ខេត្តកំពត ៖ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតបានប្រារព្ធនូវកម្មវិធីបុណ្យមាឃបូជា ដែលកម្មវិធីនេះបានធ្វើឡើងជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្តងណាឡើយ ហើយការប្រារព្ធធ្វើនេះគឺធ្វើនៅប្រាសាទដើមពោធិ៍ ស្ថិតនៅក្នុងភូមិ ១ឧសភា សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត។
កម្មវិធីបុណ្យដ៏មហោឡារិកនេះបានប្រារព្ធឡើងដោយមានការអញ្ជើញពីសំណាក់លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមន្ត្រីសង្ឃ ព្រះសង្ឃ រួមនឹងលោក លោកជំទាវ អស់លោក-លោកស្រីជាថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងខេត្ត និងប្រជាពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតយ៉ាងច្រើនកុះករ ។
ពិធីបុណ្យមាឃបូជា គឺជាពិធីបុណ្យមួយដ៏មានសារៈសំខាន់បំផុតនៅក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយពិធីបុណ្យមាឃបូជានេះទៀតសោត គោលបំណងចម្បងគឺប្រារព្ធឡើង សម្រាប់រំលឹកដល់ថ្ងៃមហាមង្គលទាំងពីរនៃព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង ដែលទ្រង់ប្រជុំ ចតុរង្គសន្និបាតនិងប្រកាសដាក់ជន្មាយុសង្ខារ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ លោកជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាយើងមានបាវចនាជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាយើង តែងបានលើកកម្ពស់វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋទៀតផង។
លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់ព្រះសង្ឃ ប្រជាពុទ្ធបរិស័ទរួមនឹងថ្នាក់ដឹកនាំមន្ត្រីរាជការក្នុងខេត្តកំពតទាំងមូលដែលតែងតែបាននិមន្តនិងអញ្ជើញចូលរួម ប្រារព្ធធ្វើឡើងនៅកម្មវិធីបុណ្យសាសនាដ៏មានសារសំខាន់នេះ ជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។ ព្រោះថាព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ បានរួមរស់ជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រនិងអាណាចក្រ ព្រមទាំងថែរក្សាការពារអត្តសញ្ញាណជាតិបានយ៉ាងល្អទៀតផង ។
នាឱកាសនោះដែរ លោក ជាវ តាយ អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការមន្ទីរ អង្គភាពជុំវិញខេត្ត រួមនិងប្រជាពុទ្ធបរិស័ទបាននាំនូវបច្ច័យវេរប្រគេនព្រះសង្ឃក្នុង កម្មវិធីបុណ្យសរុបចំនួន១២លានរៀល ក្នុងនោះសម្រាប់បច្ច័យរបស់រដ្ឋបាលខេត្តមានប្រមាណចំនួន១០លានរៀល និងបានជូនថវិកាមួយចំនួនដល់កងកម្លាំងនាឱកាសនោះផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យកាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ គឺមានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃថ្នាក់ដឹកនាំខេត្តរួមនិងពុទ្ធបរិស័ទបានចូលរួមដង្ហែរក្បួនមាឃបូជាតាមដងផ្លូវក្នុងក្រុងកំពត និងធ្វើពិធីវេរគ្រឿងសក្ការៈបូជាស្វាធ្យាយចំរើនព្រះបរឹត្តនិងនិមន្តព្រះសង្ឃសម្ដែងព្រះធម៌ទេសនាគ្រែបី។ កម្មវិធីបុណ្យនេះគ្រោងនឹងបញ្ចប់នៅព្រឹកថ្ងៃអាទិត្យ ថ្ងៃទី ៩ខែកុម្ភៈ ឆ្នាំ ២០២០ ដោយមាននិមន្តព្រះសង្ឃធ្វើពិធីបិណ្ឌបាត្រចំនួន៥០០អង្គជាកិច្ចបង្ហើយបុណ្យផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ