ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្លង់​វែង​អតីត​សមរភូមិ​ប្រយុទ្ធ​ ប្រែ​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ សំខាន់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ស្រាវជ្រាវ និង​រៀបចំ​តំបន់​អន្លង់​វែង​ឲ្យ​ប្រែក្លាយ​ពី​អតីត​តំបន់​សមរភូមិ​បង្ហូរឈាម​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។ កាលពី​ពេល ថ្មី​ៗ​ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ សំខាន់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ស្រាវជ្រាវ និង​រៀបចំ​តំបន់​អន្លង់​វែង​ឲ្យ​ប្រែក្លាយ​ពី​អតីត​តំបន់​សមរភូមិ​បង្ហូរឈាម​ទៅ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ។

កាលពី​ពេល ថ្មី​ៗ​ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព លោក​ជុក ជំនោរ ប្រធាន​​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា កម្ពុជា​គឺជា​គោលដៅ​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ក៏​ពិតមែន ប៉ុន្តែ​ក៏​ត្រូវ​ផ្សារ​ភ្ជាប់​ជាមួយ​គោលដៅ​ទេសចរណ៍​បែប​ប្រវត្តិ​សាស្ត្រ​ផង​ដែរ ព្រោះ​កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​ជា​ច្រើន​ទស​វត្ស ។ ជាក់ស្តែង​តំបន់​អន្លង់​វែង​គឺជា​តំបន់​សមរភូមិ​បង្ហូរឈាម​ចុង​ក្រោយ​រវាង​កងទ័ព​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​កងទ័ព​ខ្មែរក្រហម ហើយ​ក៏​ជាទី​តាំង​ដ៏​រឹង​មាំ​របស់​មេបញ្ជាការ​ខ្មែរក្រហម​ដ៏​ល្បីល្បាញ​គឺ​តា​ម៉ុ​ក ។

ដោយ​មើលឃើញ​អំពី​សក្តានុពល​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ​នៃ​តំបន់​នោះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ជា​គោលការណ៍​កំណត់​ទីតាំង​តំបន់​អន្លង់​វែង​ចំនួន​៤​ចំណុច សំខាន់​ៗ ដែល​រួម​មាន សារមន្ទីរ​, ផ្ទះ​តា​ម៉ុ​ក​, ឃ្លាំង​គ្រាប់ និង​បឹង​អន្លង់​វែង រួម​ទាំង​ការដ្ឋាន​មួយ​ចំនួន​នៅ​តំបន់​នោះ ។ យោង​តាម​ការ​សម្រេច​នោះ​ក្រសួងទេសចរណ៍​ក្នុង​នាម​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា របស់​លោក​ឆាំង យុ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ស្រាវជ្រាវ និង​រៀបចំ​តំបន់​អន្លង់​វែង ស​ម្ដៅ​ប្រែ​ក្លាយជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ។

លោក​ជុក ជំនោរ ឲ្យ​ដឹង​ថា តំបន់​អន្លង់​វែង​អាច​ចាត់ទុកជា​សមរភូមិ​ចុង​ក្រោយ​របស់​អតីត​មេបញ្ជាការ​ខ្មែរក្រហម ហើយ​បន្ទាប់​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាម​បង្ហូរឈាម​នា​ឆ្នាំ​១៩៩៨​មក តំបន់​អន្លង់​វែង​បាន​ប្រែក្លាយ​ពី​តំបន់​សមរភូមិ​ប្រយុទ្ធ ហើយ​ពោរពេញ​ដោយ​គ្រាប់រំសេវ​អាវុធ​យុទ្ធភណ្ឌ​គ្រាប់​មិន​ទាន់​ផ្ទុះ ក្លាយជា​តំបន់​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ហើយ​ក្នុង​នោះ​ក៏ លេច​ទៅ​ជា​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ថែម​ទៀត ។

តំបន់​អន្លង់​វែង​គឺជា​ស្នាក​ស្នាម​នៃ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចង់​ឈ្វេងយល់​ដឹង ។ ដូច្នេះ​ហើយ​បានជា​ក្រសួងទេសចរណ៍​យកចិត្តទុកដាក់​រៀបចំ​តំបន់​នោះ​ឡើង​វិញ សំខាន់​រៀបចំ​នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ សំខាន់​ៗ ដូច​ជា ផ្ទះ​តា​ម៉ុ​ក​ដែល​ត្រូវ​ជួសជុល​ឡើង​វិញ ។

ទន្ទឹម​នឹង​យកចិត្តទុកដាក់​រៀបចំ​ឡើង​វិញ​នូវ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​នៅ​តំបន់​អន្លង់​វែង​នោះ យើង​ក៏​មានការ​ផ្សព្វផ្សាយ​អំពី​សក្កា​នុ​ពល​ទេសចរណ៍​នៃ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ជា​បន្តបន្ទាប់ ករណី​ដូច​ជា​ឆ្នាំ​កន្លង​ទៅ​នេះ​បាន​សហការ​គ្នា​រៀបចំ​នូវ​ព្រឹត្តិការណ៍​ធំ​មួយ គឺ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្លង់​វែង​ក្រោម​ប្រធានបទ «​ថ្មើរជើង​ប្រវត្តិសាស្ត្រ » ដោយ​មាន​អ្នកចូលរួម​ជិត​២០០០​នាក់ ក្នុង​នោះ​មាន​ទាំង​កម្ពុជា​-​ថៃ រួម​ទាំង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មួយ​ចំនួន​ទៀត ។ ដោយឡែក​ឆ្នាំ​នេះ​គ្រោង​រៀបចំ​ម្តងទៀត​នៅ ថ្ងៃ​ទី​៧-៩ ខែកុម្ភៈ ដោយ​រំពឹង​ថា នឹង​មានការ​ចូលរួម​ពី​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ជាង​មុន ។

ប្រភព​ដដែល​បន្ត​ថា ទន្ទឹម​នឹង​ការងារ​នោះ​ខាង​ក្រសួងការពារជាតិ​ក៏​គ្រោង​នឹង​សាងសង់​ស្តូប​អនុស្សាវរីយ៍​ឈ្នះ​-​ឈ្នះ​មួយទៀត​នៅ​តំបន់​អន្លង់​វែង ដែល​រំពឹង​ថា ស្តូប​អនុស្សាវរីយ៍​ឈ្នះ​-​ឈ្នះ​នឹង​ជួយ​បន្ថែម​នូវ​ភាព​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ទៅ​កាន់​តំបន់​នោះ ។ ដូច្នេះ​រំពឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​កាន់តែ​ច្រើន​បន្តបន្ទាប់​នឹង​ទៅ​កាន់​តំបន់​នោះ ។

តាម​ការ​អះអាង​របស់​លោក​ជុក ជំនោរ ការ​រៀបចំ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នេះ មិន​គ្រាន់តែ​យកចិត្តទុកដាក់​រៀបចំ​តែ​តំបន់​អន្លង់​វែង​នោះ​ទេ ប៉ុន្តែ​តំបន់ សំខាន់​ៗ​ជា​ច្រើន​ទៀត ដែល​មាន​សក្តានុពល​ខាង​វិស័យ​ទេសចរណ៍​ប្រវត្តិសាស្ត្រ​នោះ ក៏​ត្រូវ​រៀបចំ​ជា​បន្តបន្ទាប់​ផង​ដែរ ហើយ​កម្ពុជា​មាន​ច្រើន​កន្លែង​ណាស់​សម្រាប់​រៀបចំ​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ ។

តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់​វែង​ស្ថិត​នៅ​ឃុំ​ត្រពាំង​ប្រៃ​យ៍ និង​ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ក្នុង​គោលបំណង​អភិរក្ស​ការពារ​បរិស្ថាន​ធម្មជាតិ និង​អភិវឌ្ឍ​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ​៣៥ អន​ក្រ​.​បក ចុះ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១០ ដោយ​បាន​កំណត់​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់​វែង​ជា​២​តំបន់ រួម​មាន​៖

១.​តំបន់​«​ក​»៖​ជា​តំបន់​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​លើ​ជួរ​ភ្នំ​ដងរែក ដែល​មាន​តំបន់​ទេសចរណ៍​ប្រវត្តិ​សាស្ត្រ តូច​ៗ​ចំនួន​៦​ដាច់​ដោយឡែក​ពី​គ្នា និង​មាន​ផ្ទៃដី​សរុប​១២៤,៦៣៦​ហិ​កតា ដែល​ក្នុង​នោះ​រួម​មាន​៖ តំបន់ «​ក​១» កន្លែង​ដុត​ខ្មោច​ប៉ុ​ល ពត ដែល​មាន​ទំហំ​១,២០៧​ហិ​កតា ។ តំបន់ «​ក​២» កន្លែង​កាត់​ទោ​សប៉ុល​ពត ដែល​មាន​ទំហំ​០,៤៤៩​ហិ​កតា ។ តំបន់ «​ក​៣»​ផ្ទះ​តា​ម៉ុ​ក ផ្ទះ​កណ្តាល​លើ​ខ្នងភ្នំ​ដងរែក ដែល​មាន​ទំហំ​៣,០២៥​ហិ​កតា ។ តំបន់ «​ក​៤» កន្លែង​ច្នៃ​គ្រាប់កាំភ្លើង​លើ​ភ្នំ​២០០ ដែល​មាន​ទំហំ​១,១៤២​ហិ​កតា ។ តំបន់ «​ក​៥»​ផ្ទះ​ប៉ុ​ល​ពត ផ្ទះ​ខៀវ សំ​ផ​ន (​ក្បាល​អ​ន្សោ​ង​) ដែល​មាន​ទំហំ​១១៧,០៦១​ហិ​កតា ។ តំបន់ «​ក​៦»​ឃ្លាំង​ដាក់​សម្ភារ​លើ​ភ្នំ ដែល​មាន​ទំហំ ១,៧៥២​ហិ​កតា ។

២.​តំបន់​«​ខ​»:​ជា​តំបន់​ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​លើ​ខ្ពង់រាប និង​ជើងភ្នំ​ដងរែក​ដែល​មាន​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​៨ ដាច់​ៗ​ពី​គ្នា ដែល​មាន​ផ្ទៃដី​សរុប​៤៣១,៧៣១​ហិ​កតា ដែល​ក្នុង​នោះ​រួម​មាន ៖ តំបន់ «​ខ​១»​កន្លែង​ដុត​ខ្មោច​សុ​ន សេន ដែល​មាន​ទំហំ​០,០៦២​ហិ​កតា ។ តំបន់ «​ខ​២» ស្រែ​គំរូ ដែល​មាន​ទំហំ ៤,៨១២​ហិ​កតា​។ តំបន់ «​ខ​៣» ទីតាំង​ការដ្ឋាន​ដឹក​ជញ្ជូន​តា​ម៉ុ​ក ដែល​មាន​ទំហំ​០,២២​ហិ​កតា ។

តំបន់ «​ខ​៤» បឹង​អន្លង់​វែង ដែល​មាន​ទំហំ​៤១៧​ហិ​កតា​។ តំបន់ «​ខ​៥» ផ្ទះ​តា​ម៉ុ​ក សារមន្ទីរ​តា​ម៉ុ​ក ដែល​មាន​ទំហំ ១,៦១៤​ហិ​កតា ។ តំបន់ «​ខ​៦» មន្ទីរពេទ្យ​តា​ម៉ុ​ក ដែល​មាន​ទំហំ ៣,៦៣២​ហិ​កតា តំបន់ «​ខ​៧» សាលារៀន​តា​ម៉ុ​ក ដែល​មាន​ទំហំ ៤,៨៣​ហិ​កតា ។ តំបន់ «​ខ​៨» ស្ពាន​តា​ម៉ុ​ក ដែល​មាន​ទំហំ​០,០៥៩​ហិ​កតា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ