ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ​ជំរុញ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួម​​គ្នា​ស្វែងរក​ចំណុច​ខ្វះខាត​ឆ្ពោះទៅ​រក​​ភាព​ជោគជ័យ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ស្នើ​ទៅ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​គ្រប់​ខេត្ត​ក្រុង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​កាយ​និង​កីឡា ត្រូវ​រួម​គ្នា​ស្វែងរក​ឱ្យ​ឃើញ​នូវ​ចំណុច​ខ្វះខាត…

រាជធានី​ភ្នំពេញ ៖ លោក ស សុខា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ស្នើ​ទៅ​ដល់​មន្ទីរ​អប់រំ យុវជន និង​កីឡា​គ្រប់​ខេត្ត​ក្រុង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​វិស័យ​អប់រំ​កាយ​និង​កីឡា ត្រូវ​រួម​គ្នា​ស្វែងរក​ឱ្យ​ឃើញ​នូវ​ចំណុច​ខ្វះខាត និង​ភាព​អសកម្ម​នៅ​ក្នុង​ឆ្នាំ​ចាស់​កន្លង​មក ដើម្បី​កែ​លម្អ​ឡើង​វិញ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។ លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​បូក​សរុប​ការងារ​វិស័យ​អប់រំ​កាយ​និង​កីឡា​២០១៨-២០១៩ និង​លើក​ទិស​ដៅ​ឆ្នាំ​២០១៩-២០២០ កាលពី​ថ្ងៃ​ទី​៤ កុម្ភៈ នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ ។

លោក ស សុខា មាន​ប្រសាសន៍​ឱ្យ​ដឹង​ទៀត​ថា ស្រប​ពេល​ដែល​វិស័យ​កីឡា​ជាតិ​កំពុង​តែ​មាន​ភាព​រីក​ចម្រើន ហើយ​មាន​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សកម្ម​ភាព​យ៉ាង​ផុលផុស ក៏​នៅ​មាន​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​តូច​ស្ថិត​នៅ​ក្នុង​ភាព​អសកម្ម​នៅ​ឡើយ ។ ជុំវិញ​បញ្ហា​នេះ​លោក​បាន​ព្រមាន​ថា ចំពោះ​មុខ​ត្រូវ​តែ​ធ្វើការ​វះកាត់​ចេញ​ដើម្បី​ដើរ​ឱ្យ​ទាន់សភាពការណ៍​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​លើក​ដំបូង ។

លោក​ថា គ្រប់​ការងារ​ទាំងអស់​ក្រសួង​អប់រ ំ​យុវជន និង​កីឡា​តែ​ម្នាក់ឯង​មិន​អាច​ធ្វើ​ទៅ​រួច​នោះ​ទេ ត្រូវ​តែ​រួមដៃគ្នា​ធ្វើ​តាំងពី​សហព័ន្ធ​កីឡា​ជាតិ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​មន្ទីរ​អប់រំ យុវជន និង​កីឡា​គ្រប់​រាជធានី​ខេត្ត​តែ​ម្ដង ។ ជា​ពិសេស​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បូក​រួម​ទាំង​វិស័យ​ឯកជន​ផង​ដែរ​។

សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ត្រៀម​កញ្ចប់​ថវិកា​ឧបត្ថម្ភ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៤០ ហើយ​ចំពោះ​សហព័ន្ធ​ខ្លះ​ដែល​គ្មាន​សកម្មភាព​បើសិនជា​រក​ឃើញ​ថា​សហព័ន្ធ​នោះ​មាន​ភាព​អសកម្ម​និង​គ្មាន​របាយការណ៍​ច្បាស់លាស់​មក​កាន់​ក្រសួង​ទេ ក្រសួង​នឹង​ធ្វើការ​ពិចារណា​ដក​ការ​ឧបត្ថម្ភ​តែ​ម្ដង​បន្ទាប់​ពី​ព្រមាន ។

លោក​បាន​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​មិន​នៅ​សល់​ពេលវេលា​យូរ​ទៀត​ទេ ដូច្នេះ​​លោក​សំណូមពរ​ទៅ​ដល់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​ជំរុញ​ការ​ហ្វឹកហាត់ ការងារ​បច្ចេក​ទេស និង​ការងារ​រដ្ឋបាល​ឱ្យ​បាន​ល្អ ។ អ្វី​ដែល​ជា​បទ​ពិសោធន៍​ដ៏​សំខាន់​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ គឺ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​ឆ្នាំ​ក្រោយ យើង​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​លើ​គ្រប់ វិស័យ ដូច​ជា​ការ​បញ្ជូន​ប្រតិភូ​កីឡា​ទៅ​ចូលរួម ប្រកួត កាត់​បន្ថយ​ថ្នាក់ដឹកនាំ​ទៅ​ចូលរួម​ប្រកួត តាមតែ​អាច​ធ្វើ​ទៅ​បាន ។

ដូច្នេះ​រាល់​គោល នយោបាយ​កំណែទម្រង់​គឺ​ធ្វើ​ដើម្បី​ជាតិ​មិន មែន​ដើម្បី​អ្នក​ណា​ម្នាក់​នោះ​ទេ ។ រាល់​កំណែ ទម្រង់​ទាំងអស់​ត្រូវធ្វើ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ មិន​ត្រូវ​ជិះសេះ​លែងដៃ​នោះ​ទេ ។ ត្រូវ​មាន​សាមគ្គីភាព​ផ្ទៃក្នុង ភាព​ទទួលខុសត្រូវ ចំណែក​ថ្នាក់ដឹកនាំ​ក្រសួង​ដែល​ជា​ថ្នាក់​ក្រោម​ជាតិ មុន​នឹង​សម្រេច​កិច្ចការ​អ្វីមួយ​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ