ខេត្ដកំពត ៖ ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនមួយបានធ្វើការរុករកឃើញថា នៅជួរភ្នំឡ១០ ស្ថិតនៅក្នុងភូមិដំណាក់ត្រយឹង ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ មានធនធានរ៉ែធ្បូងថ្ម ។ ដំណឹងនេះ បានធ្វើឱ្យប្រជាពលរដ្ឋ ជាច្រើននាក់ដែលរស់នៅភូមិដំណាក់ត្រយឹង បាននិយាយក្នុងក្ដីសង្ឃឹមមួយថា ពួកគាត់អាចនឹងមានវាសនាធ្វើជាកម្មករសំរាប់បំរើការខួងបំបែកធ្យូងថ្ម ពេលណាដែលក្រុមហ៊ុនដំណើរការ ។ លោកគង់ សុវណ្ណារុំ តំណាងឱ្យក្រុមហ៊ុន មួយដែលមិនបានប្រាប់ឈ្មោះក្រុមហ៊ុនឱ្យដឹងថា ក្រុមហ៊ុនរបស់លោកបានរកឃើញកន្លែងដែលមានធ្យូងថ្មនៅប្រទេសកម្ពុជា៤កន្លែងផ្សេងៗគ្នា ដូចជានៅខេត្ដស្ទឹងត្រែង ក្រចេះ ឧត្ដរមានជ័យ និងខេត្ដកំពត ។
លោក តំណាងក្រុមហ៊ុនបានបន្ដទៀតថា ក្រុមហ៊ុនបានចំណាយថវិកាប្រមាណជា២លានដុល្លារ សំរាប់ធ្វើទីតាំងនៅភ្នំមួយស្ថិតនៅក្នុងស្រុកត្រញំងប្រាសាទ ខេត្ដឧត្ដរមានជ័យ ហើយឥឡូវក៏បានដំណើរការដោយជោគជ័យផង ដែរ ។ ដោយឡែក លោកគង់ សុវណ្ណារុំ បានមានប្រសាសន៍ថា នៅភ្នំឡ១០នេះក្រុមអ្នកជំនាញបានរុករកឃើញប្រភេទធ្យូងថ្ម ដែលមានសារសំខាន់ ប៉ុន្ដែការសិក្សានៅតែបន្ដ នៅឡើយទេ ដើម្បីឱ្យដឹងថា ថ្មនេះមានជំរៅដល់កំរិតណា ។ សំរាប់ផលិតផលធ្យូងថ្ម ក្រុមហ៊ុនរោងចក្រស៊ីម៉ង់ត៍ត្រូវការខ្លាំងណាស់ ។ ទោះជាបែបណា ក្រុមហ៊ុនដែលរុករករ៉ែធ្យូងថ្ម ដែលបានរកឃើញទីតាំងនោះមិនទាន់ចេញ ជាផ្លែផ្កានៅឡើយទេ ។
ប៉ុន្ដែបានសំគាល់ឃើញថា នៅតាមតំបន់ភ្នំនីមួយៗសុទ្ធតែមាន អាជ្ញាប័ណ្ណពីរដ្ឋាភិបាលអស់ហើយ ។ ថ្វីបើមានវិបត្ដិខាងសេដ្ឋកិច្ចពិភពលោកបានធ្លាក់ចុះក៏ដោយ នៅពាក់កណ្ដាលឆ្នាំ២០១០នេះ អ្នកវិនិយោគទុនធំៗអាចសម្លឹងរកដីដែលមានទីតាំងធំៗ សំរាប់អភិវឌ្ឍន៍ដែលប្រការនេះ ជាការផ្ដល់នូវលំហូរចូលនៃសេដ្ឋកិច្ចដ៏សន្ធឹកសន្ធាប់ជាថ្មីទៀតនៅពេលខាងមុខ ព្រោះសក្ដានុពលកម្ពុជាដែលមិនទាន់ត្រូវបានកែច្នៃ មាននៅគ្រប់ទីកន្លែងពិសេសផ្ទៃដីនៅធំទូលាយ និងធម្មជាតិនានា ៕
ចែករំលែកព័តមាននេះ