ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបក្រុមការងារនិងការរៀបចំវេទិការសាធារណៈប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀងដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ
ចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលនៅខេត្តស្វាយរៀងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។
ថ្លែងក្នុងឱកាសនោះ លោកជំទាវម៉ែន សំអន ក៏បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹកស្រឡាញ់រាប់អាន ។ លោកជំទាវក៏បានកោតសសើរចំពោះសមិទ្ធផលនិងលទ្ធផលការងាររបស់ខេត្តស្វាយរៀងដែលសម្រេចបានកន្លងក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ទន្ទឹមនឹងលទ្ធផលល្អបែបនេះក៏ដោយ លោកជំទាវក៏បានសំណូមពរឲ្យបន្តក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀងនិងអាជ្ញាធរខេត្តត្រូវធ្វើ គឺ ទី១-បន្តធ្វើវេទិការសារណៈជាខ្នាតតូចៗបានជាញឹកញាប់ឬធ្វើតាមខ្នងផ្ទះដើម្បីបានដឹងអំពីស្ថានភាពការលំបាកសំណូមពរនិងធ្វើការដោះស្រាយជូនពួកគាត់ ទី២-ត្រូវធ្វើអំពើល្អនិងផ្តល់សេវាសាធារណៈនិងសេវាសំណូមពរឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទទួលបានការគាំទ្រពីពួកគាត់ ទី៣-ត្រូវធ្វើការនិងពិភាក្សាគ្នាជាសមូហភាពឬជាក្រុមដើម្បីរួមគ្នាដោះស្រាយបញ្ហានិងសំណួរដែលប្រជាពលរដ្ឋលើកឡើងផ្អែកលើច្បាប់និងការពិត។ ក្នុងករណីមិនអាចដោះស្រាយបានត្រូវរាយការណ៍មកថ្នាក់លើ។
ទី៤-ត្រូវធ្វើឱ្យបានដូចអភិក្រមទាំងប្រាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ «ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនិងវះកាត់» និងបាវនា២គឺ «កែទម្រងខាងក្នុងនិងបង្កើតមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ»ដែលត្រូវចងចាំជានិច្ច។
ទី៥-ត្រូវតាមដានស្តាប់ប្រសាសន៍សុន្ទរកថារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រីដើម្បីធ្វើជាទុនចំណេះដឹងនិងធ្វើជាមូលដ្ឋានដើម្បីឆ្លើយបំភ្លឺដល់ប្រជាពលរដ្ឋនិងធ្វើប្រតិកម្មរហ័សវាយបកភ្លាមៗ រាល់ឧបាយកលញុះញង់បោកបញ្ឆោតរបស់ក្រុមប្រឆាំង ។
ទី៦-ត្រូវផ្សព្វផ្សាយអំពីសមិទ្ធិផលនិងស្នាដៃរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំ ជាពិសេសថ្នាក់ដឹកនាំកំពូលៗរួមមានសម្តេចនាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីនានាក្នុងវិស័យនយោបាយការទូតទំនាក់ទំនងអន្តរជាតិសេដ្ឋកិច្ចសង្គមកិច្ច និងការងារកំណែទម្រង់របស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ។
ទី៧-ត្រូវអប់រំសតិអារម្មណ៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាក់ទិននឹងបញ្ហាEBAព្រោះថាEBA គេនឹងដកទៅវិញនៅពេលដែលប្រទេសក្លាយទៅជាប្រទេសដែលមានការអភិវឌ្ឍន៍ និងទី៨-ក្រុមការងារត្រូវចុះតាមស្រុកគឺត្រូវចុះជួបជាមួយស្ត្រីក្នុងទិវាខួបលើកទី១០៩នៃទិវាអន្តរជាតិ៨មិនា ដែលនឹងឈានមកដល់នៅពេលខាងមុខស្របតាមទិសដៅរបស់រដ្ឋាភិបាលបានដាក់ចេញ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ