ខេត្តមណ្ឌលគិរី ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ព្រានព្រៃប្រមាញ់សត្វស្វាកន្ទុយ.សម្នាក់ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចឃុំខ្លួនកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០នេះហើយ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ពាក់ព័ន្ធករណីបរបាញ់សត្វស្វាកន្ទុយ.សខាងលើនេះ គឺជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ តាមបញ្ញត្តិនៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ និងបទកាន់កាប់អាវុធដោយខុសច្បាប់តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។

សេចក្តីរាយការណ៍បន្តថា ជនត្រូវចោទខាងលើនេះ ឈ្មោះ លី ឯក ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ចាប់ឃាត់ខ្លួនបានជាមួយវត្ថុតាងជាក់ស្ដែង ខណៈជននេះបានបាញ់សត្វស្វាកន្ទុយ.ស១ក្បាល (ងាប់) រួចដឹកតាមម៉ូតូ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅត្រង់ចំណុចភ្នំស្រឡៅ ស្ថិតក្នុងភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃកែវសីមា។

បច្ចុប្បន្នសំណាកសត្វស្វាកន្ទុយ.សត្រូវបានដុតកម្ទេច រីឯវត្ថុតាងជាក់ស្ដែង (ម៉ូតូ១គ្រឿងនិងអាវុធ១ដើម) ត្រូវបានរក្សាទុកបណ្ដោះអាសន្ននៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ចំណែកជនជាប់ចោទត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ