រាជធានីភ្នំពេញ ៖ ក្នុងចំណោមប្រទេសនៅអាស៊ាន កម្ពុជាទើបតែមានឱកាសទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅឆ្នាំ២០២៣ប៉ុណ្ណោះ ។ ជាមួយគ្នានេះមានការយល់ឃើញជាច្រើនថា ការរៀបចំរបស់កម្ពុជា អាចនឹងខ្វះចន្លោះព្រោះតែមិនមានបទពិសោធន៍ គ្រប់គ្រាន់ ។ ប៉ុន្តែផ្អែកតាមវត្តមានពហុកីឡដ្ឋានមរតកតេជោដែលជាពហុកីឡដ្ឋានលំដាប់អន្តរជាតិកំពុងត្រូវបានគេពន្លឿនការសាងសង់ និងប្រកាសរួចរាល់នៅចុងឆ្នាំនេះ មន្ត្រីកម្ពុជាហាក់មានជំនឿចិត្តខ្ពស់ថា កម្ពុជានឹងអាចធ្វើបានយ៉ាងល្អ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ថ្វីដ្បិតកម្ពុជាគ្មានបទពិសោធធ្វើស៊ីហ្គេមកន្លងមក តែកម្ពុជានឹងរៀបចំព្រឹត្តិការណ៍មួយនោះឱ្យបានល្អ ។ លោកថា ក្ដីកង្វល់គឺពាក់ព័ន្ធតែរឿងកន្លែងប្រកួតប៉ុណ្ណោះ ប៉ុន្តែបើកន្លែងប្រកួតមានគ្រប់គ្រាន់គឺលែងជាបញ្ហាហើយ ដោយសារតែបច្ចេកទេសក្នុងការរៀបចំ កម្ពុជាក៏រៀនសូត្រពីប្រទេសដែលមានបទពិសោធន៍ និងមានគណៈកម្មការអន្តរជាតិចុះមកបង្វឹកយ៉ាងដុតដៃដុតជើង ។ លោកថា កម្ពុជានឹងមិនពិបាកធ្វើជាម្ចាស់ផ្ទះនោះទេ ដោយសារកម្ពុជាមានទីតាំងប្រកួតដែលមានសក្ដានុពលដល់ទៅ២ គឺស្តាតអូឡាំពិក និងពហុកីឡដ្ឋានមរតកតេជោ។
គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនដែលប្រើទុនចំណាយអស់១៥០លានដុល្លារ និងគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ ។ ពហុកីឡដ្ឋាននេះត្រូវបានគេចាត់ទុកថាគឺជាមរតកដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងន័យបង្ហាញពីចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងស្អិតល្មួតរវាងកម្ពុជា-ចិន ។
ពហុកីឡដ្ឋាននេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា សាងសង់នៅលើផ្ទៃដីទំហំជាង១៦ហិកតាដែល អាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់ ដោយមានការរំពឹងយ៉ាងខ្លាំងថា នឹងក្លាយជាពហុកីឡដ្ឋានមួយជួយឱ្យកម្ពុជាមានមុខមានមាត់លើឆាកអន្តរជាតិនៅឆ្នាំ២០២៣។ អ្នកជំនាញបានអះអាងថា ជាសមិទ្ធផលទី២របស់ពហុកីឡដ្ឋានជាតិមរតកតេជោនឹងបញ្ចប់ការសាងសង់ដូចការគ្រោងទុកនៅចុងឆ្នាំ២០២០ ដោយបច្ចុប្បន្នសម្រាប់ការស្ថាបនា គឺបានប្រមាណ៧០ទៅ៨០ ភាគរយហើយ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប្រាប់ដល់អ្នកសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ ។ មន្ត្រីពាក់ព័ន្ធទាំងអស់បានទាំងចាត់ទុកថានេះជាសមិទ្ធផល ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់រដ្ឋាបាលចិនមកលើកម្ពុជា ក្នុងសម័យតេជោនោះផង។
លោក វ៉ាត់ ចំរើន និយាយថា កម្ពុជានឹងបន្តការពន្លឿនក្នុងការសាងសង់ កីឡដ្ឋានបាល់ទាត់ មរតកតេជោដើម្បីឱ្យលទ្ធផលរួចរាល់ត្រូវបានស្ដែងឡើង ។ លោកថា ការសាងសង់ក្នុងប៉ុន្មានឆ្នាំមកនេះ គឺទទួលបានលទ្ធផលវិជ្ជមានដូចការកំណត់ ដោយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ការសាងសង់នឹងចប់សព្វគ្រប់ ។ លោកថា បច្ចុប្បន្នការសាងសង់សម្រេចបានដល់៧០ទៅ៨០ភាគរយហើយ ខណៈដែលភាគរយបន្ថែមគឺនៅតែដេគ័រ និងផ្នែកកែលម្អតែប៉ុណ្ណោះ។
លោកថា ជាងជំនាញនៅតែបន្តពន្លឿនការសាងសង់ ហើយការសាងសង់នៅតែបន្តិចទៀតទេនឹងចប់សព្វគ្រប់ទាំងគ្រោងការតុបតែងនិងបំពាក់សម្ភារផ្សេងៗ ដូច្នេះការសាងសង់នឹងបញ្ចប់ដូចការគ្រោងទុក ។ លោក វ៉ាត់ ចំរើន បន្តថា កម្ពុជាត្រូវតែមានពហុកីឡដ្ឋានល្អមួយកម្រិតអន្តរជាតិ ដើម្បីមុខមាត់វិស័យកីឡារបស់ខ្លួន។
គួរបញ្ជាក់ផងដែរថា កីឡដ្ឋានលំដាប់អន្តរជាតិមរតកតេជោ គឺជាបច្ចេកវិទ្យាចុងក្រោយរបស់ចិន ដែលជួយសាងសង់លើផ្ទៃដីជាង១៦ហិកតាឱ្យកម្ពុជា ដោយគម្រោងនេះគ្រោងចំណាយថវិកាប្រមាណ១៥៨លានដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន។ កីឡដ្ឋាននេះអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់និងអាចជម្លៀសទស្សនិកជនត្រឹមរយៈពេល៧នាទីក្នុងករណីមានហេតុការណ៍មិនប្រក្រតីកើតឡើង ។
ក្នុងពិធីសម្ពោធដំឡើងបង្គំកៅអីអង្គុយកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វិស្វករចិនដែលជាអ្នកទទួលបន្ទុកសាងសង់កីឡដ្ឋាននេះ បានលើកឡើងថា ការដំឡើងបង្គំកៅអីនីមួយៗមានភាពលម្អៀងបូកឬដកពីរសង់ទីម៉ែត្រតែប៉ុណ្ណោះ ។ បង្គំកៅអីនេះមានសភាពរលោងរចនាឡើងជាមួយបច្ចេកវិទ្យា ទំនើបចុងក្រោយរបស់ចិន និងមានបំពាក់QRកូដដើម្បីត្រួតពិនិត្យគុណភាពទៀតផង ។
លោក វ៉ាត់ ចំរើន បន្តថា ទំនាក់ទំនងរវាងកម្ពុជា-ចិន ប្រៀបបានទៅនឹងដែកថែមដែលគ្មានអ្នកណាអាចបំបែកបំបាក់បានឡើយ ។ លោកថា កម្ពុជាមានទំនាក់ទំនងផ្នែកកីឡាជាមួយចិនតាំងពីជំនាន់សម្តេចព្រះបរមរតនកោដ្ឋនរោត្តម សីហនុ មកម្លេ៉ះតាមរយៈការជួយកសាងបុរីកីឡា និងរៀបចំព្រឹត្តិការណ៍កីឡាGanefo នៅឆ្នាំ១៩៦៦ ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់មានប្រសាសន៍កន្លងមកថា ការជួយ សាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោគឺបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនក្នុងការរួមចំណែកជួយអភិវឌ្ឍនៅកម្ពុជា។
កីឡដ្ឋាននេះសាងសង់ក្រោមរចនាបថខ្មែរមានរាងដូចសំពៅដែលបង្ហាញពីសន្តិភាព មិត្តភាពដ៏រឹងមាំនិងយូរអង្វែងរវាងកម្ពុជា-ចិនទាំងផ្នែកនយោបាយ និងពាណិជ្ជកម្ម ។ តាមរយៈកីឡដ្ឋាននេះ វាបានផ្តល់ការងារ និងជួយបណ្តុះបណ្តាលជំនាញវិស្វកម្មដល់ពលរដ្ឋខ្មែរជាច្រើនផងដែរ ។ ក្នុងចំណោមវិស្វករនិងកម្មករសរុបចំនួន៥៨០នាក់មានជនជាតិកម្ពុជាចំនួន២៤២នាក់ ។ ត្រង់ចំណុចនេះ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ខាងលើបានថ្លែងអំណរគុណដល់ខាងវិស្វករចិន ដែលបានចែករំលែកបទពិសោធដល់ប្រជាជនកម្ពុជា ។
កីឡដ្ឋានដែលជាសមិទ្ធផលធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងអំឡុងពេលសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលមួយចំនួនដែលទើបសាងសង់រួច ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ