចំណែក​អភិរក្ស និង អភិវឌ្ឍន៍​គុន​ល្បុក្កតោ ដែល​ជា​កេរ​ដំណែល​របស់​បុព្វបុរស​ខ្មែរ​ដ៏​សំខាន់​។

លោកគ្រូ​តា​ក្រមា​មាស សាន គឹ​ម​ស៊ា​ន​ប្រធាន​រាជបណ្ឌិត​សភា​ល្បុក្កតោ​កម្ពុជា​បន្ត​បញ្ជាក់​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​គុន​ល្បុក្កតោ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៩ ដែល ទើប​បញ្ចប់​ថា តាម​រយៈ​ការ​សង្កេត​កីឡាករ​កីឡាការិនី​ដែល​បង្ហាញខ្លួន​ឆ្នាំ​នេះ គឺ​មាន​សមត្ថ ភាព និង​បច្ចេក​ទេស​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​បើ​ធៀប​នឹង​ឆ្នាំ​មុន ។ អនុប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​រូប​នេះ​បាន​ប្រៀបធៀប​ថា កីឡាករ​បច្ចុប្បន្ន​មាន​បច្ចេកទេស​ល្អ​ជាង​រៀមច្បង​និង​សិស្ស​ជំនាន់​មុន​ៗ​ពិសេស​លើ​ការ​សម្តែង​ទ្វារ​មេ​គុន​ព្រលឹង​ល្បុក្កតោ ។

ដកស្រង់​សម្ដី​នៅ​ចំពោះ​មុខ​ថ្នាក់ដឹកនាំ​គ្រូ​ព្រឹទ្ធាចារ្យ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី ព្រឹទ្ធាចារ្យ​ក្រមា​មាស​រូប​នេះ​លើក​ឡើង​ដូច្នេះ​ថា ៖« ខ្ញុំ​ខាន​មើល​ចៅ​ៗ​ចៅទួត​ល្បុក្កតោ​តែ​មួយ​រយៈពេល​ខ្លី​ស្រាប់តែ​មក​មើល​លើក​នេះ​ភ្ញាក់ ផ្អើល​មែនទែន​! ល្អ​ណាស់ ជោគជ័យ​ល្បុក្កតោ !

ក្មួយ​ៗ​ចៅ​ៗ​បង្ហាញ​ស្នៀត​ទ្វារ​មេ​គុន​ព្រលឹង​ល្បុក្កតោ​ល្អ​ជាង​គ្រូ​ៗ​ផង ។ សំខាន់​ក្មួយ​ៗ​ធ្វើ​ចេញពី​ព្រលឹង​ជាតិ​ដែល​មាន​ក្នុង​បេះដូង​យើង​ទាំងអស់​គ្នា ។ ខ្ញុំ​ឃើញ​ក្មួយ​ៗ ចៅ​ៗ ទាំងអស់ ធ្វើ​ចេញពី​កម្លាំងចិត្ត កម្លាំងកាយ ចេញពី បេះដូង ខ្ញុំ​រន្ធត់​មែនទែន ! ខ្ញុំ​ស្ទើរតែ​មិន​ជឿ​ថា ព្រលឹង​ជាតិ​នេះ ខ្លាំងក្លា មិន​នឹក​ស្មាន​ដល់ » ។

ស្ថាបនិក​ល្បុក្កតោ ដែល​ជាទី​ប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រូប​នេះ​បន្ថែម​ថា​៖«​ពេល​ខ្ញុំ​បង្ហាត់​រៀមច្បង និង​គ្រូ​ពួក​យើង​ពី​មុន​ៗ មក ខ្ញុំ​គិត​ថា​ដូច​ជា​មិនសូវ​ល្អ​ប៉ុន្មាន​នោះ​ទេ មិនមែន​បង្អាប់​ទេ ។ ប៉ុន្តែ​ពេល​មក​ឃើញ​ការ​ប្រកួត​និង​សម្តែង​របស់​ចៅ​ៗ​ចៅទួត​បច្ចុប្បន្ន​គឺ​អស្ចារ្យ​មែន​ទែន ! ខ្ញុំ​យល់​ឃើញ​ថា អ្វី​ដែល​ខ្ញុំ​បាន​ខិតខំ​បង្ហាត់បង្រៀន​តាំងពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៩​មិន​នឹក​ស្មានថា អ្វី​ដែល​ខ្ញុំ​បាន​បង្កើត​និង​ខំប្រឹង​កន្លង​មក​លទ្ធផល​នៅ​ឆ្នាំ​នេះ​ជា​លទ្ធផល​ជោគជ័យ​ដ៏​អស្ចារ្យ​ចំពោះ​ខ្ញុំ » ។

ជាមួយ​ជំហរ​នេះ​ហើយ​ទើប​លោក​ប្រកាស​ថា អត់​រួញរា​ក្នុង​ការ​តស៊ូ និង​លះបង់​ដើម្បី​ល្បុក្កតោ​នោះ​ទេ ដរាបណា​លោក​នៅ​តែ​មាន​សមត្ថភាព​ដើរ​បាន អង្គុយ​បាន និង​មាន​កម្លាំង​រួមចំណែក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ