ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ហេតុ​អ្វី​បានជា​ប្រាសាទតាព្រហ្ម​មាន​ដើមឈើ​ដុះ​សង្កត់ពីលើ ?

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រាសាទតាព្រហ្ម​រង​ការ​ទ្រុឌទ្រោម​ប្រមាណ​៥០% ព្រមទាំង​មាន​ដើមឈើ​ដុះ​សង្កត់ពីលើ​ទៀត ។ ច​ម្ង​ល់​ជា​ច្រើន​របស់​អ្នកទេសចរ​ទាំង​បរទេស និង​ខ្មែរ ចំពោះ​ប្រាសាទបុរាណ​ដ៏​មាន​តម្លៃ តែ​មាន​ដើមឈើ​ដុះ​ពីលើ​បែប​នេះ ។ បើ​គេ​ធ្វើ​ដំណើរ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ឆ្ពោះទៅ​កាន់​ប្រាសាទអង្គរវត្ត

ខេត្តសៀមរាប ៖ ប្រាសាទតាព្រហ្ម​រង​ការ​ទ្រុឌទ្រោម​ប្រមាណ​៥០% ព្រមទាំង​មាន​ដើមឈើ​ដុះ​សង្កត់ពីលើ​ទៀត ។ ច​ម្ង​ល់​ជា​ច្រើន​របស់​អ្នកទេសចរ​ទាំង​បរទេស និង​ខ្មែរ ចំពោះ​ប្រាសាទបុរាណ​ដ៏​មាន​តម្លៃ តែ​មាន​ដើមឈើ​ដុះ​ពីលើ​បែប​នេះ ។ បើ​គេ​ធ្វើ​ដំណើរ​ពី​ទីប្រជុំជន​ក្រុង​សៀមរាប​ឆ្ពោះទៅ​កាន់​ប្រាសាទអង្គរវត្ត និង​បន្តដំណើរ​ទៅ​មុខ​រហូត​ដល់​ប្រាសាទបាយ័ន រួច​បត់​ទៅ​ខាងស្តាំ​ប្រមាណ​ជា​២​គីឡូម៉ែត្រ គេ​នឹង​ឃើញ​ប្រាសាទ​ដ៏​ស្រស់​ស្អាត​គឺ​ប្រាសាទតាព្រហ្ម ស្ថិត​នៅ​ភូមិ​ស្រះស្រង់​ខាងត្បូង សង្កាត់​នគរធំ ក្រុង​សៀម​រាប។

ប្រាសាទតាព្រហ្ម​ឈ្មោះ​ដើម​ហៅ​ថា «​រាជ​វិហារ​» កសាង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វ័​រ្ម​នទី​៧ នា​ឆ្នាំ​១១៨៦ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​ព្រះ​មាតា​ទ្រង់ ដែល​ធ្វើ​រូប​ស្នង​ជា «​ប្រាជ្ញ​បារមី​មាតា​» តម្កល់​នៅ​ប្រាង្គ​កណ្តាល ។ ជា​ធម្មតា​ប្រាសាទ​នៅ​ក្នុង​តំបន់​អង្គរ ភាគច្រើន​ក្រុម​សាលា​បារាំង​ចុង​បូព៌ា​ប្រទេស បាន​កាប់​ឆ្ការព្រៃ និង​ជួសជុល ប៉ុន្តែ​ដោយឡែក​ប្រាសាទតាព្រហ្ម ពុំ​បាន​ជួសជុល​ទេ ។ នេះ​ជា​ចេតនា​ដែល​គេ​ទុក​ឱ្យ​ឃើញ​ភស្តុ​តាង​នៃ​ការ​ខូចខាត​របស់​ប្រាសាទ​ដោយសារ​អាយុកាល ធម្មជាតិ និង មនុស្ស​។ ហេតុ​ដូច្នេះ​ហើយ បានជា​ប្រាសាទតាព្រហ្ម មាន​ថ្ម​រប៉ាត់រប៉ាយ និង​មាន​ដើមឈើ ធំ​ៗ​ដុះ​ចាក់​ពីលើ​ប្រាសាទ ។ ជាក់ស្តែង ដើមឈើ​មួយ​ដើម​ធំ​ដែល​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ចិត្ត​ទស្សនា ព្រមទាំង​ផ្តិត​យក​រូបភាព​នោះ គឺ​ដើម​«​ស្ពង់​» ។

ម​គ្គុ​ទ្ទេស៍​ទេសចរ​ភាសា​បារាំង លោក​ឌី កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ប្រាសាទតាព្រហ្ម​ត្រូវ​គេ​បោះបង់​ចោល​អស់​រយៈពេល​៤០០​ឆ្នាំ ព្រោះ​កាលពី​សម័យ​នោះ ព្រះមហាក្សត្រ​តែង​ផ្លាស់​ពី​នគរ​មួយ​ទៅ​នគរ​មួយ ទើប​បណ្ដាល​ឱ្យ​ដើមឈើ​តូច​ធំ​ដុះ​លើ​ប្រាសាទ ។ រហូត​ដល់​សម័យ​អាណានិគម​បារាំង​នា​ឆ្នាំ​១៨៦៣ ទើប​គេ​ចាប់ផ្ដើម​បោសសម្អាត​ប្រាសាទ ដូច​ជា​កាប់​ដើមឈើ​តូច​ធំ​ចេញ ។

អ្នកទេសចរ​ជា​ច្រើន​ដែល​ទៅ​កម្សាន្ត​នៅ​ប្រាសាទតាព្រហ្ម​បាន​កោតសរសើរ​ថា ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​នេះ​ស្រស់​ស្អាត និង​នៅ​គង់វង្ស​យូរអង្វែង សម្រាប់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ទស្សនា ។ អ្នកទេសចរ​ម្នាក់​និយាយ​ថា ប្រាសាទតាព្រហ្ម​មាន​សោភ័ណ​ភាព​គួរ​ឱ្យ​ចង់​គយគន់ ៕