ខេត្តកំពត ៖ ពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដែលរដ្ឋបាលខេត្តកំពតបានទទួលកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះនៅរដ្ឋធានីបង់ដាសេរីបេហ្គាវ៉ាន់ ប្រទេសប្រុយណេដារ៉ូសាឡឹម គឺជាអត្ថន័យនិងមោទនភាពប្រកបដោយកិត្តិយសសម្រាប់រដ្ឋបាលខេត្ត និងប្រជាជនក្នុងខេត្តកំពតទាំងមូល។
ដើម្បីជាការឆ្លើយតបទៅនឹងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនេះ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពតបានរៀបចំនូវព្រឹត្តិការណ៍ដង្ហែបង្ហាញជាសាធារណៈនូវពានរង្វាន់នេះ ក្រោមវត្តមានចូលរួមដឹកនាំក្បួនដង្ហែដោយលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត លោកជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួម ពីសំណាក់ លោក លោកជំទាវ លោក-លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និស្សិតប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។
លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងកំពត បានលើកឲ្យដឹងថា ទីក្រុងកំពត ពាក់ព័ន្ធទីក្រុងស្អាត រដ្ឋបាលក្រុងកំពតទទួលបានជ័យលាភីជាបន្តបន្ទាប់ក្នុងការប្រឡងប្រណាំងទីក្រុងស្អាត ថ្នាក់ជាតិលើកទី១ ឆ្នាំ (២០១៥-២០១៨) ដោយទទួលបានជ័យលាភីរំដួលបីទង ជាមួយគ្នានោះដែរក្រុងកំពតជាក្រុងបេក្ខភាពបដិសណ្ឋារកិច្ចល្អក្នុងការផ្ដល់សេវាសាធារណៈទទួលបានជ័យលាភីស្នាមញញឹម២ផងដែរ។
ដោយឡែកសម្រាប់ព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងមោទនភាពនាពេលនេះ គឺយោងតាមស្មារតីនៃការសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានជ្រើសរើសបេក្ខភាពឆ្នើមថ្មីចំនួន៦ដែលជាជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិទទួលពិន្ទុខ្ពស់ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ដែលមានសុពលភាព (ឆ្នាំ២០១៨-២០២១) ជាបេក្ខភាពក្នុងការប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២នេះមានចំនួន៦ គឺ ១-ក្រុងកំពត ខេត្តកំពត ២-ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៣-ក្រុងកំពង់ចាម ខេត្តកំពង់ចាម ៤-ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៥-ក្រុងតាខ្មៅ ខេត្តកណ្ដាល និង៦-ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ក្នុងចំណោមក្រុង-ខណ្ឌទាំង៦ខាងលើ មានក្រុងខណ្ឌចំនួន៣ ដែលទទួលបានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន ដែលមានសុពលភាព ពី(ឆ្នាំ២០២០-២០២២) នៅរដ្ឋធានីបង់ដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារ៉ូសាឡឹម កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ ២០២០ ក្នុងនោះមានក្រុងកំពតក៏ទទួលបានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ និងធ្វើពិធិដង្ហែជាសាធារណៈនៅពេលនេះផងដែរ ។
លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ក៏បានលើកបញ្ជាក់ថា ពានរង្វាន់ជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ ដែលខេត្តកំពតទទួលបាននៅរដ្ឋធានីបង់ដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារ៉ូសាឡឹម កាលពីថ្ងៃទី១៦ ខែមករាឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ គឺជាមោទនភាពសម្រាប់ប្រជាជន និងរដ្ឋបាលខេត្តកំពត ហើយក៏មិនមែនបានមកដោយភាពចៃដន្យនោះទេ តែវាពិតជាកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កិច្ចសហការល្អ និងការចូលរួមយ៉ាងសកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ប្រតិបត្តិករ ក្នុងអាជីវកម្មសេវាកម្មផ្សេងៗ បងប្អូនប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធនានា ក្នុងការជំរុញនិងរួមគ្នាធ្វើការអភិវឌ្ឍន៍ក្រុងរបស់យើង ដើម្បីឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យដែលបានកំណត់មានសុចនាករគោលចំនួន៧ សុចនាករលម្អិតចំនួន២៨ និង១០៨ លក្ខណៈវិនិច្ឆ័យដែលទាមទារឲ្យក្រុងខណ្ឌបេក្ខភាព ត្រូវតែបំពេញឱ្យខាងតែបានតាមលក្ខខណ្ឌវិនិច្ឆ័យនេះ។
ដូច្នេះដើម្បីរក្សាបាននូវជ័យលាភីទាំងឡាយដែលខេត្តកំពតមាន លោកជាវ តាយ អភិបាលខេត្តក៏បានអំពាវនាវដល់គ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ ផ្នែកឯកជន សង្គមស៊ីវិល គ្រប់ភាគីពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី សិស្ស និស្សិត ព្រះសង្ឃ និងអ្នកដឹកនាំសាសនាផ្សេងៗ ព្រមទាំង ភាគីពាក់ព័ន្ធនានា មេត្តាចូលរួមបន្តការគាំទ្រនិងចូលរួមអនុវត្តឲ្យបានផុលផុសថែមទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ សំដៅធានាបាននូវភាពស្អាត និងបៃតង ព្រមទាំងក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញផងដែរ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្តក៏បានថ្លែងអំណរគុណកោតសសើរដល់ប្រជាជនខេត្តកំពត ក្នុងការចូលរួមចំណែកមិនអាចខ្វះបាន ដើម្បីជាកម្លាំងចលករក្នុងការបំផុសស្មារតីមហាជន ពិសេសយុវជន យុវនារី ជំរុញនិងយកចិត្តទុកដាក់ខ្ពស់ ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បៃតង ការផ្ដល់នូវបដិសណ្ឋារកិច្ចល្អ លើការអភិវឌ្ឍន៍ និងការរីកចម្រើននៃសង្គមជាតិយើងនាពេលបច្ចុប្បន្ន ដែលកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់ល្អបរិបូណ៌ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យ សំដៅសម្រេចបានតាមបំណងប្រាថ្នា ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជន កាត់បន្ថយបានការលំបាក ការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពទីក្រុង ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ កិច្ចការពារនិងអភិរក្សធនធានធម្មជាតិជាដើម ដែលសកម្មភាពជាក់ស្ដែងខាងលើនេះធ្វើឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសំរាប់កម្ពុជាយើង៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ