ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ស្ថិតនៅលើសួនកុមារ ទល់មុខសាលាខេត្តប៉ៃលិន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន មានស្ត្រីអាជីវករម្នាក់ឈរកាន់មីក្រូហ្វូនប្រកាសលក់ស្បែកជើងជជុះបែបកំប្លុកកំប្លែង ដោយនិយាយបញ្ចុះតម្លៃបណ្តើរ និងដៃម្ខាងរើសស្បែកជើងជូនអតិថិជនបណ្តើរ ក្នុងទឹកមុខញញឹមញញែម ខណ:មានអ្នកចូលទៅទិញស្បែកជើងទាំងក្មេងទាំងចាស់ ដោយម្នាក់ៗទិញមិនតិចគូនោះទេ ព្រោះតម្លៃសមរម្យ ហើយមើលទៅស្បែកជើងក៏ស្អាតៗ គួរសមដែរ ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាអ្នកលក់ស្បែកជជុះខាងលើឈ្មោះ លឹម គឹមណៃ អាយុ៣៣ឆ្នាំ រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់បានជួលកន្លែងលក់ដូរស្បែកជើងជជុះនេះ អស់រយ:ពេល២ទៅ៣ខែមកហើយ ដោយបានទិញស្បែកជើងទាំងនោះមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ស្ត្រីជាអ្នកលក់ស្បែកជើងជជុះខាងលើបានបន្តថា តាំងពីចាប់មុខរបរលក់ដូរស្បែកជើងជជុះនេះមក គឺជារៀងរាល់ថ្ងៃ លក់ដាច់បានប្រាក់ក្នុង១យប់ចំនួន១០ទៅ២០ម៉ឺនរៀលប៉ុណ្ណោះ ដោយមិនសូវមានភ្ញៀវមកលេងសួនកុមារច្រើនដូចពេលនេះទេ ។ ប៉ុន្តែនៅយប់ថ្ងៃបុណ្យចូលឆ្នាំចិននេះ មានមនុស្សម្នាជាច្រើន បាននាំគ្នាដើរលេងកំសាន្ត ដោយសម្បូរទៅដោយមនុស្សប្លែកមុខមកពីតាមបណ្តាខេត្តនានា រួចក៏សម្រុកចូលទៅទិញស្បែកជើងរបស់គាត់ ដោយភ្ញៀវម្នាក់ៗទិញចាប់ពី៥ទៅ១០គូ ចំណែកអ្នកខ្លះទិញពាក់ខ្លួនឯង និងខ្លះទៀតទិញឱ្យកូនចៅ និងទិញផ្ញើអ្នកផ្ទះផងដែរ ព្រោះក្នុង១គូ គាត់លក់តម្លៃត្រឹមតែ៧០០០រៀល ។ បើទិញ៣គូ គឺលក់ឱ្យក្នុងតម្លៃ២០.០០០រៀល ។
ស្ត្រីជាអ្នកលក់ស្បែកជើងជជុះខាងលើបានបន្តទៀតថា ដូច្នេះការលក់ដូរនៅយប់នេះ ពិតជាកាក់កបខ្លាំង ណាស់ ពោលគឺអាចរកចំណូលបានប្រហែល៥០ទៅ៧០ម៉ឺនរៀល ដែលជាហេតុធ្វើឱ្យពួកគាត់ទាំងពីរនាក់ប្តីប្រពន្ធមមាញឹករើសស្បែកជើងជូនភ្ញៀវ ហើយថែមទាំងនិយាយបន្ទន់ចិត្តភ្ញៀវមិនឱ្យដាច់ចិត្តដើរចេញពីកន្លែងរើសស្បែកជើងនោះឡើយ ។ ម្យ៉ាងវិញទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺគាត់ចេះនិយាយលួងលោមចិត្តអតិថិជន ដោយប្រើមីក្រូហ្វូនរបស់ខ្លួន ថែមទាំងបញ្ចុះតម្លៃទៀត ទើបភ្ញៀវម្នាក់ៗនាំគ្នាឈរ និងអង្គុយរើសយ៉ាងពពាក់ពពូនតែម្តង ។
ចំណែកអាជីវករដទៃទៀតដែលលក់ដូរម្ហូបអាហារផ្សេងៗ ដូចជា នំ ចំណី ពងទាកូន នៅលើសួនកុមារនេះដែរ បានបង្ហើបឱ្យដឹងថា ការលក់ដូរនៅលើសួនកុមារនេះ គឺពួកគាត់ជួលកន្លែងគេលក់ដូរ ពោលគឺអាចលក់ដូរនៅជុំវិញសួននេះបាន ដោយមិនមានបញ្ហាអ្វីនោះទេ ទុកតែផ្លូវសម្រាប់គេដើរចុះឡើង និងបង់ប្រាក់គឺជាការស្រេច ប៉ុន្តែពួកគាត់មិនប្រាប់ពីតម្លៃជួលក្នុង១ខែ ត្រូវបង់ប៉ុន្មាននោះឡើយ ។ ក្នុង១យប់ ពួកគាត់ត្រូវបង់ប្រាក់ឱ្យសន្តិសុខចំនួន៤០០០រៀល ក្នុងនោះគឺសម្រាប់ថ្លៃសម្អាតសម្រាម និងថ្លៃដាក់អំពូលភ្លើងបំភ្លឺលក់ដូរពេលយប់ចាប់ពីម៉ោង៧ រហូតដល់ម៉ោង១០យប់ ពោលគឺអស់ភ្ញៀវពេលណា អាចរើយកអីវ៉ាន់ទៅផ្ទះ លុះថ្ងៃក្រោយ ទើបយកទៅរៀបចំដាក់លក់បន្តទៀត ។
ទោះបីជាយ៉ាងណាក៏ដោយ ការជួលកន្លែងលក់ដូរ និងការបង់ថ្លៃភាស៊ី ថ្លៃភ្លើង មិនជាបញ្ហាអ្វីសម្រាប់ពួកគាត់នោះទេ ព្រោះបច្ចុប្បន្នគ្មានកន្លែងណាដែលមិនគិតប្រាក់នោះឡើយ ដោយគ្រាន់តែបង់ច្រើន ឬតិចប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ