ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឮឈ្មោះ​​«​រមណីយដ្ឋាន​ចម្ការ​សាវម៉ាវ​»​អ្នក​ទៅ​លេង​លាន់មាត់​គ្រប់​គ្នា

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រមណីយដ្ឋាន​ថ្មី​មួយ​កន្លែង​ទៀត​ដែល​ទើបនឹង​បង្កើត​ឡើង​ដោយ​ម្ចាស់​ចម្ការ សាវម៉ាវ គឺ​នៅ​ជាប់​នឹង​រមណីយដ្ឋាន​ចម្ការ​ខ្នុរ ក៏​មានការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេស​ចរណ៍​ជាតិ និង​អន្តរជាតិ​ដែរ​បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​តែ​មួយ​ហួស​ទៅ​ទិស​ខាងត្បូង​បន្តិច ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៦ ខែមករា…

ខេត្ត​ប៉ៃលិន ៖ រមណីយដ្ឋាន​ថ្មី​មួយ​កន្លែង​ទៀត​ដែល​ទើបនឹង​បង្កើត​ឡើង​ដោយ​ម្ចាស់​ចម្ការ សាវម៉ាវ គឺ​នៅ​ជាប់​នឹង​រមណីយដ្ឋាន​ចម្ការ​ខ្នុរ ក៏​មានការ​ទាក់ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​ទេស​ចរណ៍​ជាតិ និង​អន្តរជាតិ​ដែរ​បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​តែ​មួយ​ហួស​ទៅ​ទិស​ខាងត្បូង​បន្តិច ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​នេះ​នៅ​ក្នុង​រមណីយដ្ឋាន​ម្លប់​សាវម៉ាវ ត្រូវ​បាន​ម្ចាស់​ដាំ​ដើម​សាវម៉ាវ​ជា​ច្រើន​ដើម​បង្កើត​ឱ្យទៅ​ជា​ម្លប់​ដ៏​ត្រជាក់​ហើយ​នៅ​ជាប់​នឹង​មាត់​ស្ទឹង​ប​រយ៉ា​ខា ស្ថិត​ក្នុងភូមិ​បរ​ហ៊ុយ​ត្បូង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ ញ៉ែ​ម សុគន្ធ អាយុ​៥៧​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ដាក់​ឈ្មោះ​ថា​«​រមណីយដ្ឋាន​ចំការ​សាវម៉ាវ​» ដោយសារ​នៅ​ក្នុង​ដី​របស់​គាត់​មាន​ដាំ​សាវម៉ាវ​រាប់រយ​ដើម ហើយ​ទទួល​បាន​ផ្លែ​រយៈពេល​ជា​យូរ​មក​ហើយ មាន​រសជាតិ​ផ្អែម​ឈ្ងុយ​ឆ្ងាញ់ ហើយ​ប្រើ​ជីធម្មជាតិ​សុទ្ធសាធ ។

គាត់​បន្ត​ទៀត​ថា នៅ​ក្នុង​ស្ទឹង កន្លែង​រមណីយដ្ឋាន​ដែល​គាត់​ទើប​បង្កើត​បាន​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​មាន​ដុំ​ថ្ម​ប៉ះ​ប្រះ​ទឹក​ពណ៌​ខ្មៅ រលោង អាច​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ចុះ​ទៅ​អង្គុយ​លេង និង​ហែល​ទឹក​នៅ​ប្រឡោះ​ថ្ម​នោះ​ផង​ដែរ ។ ចំណែក​រដូវប្រាំង​នេះ ទេសភាព​ទឹក​ហូរ​រឹម​ៗ​នៅ​តាម​បណ្តោយ​ស្ទឹង​នេះ​គួរ​ឱ្យ​ចង់​គយគន់ រីឯ​ទឹក​ក៏​ត្រជាក់​ពេល​ភ្ញៀវ​ចុះ​ងូតទឹក​រួច​មិន​ចង់​ឡើង​វិញ​នោះ​ឡើយ ។

គាត់​បន្ថែម​ទៀត​ថា ចំពោះម្ហូបអាហារ​ត្រី​រ៉ស​ដុត​១​ក្បាល តម្លៃ​១៥០០០​រៀល និង​មាន់​ដុត​១​ក្បាល តម្លៃ​៥០០០០​រៀល​ផង​ដែរ ដោយ​មិន​ទាន់ មាន​ខ្យុ​ស​ច្រើន​សម្រាប់​ភ្ញៀវ​អង្គុយ​លេង​ប៉ុន្មាន​ទេ គឺ​ពួក​គេ​អាច​អង្គុយ​នៅ​ក្រោម​ម្លប់​ដើម​រាំង និង​ដើម​ត្រស់ ដើម​សង្កែ ក្បែរ​មាត់​ស្ទឹង និង​ខ្លះ​ទៀត អង្គុយ​ក្រោម​ម្លប់​ដើម​សាវម៉ាវ នាំ​គ្នា​ហូប​អាហារ​យ៉ាង​សប្បាយ​រីករាយ​ជួបជុំ​គ្រួសារ ។ ចំណែក​ថ្លៃ​ចត​រថយន្ត តម្លៃ​ត្រឹមតែ​៥០០០​រៀល​ប៉ុណ្ណោះ ហើយ​ម៉ូតូ​តម្លៃ​២០០០​រៀល ដោយ​អាច​ចត​នៅ​ខាង​មុខ​កន្លែង​លេង និង​ក្រោម​ម្លប់ឈើ​ក៏​បាន​ដែរ ។

បើ​តាម​សម្តី​ភ្ញៀវ​ទេសចរណ៍​ម្នាក់​ឈ្មោះ ហួរ រស់នៅ​ក្រុងប៉ៃលិន​បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​ពិតជា​សប្បាយ​រីករាយ​ក្នុង​ការ​នាំ​ប្រពន្ធ​កូនចៅ​ទៅ​លេង​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន​ជា​ពិសេស​រមណីយដ្ឋាន​ម្លប់​សាវម៉ាវ​តែ​ម្តង ។

ប៉ុន្តែ​សូម​ឱ្យ​ម្ចាស់​រមណីយដ្ឋាន​ចាត់​សន្តិសុខ និង​នគរបាល​យាម​ការពារ និង​ជួយ​សម្រួល​ដល់​ម៉ូតូ និង​រថយន្ត​ចេញចូល​ផង​ដែរ ព្រោះ​អី​ខណៈ​ពួក​គាត់​ចត​រថយន្ត​ទុក​នៅ​ខាងក្រៅ ហើយ​រវល់​តែ​នាំ​គ្នា​ចុះ​ទៅ​លេង​ទឹក ស្រាប់តែ​ចេញ​មក​វិញ​ឃើញ​ទ្វារ​រថយន្ត​របស់​ខ្លួន ត្រូវ​រថយន្ត​គេ​ថយ​ប៉ះ​បណ្តាល​ឱ្យ​ក្រពឹត និង​មាន​ស្នាម​ហើយ​ត្រូវ​បាន​បាន​ម្ចាស់​បង់ថ្លៃ​សំណង​ចំនួន​១០០០០០​រៀល​ផង​ដែរ ។ ដូច្នេះ​បើសិនជា​មិន​ជួយ​សម្រួល​ឱ្យ​បាន​ត្រឹមត្រូវ​ទេ អាច​នឹង​បង្ក​ទៅ​ជា​គ្រោះថ្នាក់​ផ្សេង​ៗ​កើតឡើង​ជាយថាហេតុ ។

ចំណែក​នគរបាល​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍​ទេសចរណ៍​បានឱ្យ​ដឹង​ថា ដោយសារ​កម្លាំង របស់​លោក​មាន​គ្នា​តិច ហើយ​រថយន្ត​ច្រើន​សម្រុកចូល​ទៅ​លេង​មាន​ខ្លះ​ទៀត បើកបរ​ចេញ ដោយ អត់​បាន​ប្រាប់​ឱ្យ​ខាង​លោក​ដឹង​ទើប​ថយក្រោយ​ទៅ​ប៉ះ​នឹង​រថយន្ត​អ្នក​ផ្សេង​ទៀត ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​ខាង​លោក​នឹង​បន្ថែម​កម្លាំង​ទៀត​ដើម្បី​ជួយ​មើល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ចៀសវាង​មាន​បញ្ហា​កើតឡើង​ដូច​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ