ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាង​មុខឡានអ្នក​ណា​ទៅ​ហ្ន៎​ បុក​​យក​ជីវិតគេហើយ​រត់​បាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាត់បង់ជីវិតភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ចំនួន​៥​នាក់​ទៀត​រង​របួសធ្ងន់​និង​ស្រាល និង​ត្រូវ​បានបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ ខណៈ​ដែល​ជន​រង​គ្រោះ​ខាងលើ​កំពុង​តែ​ឈប់​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​អង្គុយ​នៅ​លើ​ម៉ូតូ​២​គ្រឿង រង់ចាំ​មិត្តភក្ដិ​មួយ​ចំនួន​ទៀត​ដែល​ជិះ​ម៉ូតូ​មក​តាម​ក្រោយ​មិន​ទាន់​ដល់ ។…

រាជធានី​ភ្នំពេញ ៖ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាត់បង់ជីវិតភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​អ្នក​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​ចំនួន​៥​នាក់​ទៀត​រង​របួសធ្ងន់​និង​ស្រាល និង​ត្រូវ​បានបញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ។ ខណៈ​ដែល​ជន​រង​គ្រោះ​ខាងលើ​កំពុង​តែ​ឈប់​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​អង្គុយ​នៅ​លើ​ម៉ូតូ​២​គ្រឿង រង់ចាំ​មិត្តភក្ដិ​មួយ​ចំនួន​ទៀត​ដែល​ជិះ​ម៉ូតូ​មក​តាម​ក្រោយ​មិន​ទាន់​ដល់ ។ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ​១​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​ទៅ​ដល់​រេ​ចង្កូត​ទៅ​បុក​រះ​ពេញទំហឹង​តែ​ម្ដង ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភ្លើងស្តុប កែង​មហាវិថី​ឈ្នះ ឈ្នះ ហៅ​ផ្លូវ​អូ​ដឹ​ម​កប់​ស្រូវ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នោះ​ឈ្មោះ សុ​ន ស៊ី​ថា​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ក្នុង​ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ចំណែក​អ្នក​រង​របួសធ្ងន់​និង​ស្រាល​ចំនួន​៥​នាក់​ទៀត​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ គឺជា​អ្នកស្រុក​ភូមិ​ជាមួយ​អ្នកបាត់បង់ជីវិត​ដែរ ហើយ​ជន​រង​គ្រោះ​ទាំង​៦​នាក់​នេះ​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក YAMAHA EXCITER អត់​ស្លាក​លេខ ។ ដោយឡែក​រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​ស្រមោល ប៉ុន្តែ​បាន​ដាច់​ជ្រុះ​កាង​មុខ​ដែល​មាន​ជាប់​ស្លាក​លេខ​ដែរ ហើយ​ត្រូវ​បាន​នគរបាល​កំណត់​ច្បាស់​ថា​ជា​រថយន្ត​ម៉ាក​កាម​រី​ហា​យ​ប្រ៊ី​ដ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-1001 ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​ទាំង​៦​នាក់​ខាងលើ​នោះ​បាន​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក YAMAHA EXCITER ឌុ​ប​គ្នា​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ត្រឡប់​មក​ពី​ចូលរួម​មង្គលការ​សាច់ញាតិ​នៅ​ឯ​ខេត្តកំពង់ចាម ឆ្ពោះទៅ​ផ្ទះ​នៅ​ឯ​ខេត្តតាកែវ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ដោយសារ​តែ​មាន​មិត្តភក្ដិ​មួយ​ចំនួន​ទៀត​ជិះ​ម៉ូតូ​ផ្សេង​មក​មិន​ទាន់ ក៏​នាំ​គ្នា​ឈប់​រង់ចាំ​ដោយ​បាន​ឈប់​អែប​នៅ​លើ​ចិញ្ចើម​ផ្លូវ ផុត​ពី​ផ្លូវ​កៅស៊ូ​ទៅ​ហើយ​ចាំ​គ្នីគ្នា​មក​ជុំ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​រថយន្ត​បង្ក​ម៉ាក​កាម​រី​ហា​ប្រ៊ី​ដ​ខាងលើ​បើក​បរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្របគ្នា ហើយ​ពេល​នោះ​ពុំ​ដឹង​ថា​អ្នកបើកបរ​ស្រវឹង​ធ្លាក់​ភ្នែក​ឬ​បែប​ណា​ទេ បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រះ​លើ​ចិញ្ចើម​ផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​ខ្ទាត​ផ្លោង​ដួល​រេល​ពេញ​ផ្លូវស្លាប់ ម្នាក់​រង​របួសធ្ងន់​និង​ស្រាល​៥​នាក់​តែ​ម្ដង​យ៉ាង​រដូករណែល អត់​មាន​អ្នក​ណា​ជួយ​អ្នក​ណា​បាន​ឡើយ ព្រោះ​រង​គ្រោះ​ទាំងអស់​គ្នា ។

រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ស្ទើរតែ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ទៅ​ហើយ ។ ចំណែក​រថយន្ត​បង្ក​នោះ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល ប៉ុន្តែ​ក៏​បាន​ដាច់​កាង​មុខ​ធ្លាក់​ទាំង​ស្លាក​លេខ​នៅ​កន្លែង​កើតហេតុ​នោះ​ដែរ ហើយ​ត្រូវ​បាន​នគរបាល​រើស​ទុក​ដើម្បី​ឆែក​រក​អត្តសញ្ញាណ​អ្នកបើកបរ​នាំ​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ។
ក្រោយ​ពេល​កើតហេតុ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ។ ចំណែក​អ្នក​ស្លាប់​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ចាំ​មើល​បន្ត​ទៀត តើ​នគរបាល​រក​ម្ចាស់​ឡាន​នេះ​ឃើញ​ដែរ​អត់ ?​

អត្ថបទសរសេរ ដោយ