ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបិយ​ជំនឿ​ជាការជឿ​មិន​សម​ហេតុផល

4 ឆ្នាំ មុន

បច្ចុប្បន្ន​សង្គមមនុស្ស​មានការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ ទាំង​ការ​គិត ការ​ពិចារណា ការ​វិភាគ និង​វាយតម្លៃ​តាម​បែប​ទស្សនវិជ្ជា​, ការ​ចងក្រង​ទ្រឹស្តី​និង​រូបមន្ត​បែប​វិទ្យាសាស្ត្រ ទាំង​ការ​បង្កើត​ថ្មី​ខាង​វិទ្យាសាស្ត្រ​ជា​ច្រើន​ទៀត សម្រាប់​បំពេញតម្រូវការ​របស់​មនុស្ស ។ តែ​ទោះបីជា​យ៉ាងនេះ​ក៏​ដោយ…

បច្ចុប្បន្ន​សង្គមមនុស្ស​មានការ​អភិវឌ្ឍ​ស្ទើរ​គ្រប់​វិស័យ ទាំង​ការ​គិត ការ​ពិចារណា ការ​វិភាគ និង​វាយតម្លៃ​តាម​បែប​ទស្សនវិជ្ជា​, ការ​ចងក្រង​ទ្រឹស្តី​និង​រូបមន្ត​បែប​វិទ្យាសាស្ត្រ ទាំង​ការ​បង្កើត​ថ្មី​ខាង​វិទ្យាសាស្ត្រ​ជា​ច្រើន​ទៀត សម្រាប់​បំពេញតម្រូវការ​របស់​មនុស្ស ។ តែ​ទោះបីជា​យ៉ាងនេះ​ក៏​ដោយ ក៏​ចំណេះដឹង​ថ្មី​ទាំង​អស់នោះ​មិន​បាន​ជ្រួតជ្រាប​ចូល​ទៅ​ក្នុង​ស្មារតី​របស់​មនុស្ស​គ្រប់​រូប​ដោយ​ស្មើ​ៗ​គ្នា​ឡើយ ហើយ​ចំណេះដឹង​ថ្មី​ទាំង​អស់នេះ​ក៏​មិន​អាច​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​បាន​ទាំងស្រុង​ដែរ ។ ឯ​វិទ្យាសាស្ត្រ​វិញ ក៏​មិន​អាច​ជីក​កកាយ លាតត្រដាង​រាល់​អាថ៌​កំបាំង​ទាំងឡាយ និង​មិន​អាច​បកស្រាយ​បាន​រាល់​ច​ម្ង​ល់​របស់​មនុស្ស​បាន​ទាំងអស់​ដែរ ។ បញ្ហា​ទាំងនេះ​ហើយ​ដែល​ជំរុញ​ឱ្យ​មនុស្ស​មួយ​ចំនួន​ជា​ពិសេស​មនុស្ស​ចាស់​នៅ​តែ​ខ្វះ​ចំណេះដឹង សង្គមមនុស្ស​នៅ​តែ​មាន​បញ្ហា​ជួប​ការ​លំបាក​មិន​អាច​ដោះស្រាយ​បាន ហើយ​ក៏​នៅ​តែ​បន្ត​ជឿ​លើ​ជំនឿ​មិន​សម​ហេតុផល ឬ​អបិយ​ជំនឿ​នេះឯង ។

មាន​ហេតុផល​មួយ​ចំនួន​ដែល​នៅ​ពីក្រោយ​ជំនឿ​មិន​សម​ហេតុផល​នេះ​ដូច​ជា ការ​មិន​យល់​អំពី​ដំណើរ​ធម្ម​ជាតិ​, កា​រវិ​វ​ឌ្ឍ​របស់​ធម្មជាតិ​និង​បាតុភូត​ធម្មជាតិ​, ការ​មិន​យល់​ពី​ធម្មជាតិ​របស់​មនុស្ស មិន​យល់​ពី​តម្រូវ​ការ​សង្គម​, ក្រឹត្យក្រម​សង្គម​, ល្បិច​សង្គម​, បញ្ហា​នៃ​ជីវិត​ក្នុង​សង្គម និង​បញ្ហា​នៃ​ជីវិត​បុគ្គល​, មិន​យល់​ពី​ទំនាក់ទំន​ង​រវាង​ហេតុ​និង​ផល​នៅ​ក្នុង​ធម្មជាតិ​និង​ក្នុង​សង្គមមនុស្ស​, ក្នុង​ករណី​ខ្លះ​ទាំង​បុគ្គល​និង​សង្គម​នៅ​តែ​បន្ត​ជួប​បញ្ហា​ស្មុគស្មាញ​មិន​អាច​យល់​បាន និង​មិន​ទាន់​អាច​ដោះស្រាយ​បាន​, និង​មិន​យល់​ពី​របៀប​ដោះស្រាយ​បញ្ហា​ដែល​បង្ក​ឡើង​ដោយ​ធម្មជាតិ​និង​មនុស្ស ។

ដោយសារ​តែ​បញ្ហា​ទាំងអស់​ហ្នឹងហើយ​ទើប​កន្លង​មក​យើង​សង្កេត​ឃើញ​លេចឡើង​នូវ​ជនខិលខូច​មួយ​ចំនួន​ដែល​តាំងខ្លួន​ជា​គ្រូ​ស្រោច​ទឹក​ដ៏​ស័ក្ដិសិទ្ធិ​, តាំងខ្លួន​ជា​គ្រូ​ព្យាបាល​ជំងឺ​ដ៏​ស័ក្ដិសិទ្ធិ​ហើយ​បន្លំ​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​ផ្សេង​ៗ​លើ​អ្នកជំងឺ និង​នៅ​មានរឿង​រ៉ាង​បោកប្រាស​បែប​អបិយ​ជំនឿ​ជា​ច្រើន​រូបភាព​ទៀត ។

ដរាបណា​នៅ​មាន​អ្នក​ជឿ​លើ​ជំនឿ​មិន​សម​ហេតុផល ដរាប​នោះ​ជំនឿ​នេះ​នៅ​តែ​មាន​អត្ថិភាព​ក្នុង​សង្គមមនុ​ស្ស ។ ដរាបណា​នៅ​តែ​មាន​មនុស្ស​ដែល​ងាយ​ឱ្យ​គេ​បោកប្រាស ដរាប​នោះ​នៅ​តែ​មាន​ជន​បោកប្រាស​បន្ត​អា​ជីព ។ ដូចនេះ​ដំណោះស្រាយ​គឺ​យើង​ត្រូវ​រួម​គ្នា​លុប​បំបាត់​អ្នក​បោកប្រាស​ផង និង​ជួយ​ធ្វើ​យ៉ាងណា​ដើម្បី​កុំឱ្យ​មហាជន​ងាយ​ក្លាយទៅជា​កម្មវត្ថុ​នៃ​ការ​បោកប្រាស​របស់​ជនខិលខូច​ផង ។

សូម​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ងាយ​ជឿ​លើ​អ្វីមួយ​ដែល​មិន​សម​ហេតុផល មិន​ច្បាស់លាស់ ឬ​ជា​ជំនឿ​គ្មាន​មូលដ្ឋាន​រឹង​មាំ ដូច​ជា​ជំនឿ​មិន​សម​ហេតុផល ឬ​អបិយ​ជំនឿ​ដែល​បាន​ពោល​មកនេះ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ