ប្រារព្ធ​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ


ខេត្តបាត់ដំបង ៖ កម្ពុជា​បាន​ប្រារព្ធ​ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (​ហៅ​កាត់​ថា​CRC) ដើម្បី​លើក​ស្ទួយ​ការ​ការពារ​សិទ្ធ​កុមារ និង​ធ្វើ​យុទ្ធនាការ «​ផ្តល់​សិទ្ធិ​ទាំងអស់​ដល់​កុមារ​គ្រប់​រូប​» បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុង​សាល​បឋម​សិក្សា​២​ធ្នូ ស្ថិត​ក្នុង​ក្រុង​បាត់ដំបង ដោយ​មានការ​ចូលរួម​ពី​សហគមន៍​អុឺ​រ៉ុ​ប ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​(USAID) អង្គការ​យូ​នី​សែ​ហ្វ អង្គការ ​Save the children និង​បណ្តាញ Child Right Now Network ដែល​មាន​លោក Franck VIAULT អគ្គ​ទីប្រឹក្សា និង​ជា​ប្រធាន​ផ្នែក​សហប្រតិបត្តិការ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា ជា​តំណាង​អន្តរជាតិ ដោយ​មានការ​ចូលរួម​ពី​លោកស្រី​ផា​វ៉ា​ន់ សា​ភឿ​ត អនុប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ស្ត្រី​-​កុមារ ខេត្តបាត់ដំបង លោកស្រី​ហួត ហារី​ន នាយក​សាលា​បឋម​សិក្សា​២​ធ្នូ ព្រមទាំង​សិស្ស​ចំនួន​៣០០​នាក់​បាន​មក​ចូលរួម ។

លោកស្រី​ហួត ហារី​ន នាយក​សាលា​បឋម​សិក្សា​២​ធ្នូ​បាន​មាន​មតិ​ស្វាគមន៍ និង​បញ្ជាក់​អំពី​ប្រវត្តិ​សាលា​នេះ​គឺ​បាន​កសាង​នៅ​ឆ្នាំ​១៩៦៦ ជា​សាលា​ចិន​កុក​ក្វា​ង សម័យ​ប៉ុ​ល ពត​បាន​ទុក​ចោល ហើយ​បាន​រំដោះ​នៅ​ឆ្នាំ​១៩៧៩ ទើប​មានការ​រៀបចំ​បណ្តុះបណ្តាល​ផ្នែក​ការ​សិក្សា​ឡើង​វិញ ទើប​យក​សាលា​នេះ​ធ្វើ​ជា​សាលា​បឋម​សិក្សា​២​ធ្នូ បន្ត​មករ​ហូត​ដល់​សព្វថ្ងៃ ដែល​ពេល​នេះ​សិស្ស​កំពុង​រៀនមាន​ចំនួន​៤.១៧៦​នាក់ (​ស្រី​២.០០៧​នាក់​) ទទួល​បានការ​បង្រៀន​តាម​គោលនយោបាយ​របស់​ក្រសួង​អប់រំ​ដោយ​បាន​បញ្ចូល​កម្មវិធី​គោរព​សិទ្ធិ​របស់​កុមារ ឲ្យ​មាន​សិទ្ធិ​រស់រាន​មានជីវិត ទទួល​បានការ​រៀនសូត្រ ទទួល​បានការ​ការពារ ដោយ​មាន​សិទ្ធ​ចូលរួម​អភិវឌ្ឍន៍ មាន​យេ​ន​ឌ័​រ ជួយ​ទប់ស្កាត់​ការ​រំលោភ​បំពាន និង​ជួញដូរ​លើ​កុមារ ជា​បន្តបន្ទាប់​កន្លង​មករ​ហូត​ដល់​សព្វ​ថ្ងៃនេះ ។

បន្ទាប់​មក កុមារី​ឈ្មោះ​ចាន់ ភី​នុ និង​កុមា​រា​ឈ្មោះ​ទោម រតនៈ​វង្ស បាន​ឡើង​បង្ហាញ​ពី​គោលបំណង​នៃ​ការ​រៀនសូត្រ​នៅ​ទី​នេះ គឺ​គ្មាន​ការ​រើសអើង​ឡើយ ដោយ​ទ​ទល​បានការ​សិក្សា​គោរព​ស្រឡាញ់ ពី​លោកគ្រូ អ្នកគ្រូ​ប្រៀប​ដូច​ជា​ឪពុក​ម្តាយ​ទី​២​របស់​ខ្លួន ហើយ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រៀនសូត្រ ដោយ​ចៀសវាង​ពី​គ្រឿងញៀន និង​ការ​រំលោភ​បំពាន​មក​លើ​កុមារ​ពី​មនុស្ស​អាក្រក់​មួយ​ចំនួន​នោះ ។

ក្នុង​ឱកាស​នោះ​ដែរ លោក Franck VIAULT អគ្គ​ទីប្រឹក្សា និង​ជា​ប្រធាន​ផ្នែក​សហប្រតិបត្តិការ នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជា​តំណាង​អន្តរជាតិ​បាន​ថ្លែង​ថា ខួប​លើក​ទី​៣០​ឆ្នាំ​នៃ​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ​នេះ គឺ​ធានា​ឲ្យ​មានការ​អនុវត្តន៍​កាន់តែ​ប្រសើរ​ឡើង​នូវ​សិទ្ធិ​កុមារ​ទូ​ទាំង​ពិភពលោក ហើយ​វា​បាន​ជំរុញ​ឲ្យ​សហភាព​អ៊ឺ​រ៉ុ​ប និង​រដ្ឋ​សមាជិក​របស់​ខ្លួន​ផ្លាស់​ប្តូរ​ច្បាប់​គោលនយោបាយ ស្របគ្នា​ក្នុង​គោលបំណង​ការពារ និង​លើកកំពស់​សិទ្ធិ​របស់​កុមារ​ដែល​កំពុង​មាននៅ​កម្ពុជា​យើង​នេះ ។

លោក​បាន​បន្ថែម​ទៀត​ថា ៣០​ឆ្នាំ​មុន លោក​ទើប​មក​កម្ពុជា​លើក​ដំបូង ដោយ​បាន​រួម​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​តាម​អនុសញ្ញា​ស្តី​ពី​សិទ្ធិ​កុមារ ហើយ​តួនាទី​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​ចិត្ត​ផ្តល់​ឲ្យ​កុមារ​គ្រប់​រូប​នី​វ​កំរិតជីវភាព​ប្រសើរ​ឡើង ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ទាំង​សេរី​រា​ង្គ​រាង​កាយ ផ្លូវចិត្ត ស្មារតី ការ​អភិវឌ្ឍ​សិ​ល​ធម៌ និង​សង្គម​រួម​ទាំង​ការ​ទទួល​បានការ​អប់រំ​ផង​ដែរ​ដែល​ទទួល​បាន​លទ្ធផល​ល្អ​រហូត​មាន​ដល់​ពេល​នេះ​មាន​ប្រមាណ​៩៧%​ដែល​កុមារ​ទទួល​បានការ​ចូល​រៀន​ត្រឹមត្រូវ​ក្នុង​ការ​រៀបចំ​ជំរុញ​ពី​ក្រសួង​អប់រំ យុវជន​និង​កីឡា ព្រមទាំង​គ្រប់​មន្ត្រី​ទាំងអស់ ប្រកបដោយ​គុណភាព​មាន​គ្រប់​តាម​សាលារៀន​នៅ​កម្ពុជា ។

លោក​បន្ត​ទៀត​ថា ពេល​នេះ​សហភាព​អ៊ឺ​រ៉ុ​ប​កំពុង​ត្រៀម​ជំរុញ​លើក​ស្ទួយ​បន្ថែម​ទៀត​នៅ​លើក​ទី​៣១​ឆ្នាំ​បន្ទាប់ ដែល​ពេល​នេះ​មាន​ជាង​២០​ប្រទេស​ក្នុង​ជាង​១០០​ប្រទេស​បាន​កំពុង​រួម​សហការ​ជាមួយ​សាកលវិទ្យាល័យ​កម្ពុជា ដើម្បី​ជំរុញ​ជំនាញ និង​បច្ចេកទេស​ក្នុង​ការ​បង្រៀន​បន្ថែម​ទៀត​តាម​តម្រូវការ​របស់​រដ្ឋ​ឲ្យ​កាន់តែ​មានគុណ​ភាព ប្រសិទ្ធិ​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើងជា​បន្ត​ទៅ​ទៀត ។

លោកស្រី​ផា​វ៉ា​ន សា​ភឿ​ក ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​ថ្លែង​ថា យើង​បាន​ផ្តល់​សិទ្ធិ​ដល់​កុមារ រក្សា​ការពារ​ថែទាំ​គាំទ្រ និង​ទប់ស្កាត់​ពី​ស្ថាប័នរដ្ឋ​ឲ្យ​កុមារ​ទទួល​បាន​សិទ្ធិ​រស់នៅ រៀនសូត្រ ចូលរួម​ការ​អភិវឌ្ឍ ការពារ​មិន​ឲ្យ​មាន​គេ​រំលោភ កា​ពារ​ឧត្តម​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ក៏​សំណូមពរ​ឲ្យ​កូន​ៗ​កុមារ​ទាំងអស់​ខិតខំ​រៀនសូត្រ ដើម្បី​ជា​ស្នង​សម្រាប់​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព ហើយ​មាតាបិតា​ជួយ​ណែនាំ​បញ្ជូន​កូន​ឲ្យ​បាន​ចូល​រៀន និង​តាមដាន​បន្ត ពី​លោកគ្រូ​អ្នកគ្រូ ដែល​បាន​កំពុង​បង្រៀន​ពង្រឹង​តាម​ក្រមសីលធម៌ និង​វិជ្ជាជីវៈ លើកកំពស់​គុណភាព​ឲ្យ​មាន​កាន់តែ​ល្អ​បន្ថែម​ទៀត​នេះ ។

ចុងបញ្ចប់​កម្មវិធី​មានការ​សម្តែង​របាំ​របស់​សិស្ស សំនួរចម្លើយ​ដល់​សិស្ស និង​សម្តែង​សៀ​ក​រហស្សកម្ម​ពី​ក្រុម​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ខេត្តបាត់ដំបង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ