ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់ត្រូវបានក្រុមអាជ្ញាធរថៃធ្វើការដោះលែងពីពន្ធនាគារឲ្យមានសេរីភាពឡើងវិញកាលពីថ្ងៃទី៣១ មករា ឆ្នាំ២០២០ រួចនាំខ្លួនយកមកប្រគល់ឲ្យអាជ្ញាធរកម្ពុជាតាមមាត់ច្រកទ្វារអន្តរជាតិជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំត្រពាំងប្រីហ៍ ស្រុកអន្លង់វែង។
បុរសម្នាក់ខាងលើឈ្មោះ កប សាវឿន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់កាប់ឈើក្នុងទឹកដីថៃ ចូលតាមច្រកទឹកជប់ ដោយបានជាប់ពន្ធនាគារនៅស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ ។
តាមប្រភពពីអាជ្ញាធរកម្ពុជាដែលនៅបម្រើការងារប្រចាំការនៅមាត់ច្រកទ្វារអន្តរជាតិបានឲ្យដឹងថា បន្ទាប់ពីបានទទួលប្រជាពលរដ្ឋខ្មែម្នាក់ដែលក្រុមអាជ្ញាធរថៃបានដោះលែងរួចមក សមត្ថកិច្ចបានធ្វើការអប់រំ រួចឲ្យវិលត្រឡប់ទៅជួបជុំក្រុមគ្រួសាវិញនៅក្នុងថ្ងៃដដែល៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ