ដំណឹងស្តីពីការប្រទះឃើញផ្នូរសមូហភាពកប់សពក្មេង តូចៗជិត៨០០នាក់ ក្នុងប្រទេសអៀរឡង់ នៅត្រង់គេហដ្ឋានចាស់សម្រាប់ជាជម្រករបស់ស្ត្រីខ្លួនមួយ និង កូនៗរបស់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ សពក្មេង តូចៗ គ្រាន់តែរុំនឹងក្រណាត់ ហើយកប់ដីតែម្តង គ្មានមឈូស ឬអ្វីទៀតទាំងអស់។ ផ្នូរសមូហភាពនេះគ្មានផ្ទាំងថ្ម គ្មានអក្សរបញ្ឈរខាងលើ ឬធ្វើសញ្ញាអ្វីដើម្បីអាចសម្គាល់បាន ។
គេហដ្ឋានសប្បុរសធម៌ «អ្នកម្តាយម៉ារីនិងកុមារ» លោកស្រីប្រវត្តិវិទូ Catherine Corless ជាអ្នករកឃើញផ្នូរសមូហភាពដែលកប់សុទ្ធតែសពក្មេងតូចៗ ។ ទីនោះហ៊ុមព័ទ្ធដោយផ្ទះល្វែងជាច្រើន។ សព្វថ្ងៃប្រវត្តិវិទូរូបនេះ កំពុងអំពាវនាវឱ្យគេកសាងស្តូបអនុស្សាវរីយ៍មួយឱ្យបានសមរម្យបំផុត ។ តាមការសន្និដ្ឋានរបស់លោកស្រី Catherine Corless សពកុមារ តូចៗដែលត្រូវគេកប់រួមគ្នានោះ ប្រហែលជាពួកកុមារដែលគេចិញ្ចឹមក្នុងគេហដ្ឋានសប្បុរសធម៌ឈ្មោះ «អ្នកម្តាយម៉ារី និងកុមារ» នៅតំបន់ Tuam ស្រុក Galway ក្នុងរយៈពេលប្រហែល៣៦ឆ្នាំ។ គេហដ្ឋានសប្បុរសធម៌ «អ្នកម្តាយម៉ារី និងកុមារ» គ្រប់គ្រងដោយពួកដូនជី ពីឆ្នាំ១៩២៥ ដល់ឆ្នាំ១៩៦១ ។
លោកស្រីប្រវត្តិវិទូ និយាយរំឭករឿងដំបូងថា «ពេលខ្ញុំកំពុងស្រាវជ្រាវប្រវត្តិសាស្ត្រតំបន់ Tuam មានគេប្រាប់ថា នៅតំបន់ Tuam មានផ្នូរកុមារ តូចៗ ។ ដឹងរឿងនេះភ្លាម ខ្ញុំទាក់ទងមជ្ឈមណ្ឌលអត្រានុកូលដ្ឋានស្រុក Galway ហើយខិតខំស្រាវជ្រាវបន្តរហូតទាល់តែរកឃើញ» ។ ផ្នូរសមូហភាពនេះ មានសពកុមារ តូចៗសរុប៧៩៦នាក់ ។ របាយការណ៍ ថ្មីៗ បន្ទាប់ពីមានការពិសោធរកមូលហេតុច្បាស់លាស់ឃើញថា កុមារ តូចៗទាំងនោះ ខ្លះស្លាប់ដោយជំងឺកញ្ជ្រិល, ខ្លះស្លាប់ដោយជំងឺសួត, ខ្លះស្លាប់ដោយជំងឺក្រពះ និងជំងឺ ផ្សេងៗទៀត តែក៏មានខ្លះស្លាប់ដោយកង្វះអាហារូបត្ថម្ភ និងដោយការមិនរវីរវល់របស់មនុស្សចាស់ ។
មន្ត្រីអធិការកិច្ចមួយរូបក្នុងក្រុមប្រឹក្សាសុខាភិបាលមូលដ្ឋាន ដែលបានទៅទស្សនាគេហដ្ឋានសប្បុរសធម៌ «អ្នកម្តាយម៉ារី និងកុមារ» ក្នុងឆ្នាំ១៩៤៤ បានសរសេរកត់ត្រាទុកថាពេលទៅមើលទីនោះ គាត់ឃើញមានស្ត្រីខ្លួនមួយចំនួន៣៣៣នាក់ និងកូន តូចៗរបស់ពួកគេរស់ជុំគ្នារហង់ ។ គេហដ្ឋាននោះ ពេលធម្មតាផ្ទុកមនុស្សបានត្រឹម២៤៣នាក់ប៉ុណ្ណោះ តែនេះឡើងដល់៣៣៣នាក់ ហើយថែមទាំងមានកូន តូចៗគ្រប់គ្នាទៀត ឃើញថាណែនណាន់តាន់តាប់មែនទែន ។ ក្មេងតូចៗដែលមកជាមួយម្តាយមានអាយុចាប់ពី៣សប្តាហ៍ រហូតដល់១៣សប្តាហ៍ ។ របាយការណ៍របស់មន្ត្រីអធិការកិច្ច ដែលបន្សល់ទុកតាំងពីឆ្នាំ១៩៤៤ បានបញ្ជាក់ច្បាស់ «ក្មេង តូចៗទាំងនោះ ភាគច្រើនស្គមកំព្រឹង និងស្លេកស្លាំង។ មានក្មេងអាយុ១៣ខែម្នាក់ ពុំអាចពិនិត្យរាងកាយបានព្រោះពិការធ្ងន់ពេក» ។
ភាពភ្ញាក់ផ្អើលក្នុងប្រវត្តិសាស្ត្រសតវត្សទី១៩ និងដើមសតវត្សទី២០ នៅអៀរឡង់សម្បូរគេហដ្ឋានសប្បុរសធម៌សម្រាប់ជួយស្ត្រីខ្លួនមួយ និងកូន តូចៗរបស់ពួកគេ ។ គេហដ្ឋានសប្បុរសធម៌ Sean Ross Abbey នៅ Tipperary ថែមទាំងក្លាយជាគំរូសម្រាប់ផលិតខ្សែភាពយន្តឈ្មោះ Philomena ដែលអ្នកទស្សនាពេញចិត្ត រហូតដល់ចង់ឱ្យបានទទួលពានរង្វាន់អូស្កាទៀតផង ។
ខ្សែភាពយន្តនោះ ពណ៌នារឿងពិតរបស់ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ Philomena Lee ។ ឆ្នាំ១៩៥០ Philomena Lee ជាស្រីខ្លួនមួយដែលមានកូនប្រុសតូចអាយុ៣ឆ្នាំរបស់នាងត្រូវគេចាប់យកទៅឱ្យធ្វើកូនចិញ្ចឹមប្តីប្រពន្ធអាមេរិកមួយគូ ។ តាមស្ថិតិ គេហដ្ឋានសប្បុរសធម៌ Sean Ross Abbey ក្រោយបើកទ្វារបានមួយឆ្នាំនាឆ្នាំ១៩៣០ មានកុមារ តូចៗ៦០នាក់ ក្នុងចំណោមកុមារ តូចៗ១២០នាក់បានស្លាប់ ។ កុមារដែលនៅរស់តែងត្រូវគេលក់ទៅបរទេសឱ្យប្តីប្រពន្ធដែលអត់មានកូន ។
ផ្នូរសមូហភាពកប់សពកុមារ តូចៗជិត៨០០នាក់នេះ ត្រូវបានចាត់ទុកជារឿងធ្វើឱ្យភ្ញាក់ផ្អើលធំបំផុតក្នុងប្រវត្តិសាស្ត្រខ្មៅងងឹតជុំវិញបញ្ហាគ្រួសារនៅអៀរឡង់ ។ លោកស្រី Teresa Kelly ប្រធានគណៈកម្មការការពារកុមារ ស្រែកភ្លាម បន្ទាប់ពីដឹងរឿងពិត ៖ «នេះជាការពិតគួរឱ្យភ្ញាក់ផ្អើលពេកណាស់ ។ សពកុមារជាច្រើនក្នុងផ្នូរសមូហភាពនេះ ត្រូវស្រាវជ្រាវរកឃើញថាស្លាប់ដោយសារកង្វះខាតអាហារធ្ងន់, តើគួរឱ្យរន្ធត់ចិត្តយ៉ាងណា ។ ខ្ញុំចង់ដឹងអត្តសញ្ញាណពួកគេ ព្រោះពួកគេជាមនុស្សត្រូវតែមានត្រកូល, មិនមែនសត្វធាតុឯណា» ។
សាច់ញាតិរបស់ William Joseph Dolan កុមារដែលធ្លាប់នៅក្នុងគេហដ្ឋានសប្បុរសធម៌ «អ្នកម្តាយម៉ារី និងកុមារ» បានដាក់ពាក្យបណ្តឹងទៅស្ថាប័នមានសមត្ថកិច្ច ពេលពួកគេអត់បានទទួលលិខិតបញ្ជាក់មរណភាពរបស់ William Joseph Dolan សោះ ស្រាប់តែឃើញចុះក្នុងឯកសារដាក់ថាស្លាប់ ។ William Joseph Dolan កើតថ្ងៃទី២២ កុម្ភៈ ១៩៤៦ ស្លាប់ទៅវិញថ្ងៃទី១១ មិថុនា ១៩៤៧ ដោយសារជំងឺកញ្ជ្រិល ។ ប្អូនរបស់ William Joseph Dolan ឈ្មោះ John Dermond កើតថ្ងៃទី២១ ឧសភា ១៩៥០ ហើយបាត់ខ្លួនក្នុងឆ្នាំបន្ទាប់ តែអត់ឃើញមានលិខិតបញ្ជាក់មរណភាពចេញដោយមន្ត្រីអត្រានុកូលដ្ឋានមូលដ្ឋានសោះ។ សាច់ញាតិរបស់ William Joseph Dolan សង្ស័យថា William អត់មានស្លាប់ទេ ប្រហែលត្រូវគេលក់ទៅអាមេរិក ហើយនៅរស់នៅឡើយ ។
លោកស្រីប្រវត្តិវិទូ Catherine Corless បំផុសឱ្យរួមគ្នាកសាងស្តូបអនុស្សាវរីយ៍ល្អប្រណីតសម្រាប់វិញ្ញាណក្ខន្ធកុមារ តូចៗជិត៨០០នាក់ ហើយទទួលបានការគាំទ្រពីមនុស្សជាច្រើន។ លោកស្រីប្រវត្តិវិទូនិយាយ «ខ្ញុំពិតជាសប្បាយចិត្តរកអ្វីប្រៀបពុំបាន ដែលឃើញគ្រប់គ្នាយកចិត្តទុកដាក់ចំពោះបញ្ហានេះ ។ ពួកគេរីករាយ ព្រោះរឿងដ៏ពិសិដ្ឋមួយកំពុងត្រូវបានអនុវត្ត ៕
តាមឯកសារបរទេស
ចែករំលែកព័តមាននេះ