ប្រទេសតួកគី ៖ យោងតាម AFP បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់តួកគីជាមួយមនុស្សជិះជាង១៨០នាក់ បានបាក់ជា៣កំណាត់ក្រោយរត់ហួសផ្លូវពេលចុះចត កាលពីថ្ងៃទី៥ ខែកុម្ភៈ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល បណ្ដាលឲ្យមនុស្ស៣នាក់ត្រូវបាត់បង់ជីវិត ហើយមនុស្សច្រើនសិបនាក់ទៀតរងរបួស ។

យោងតាមបណ្ដារូបភាពផ្សាយដោយទូរទស្សន៍ CNN-TUCK បង្ហាញតូយន្តហោះប៊ូអ៊ីង 737 ជារបស់ក្រុមហ៊ុនអាកាសចរណ៍ឯកជនតួកគី PEGASUS បានបាក់ជា៣ ហើយឆេះ បន្ទាប់ពីចុះរត់ធ្លាក់ផ្លូវ នៅព្រលានយន្តហោះអន្តរជាតិ SABIHA GOKCEN ស្ថិតនៅត្រើយខាងអាស៊ីនៃក្រុងអ៊ីស្តង់ប៊ុល ។
ប្រភពព័ត៌មានបានផ្សាយថា យន្តហោះនេះហោះមកពីទីក្រុងអ៊ីស្មៀរភាគខាងលិចតួកគី បានជួបគ្រោះថ្នាក់បណ្តាលមកពីលក្ខខណ្ឌអាកាសធាតុអាក្រក់ ។ ជនជាតិតួកគី៣នាក់បានបាត់បង់ជីវិត ហើយអ្នកដំណើរ១៧៩នាក់រងរបួស ។

ទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី ANADOLU រាយការណ៍ថា យន្តហោះនោះដឹកអ្នកដំណើរ១៧៧នាក់ និងសមាជិកក្រុមយានិក៦នាក់មិនមែនដឹកមនុស្សតែ១៧៧នាក់ ដូចការអះអាងនាពេលមុន ដោយអាជ្ញាធរតួកគីឡើយ។ តាម AFP ថា យន្តហោះនេះបានបាក់ជា៣ ក្រោយរត់ចេញពីផ្លូវ។ ផ្នែកខាងមុខដែលមានកាប៊ីន និងបណ្ដាកៅអីជួរមុខបានបាក់ចេញពីតួយន្តហោះហើយក្រឡាប់។ កង់ទី២ បាក់ជាកង់ត្រង់ផ្នែកកណ្ដាល ហើយផ្នែកទី៣មានជួរកៅអីចុងក្រោយ១០និងកន្ទុយយន្តហោះ ។

អភិបាលក្រុងអ៊ីស្តង់ប៊ុលលោក យ័រលីនកាយ៉ាគូស បញ្ជាក់ថា យន្តហោះនេះបានរត់ក្នុងចម្ងាយ៦០ម៉ែត្រក្រោយចេញពីផ្លូវ មុនពេលធ្លាក់ពីកម្ពស់រវាងពី៣៩ទៅ៤០ម៉ែត្រ ។ តាមបណ្ដាសារព័ត៌មានតួកគីថា ជនជាតិបរទេសច្រើននាក់ជិះក្នុងយន្តហោះនោះ តែសញ្ជាតិពួកគេនៅពុំទាន់បញ្ជាក់នៅឡើយនាពេលយប់។

អ្នកជួយសង្គ្រោះច្រើនសិបនាក់បានប្រមូលផ្ដុំគ្នាជុំវិញយន្តហោះ ក្រោមដំណក់ទឹកភ្លៀងដែលធ្លាក់ខ្លាំង ចំណែកអ្នកសង្គ្រោះមួយចំនួនបានចូលក្នុងជាមួយភ្លើងបំភ្លឺ។ អណ្ដាតភ្លើងដែលឆេះត្រូវបានពន្លត់ដោយក្រុមអ្នកពន្លត់ភ្លើង ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា) វីដេអូដកស្រង់ចេញពី ៖ CNEWS

ចែករំលែកព័តមាននេះ