រាជធានីភ្នំពេញ ៖ នៅផ្សារអូរឫស្សី អ្នកដែលចូលផ្សារ គេសង្កេតឃើញមានគ្រូទស្សន៍ទាយសុទ្ធសឹងជានារីវ័យចំណាស់ មានទីតាំងនៅក្បែរៗគ្នា ដោយរៀបចំទីតាំងមានអាការៈប្លែកៗពីគ្នា ដើម្បីទាក់ទាញអារម្មណ៍ភ្ញៀវទូទៅ ។ មានប្រមាណបួនដប់កន្លែង ដែលមានមុខរបរឬជំនាញទស្សន៍ទាយ ដែលមួយថ្ងៃៗបានទាក់ទាញអ្នកដែលមានជំនឿចូលទស្សន៍ទាយហូរហែ ដូចជាមើលគូព្រេង មើលរាសីប្រចាំថ្ងៃ មើលការរកស៊ី ។ល។ ដែលកោះសន្តិភាពបានចាប់អារម្មណ៍ ក៏បានចូលជួបសុំការបំភ្លឺជាបន្តបន្ទាប់ក្នុងន័យចង់ដឹងនូវមុខរបរមួយនេះ ។

ស្ត្រីវ័យចំណាស់អាយុ៥៧ឆ្នាំម្នាក់ ប្រកបមុខរបរធ្វើជាគ្រូទាយ មើលបាតដៃ និងសន្លឹកបៀ ជួលតូបគេធ្វើអាជីកម្មនៅក្នុងផ្សារអូរឫស្សី ថ្លែងពីឆាកជីវិតថា ធ្វើគ្រូទាយ១ជីវិត បានម៉ារស់ មិនមានមិនក្រ ជួលផ្ទះគេស្នាក់នៅ តែសល់ប្រាក់បានយកទៅធ្វើបុណ្យ ។ នៅចំពោះមុខអ្នកយកព័ត៌មាន ស្ត្រីគ្រូទាយរូបនោះបានថ្លែងឲ្យដឹងថា គាត់ជាគ្រូទាយយូរឆ្នាំមកហើយ ពោលគឺតាំងពី បែកចេញពីរបបប៉ុល ពតមកម្ល៉េះ ។ អ្នកស្រីមានឈ្មោះក្រៅហៅថា ម៉ែគ្រូៗ មានស្រុកកំណើតនៅខេត្តស្វាយរៀង ប៉ុន្តែគាត់មិនដែលបានរស់នៅស្រុកទេសជាប់លាប់ទេ ព្រោះគាត់ជាមនុស្សចង់ជួយអាសាអ្នកដ៏ទៃ ស្របពេលបានរៀនសូត្រចេះដឹងខ្លះ និងមានចំណង់ចំណូលចិត្តធ្វើជាគ្រូទស្សន៍ទាយ ប្រកបមុខរបរនេះរហូតមក ។ សព្វថ្ងៃស្នាក់នៅផ្ទះជួលជាន់ទី៤ ក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាមួយកូនប្រុសស្រី២នាក់ ប៉ុន្តែកូនគេប្រកបមុខរបរផ្សេងគ្នាមិនពាក់ព័ន្ធជាមួយគាត់ទេ ។
ម៉ែគ្រូបន្តថា មុខរបរគាត់គឺជួលតូបគេរកស៊ី(ធ្វើគ្រូទាយ) ដោយបង់ក្នុង១ខែ ចំនួន២២០ដុល្លារ នេះមិនទាន់គិតថ្លៃឈ្នួលផ្ទះក្នុង១ខែ ចំនួន១២០ដុល្លារអាមេរិកផង ។ តែបើប្រៀបធៀប និងប្រាក់ចំណូលដែលគាត់រកបានមកពីការទស្សទាយវិញ ដូចជាមិនលំបាកលំបិនក្នុងការបង់ថ្លៃផ្ទះ និងជួលតូបប្រកបមុខរបរធ្វើគ្រូទាយប្រចាំថ្ងៃនោះទេ ។ គាត់ថា ក្នុងមួយខែៗ អាចទប់ទាល់បាន មានខែខ្លះសល់ដែរ ប៉ុន្តែប្រាក់ដែលនៅសល់នោះ គាត់បានយកទៅជួយកសាងវត្តមួយ ស្ថិតនៅជាប់ល្អាងភ្នំខេត្តកំពត ដែលជាទីសក្ការៈសម្រាប់គាត់ទៅធ្វើបុណ្យ ។ គាត់ថា ទីអារាមនោះហើយដែលគាត់បានចាត់ទុកជាធនាគារ ជាស្រែបុណ្យ ដែលគាត់តែងតែប្រាថ្នាទៅជាតិមុខ សុំឲ្យជួបតែសេចក្តីសុខ ជួបមនុស្សល្អៗ នឹងជួបតែអ្នកចិត្តបុណ្យ ដែលជាតិនេះមិនចង់បានអ្វីឲ្យលើសពីនេះទេ ។
ម៉ែគ្រូរៀបរាប់ប្រាប់បន្តថា របរធ្វើគ្រូទាយតាមរយៈមើលបាតដៃ និងមើលតាមសន្លឹកបៀរច្រើនឆ្នាំហើយ ប៉ុន្តែគាត់ទើបនឹងបានមកជួលតូបទស្សទាយនៅផ្យារអូរឫស្សីនេះ ប្រមាណ២ឆ្នាំប៉ុណ្ណោះ តែ២ឆ្នាំនោះគាត់សន្សំបានអតិថិជនច្រើនគួសមដែរ ។ ការទស្សន៍ទាយមើលសន្លឹកបៀ នឹងមើលបាតដៃ ខ្លះចង់ដឹងពីកិច្ចការងាររកស៊ី ខ្លះចង់ដឹងពីជោគវាសនា គួស្រករ ស្នេហា លក់ដូរធ្វើអាជីវកម្មផ្សេងៗលក់ដី លក់ផ្ទះ ។ល។ ហើយក៏មាននារីខ្លះចង់មើលពីការចង់បានកូននៅពេលទើបរៀបការថ្មីថ្មោង ។

ម៉ែគ្រូថា គាត់ទស្សន៍ទាយមើលតាមក្បួនដកហូតយកសន្លឹកបៀ និងមើលបាតដៃគឺប្រាដកជាមិនត្រូវគ្រប់ជ្រុងទេ ប៉ុន្តែរឿងត្រូវមិនត្រូវគាត់មិនមែនជាអ្នកកំណត់ទេ អាស្រ័យលើអតិថិជន(ម៉ូយ) គេមានការជឿជាក់លើខ្លួនគេថាគាត់មើលទៅត្រូវនោះហើយបានជាគេមកទស្សន៍ទាយហូរហែ មានម៉ូយខ្លះមកញឹកញាប់ទៀតផង និងមានម៉ូយខ្លះមើលទៅត្រូវ គេបានជូនប្រាក់គាត់បន្ថែមរាប់រយរាប់ពាន់ដុល្លារទៀតផង ដែលប្រាក់នោះហើយបានតម្រូវឲ្យគាត់យកទៅកសាងទីអារាមនោះ ។ គាត់ថា បើគិតពីចំណូលប្រចាំថ្ងៃសមល្មមគ្រប់គ្រាន់បង់ថ្លៃតូប និងឈ្នួលផ្ទះស្នាក់នៅ ព្រោះការទស្សន៍ទាយរបស់គាត់មិនកំណត់ឲ្យអតិថិជនដាក់ប្រាក់ តាមការផ្គាប់ចិត្តរបស់គ្រូនោះទេ អាស្រ័យលើភ្ញៀវគេចង់ដាក់ប៉ុន្មានក៏ដាក់ទៅតាមធនធាន និងមនោសញ្ចេតនារបស់គេ៥.០០០រៀល ឬ១០.០០០រៀល ឬ២០.០០០រៀល ក៏ប៉ុន្តែនៅពេលគេដឹងថាគាត់ទាយត្រូវចំៗ គេក៏ឲ្យលើសនឹងទៀតក៏មាន ។
អ្នកយកព័ត៌មានបានសួរថា ចុះមានថ្ងៃណាដែលអត់ភ្ញៀវមកទស្សន៍ទាយទេ ? ម៉ែគ្រូ ឆ្លើយទាំងញញឹមថា មិនដែលអត់ទេ ជាង២ឆ្នាំនេះមានម៉ូយកាន់តែច្រើន សំខាន់យើងទាយទៅត្រូវ គេជឿជាក់លើយើង យើងមិនបោកប្រាស់គេ នោះហើយដែលយើង(គ្រូទាយ)មិនដាច់បាយ ។ នៅក្នុងផ្សារអូរឫស្សីនេះដែរ ស្ត្រីគ្រូទស្សន៍ទាយម្នាក់ទៀតឈ្មោះ ធី ហាយ ដែលដាក់តុកៅអីអង្គុយទាយនៅទីនោះដែរបានឲ្យដឹងថា គាត់រកស៊ីទស្សន៍ទាយតាមក្បួនមើលបាតដៃ និងសន្លឹកបៀនេះច្រើនឆ្នាំហើយបានម៉ារស់ៗ មិនសល់លុយដូចគេទេ ។ យាយ ហាយ បន្តថា គាត់ជួលកន្លែងអង្គុយទាយនៅក្នុងផ្សារអូរឫស្សីនេះក្នុង១ខែ ចំនួន៥០ដុល្លារ មានគេខ្លះជួល១ខែ ចំនួន៧០ដុល្លារទៅ១០០ឬ២០០ដុល្លារអាមេរិក ទៅតាមកន្លែងតូចធំ ខ្លះមានតូបអង្គុយស្រួល ចំច្រកភ្ញៀវចេញចូល ។

ទាក់ទិនជាមួយព័ត៌មានស្តីពីគ្រូទស្សន៍ទាយមើលតាមក្បួន បាតដៃ និងសន្លឹកបៀ ដូចរៀបរាប់ខាងលើនេះ លោក ហ៊ន វ៉ាន់ធី ប្រធានគណៈកម្មការផ្សារអូរឫស្សីបានឲ្យដឹងថា លោកមិនសូវបានចាប់អារម្មណ៍រឿងនឹងទេ ប៉ុន្តែមានពេលខ្លះលោកចុះដើរពិនិត្យមើលអាជីវករលក់ដូរក្នុងផ្សារ បានឃើញគ្រូទាយទាំងនោះដែរ ដែលខ្លះបានជួលតូបគេប្រកបមុខរបរត្រឹមត្រូវ រៀបចំអាសនៈបានស្អាតសមរម្យ ខ្លះដាក់តុកៅអីអង្គុយទាយ មិនជាច្រើនទេប្រហែលបួនដប់កន្លែងប៉ុណ្ណោះ នៅតាមផ្លូវក្នុងផ្សារខាងក្រោយអ្នកលក់ជ្រូកខ្វៃ ។
លោកប្រធានផ្សាររៀបរាប់បន្តថា តាមការកត់សម្គាល់ផ្សារណាក៏មានគ្រូទាយដែរ មិនមែនតែផ្សារអូរឫស្សីទេ នោះជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការងារប្រកបមុខរបរចិញ្ចឹមជីវិតស្របច្បាប់ គណៈកម្មការផ្សារក៏មិនមានការហាមឃាត់ដែរ ។ អ្នកស្រី ទូច មុំ អាជីវករលក់គ្រឿងទេសតាមតូបក្នុងផ្សារអូរឫស្សីបានសម្តែងមតិថា មានគ្រូទាយនៅជិតនេះគាត់ចូលចិត្តណាស់ ពេលទំនេរ ឬលក់មិនដាច់គាត់តែងទៅអង្គុយលេង និងឲ្យគ្រូទស្សន៍ទាយមើលសន្លឹកបៀ រឿងលក់ដូរដាច់មិនដាច់ និងរឿងផ្សេងៗទៀតក្នុងក្រុមគ្រួសារ ។

ចំណែកអាជីករម្នាក់ទៀតលក់គ្រឿងជ័រ ដែលសុំមិនឲ្យបញ្ចេញឈ្មោះបានធ្លោយឲ្យដឹងថា គាត់ហាក់ដូចជាមិនពេញចិត្តសោះចំពោះក្រុមគ្រូទាយកំពុងធ្វើអាជីវកម្មក្នុងផ្សារអូរឫស្សីទាំងនោះ ។ ពូដឹងទេស្ត្រីរកស៊ីទស្សន៍ទាយសន្លឹកបៀ និងមើលបាតដៃជិត១០កន្លែងនឹងភាគច្រើនមិនមែនជាជនជាតិខ្មែរសុទ្ធសាធទេ ពូស្តាប់មើលទៅពួកគាត់(គ្រូទាយ)និយាយខ្មែរមិនច្បាស់ផងនឹង ហើយអថិតិជនទាំងចាស់ទាំងក្មេងដែលជាម៉ូយរបស់ពួកគាត់ មកទស្សទាយរាល់ថ្ងៃក៏សុទ្ធតែនិយាយខ្មែរមិនច្បាស់ដែរ(វៀតណាម.ចិនកាតាំង) ដូច្នេះឲ្យគាត់ទៅមើល ទៅទស្សន៍ទាយគាត់មិនទៅទេ ។
ការសម្តែងមតិពីសំណាក់ស្ត្រីអាជីវកររូបនេះ អ្នកយកព័ត៌មានយើងក៏បានសង្កេតឃើញយ៉ាងដូច្នោះដែរ ប៉ុន្តែការសាកសួរទៅលើគ្រូទស្សន៍ទាយទាំងនោះ គាត់បានពោលមកវិញថា ខ្លះមានស្រុកកំណើតនៅខេត្តស្វាយរៀង តាកែវ កំពត រាជធានីភ្នំពេញ និងកម្ពុជាក្រោម ។ យ៉ាងណាក្ តីគ្រូទស្សន៍ទាយទាំងអស់នោះ ពួកគាត់ក៏បានប្រើភាសាវៀតណាម ចិនខ្លះៗ ពិតប្រាកដមែន ប៉ុន្តែក៏ប្រើភាសារខ្មែរច្បាស់ល្អណាស់ ចាត់ទុកថាពួកគាត់ជាខ្មែរតែមួយទៅហើយ ។ ឯការទស្សន៍ទាយ អាស្រ័យលើសាម៉ីខ្លួនគេជឿឬមិនជឿ…ត្រូវឬមិនត្រូវ…មិនអាចអ្នកណាផ្សេង វាយតម្លៃឬប្រមាថបានទេ…បើមិនជឿទេ កុំទាយទៅចប់ហើយ ៕
ចែករំលែកព័តមាននេះ