ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុន​ដូ​លំដាប់​ខ្ពស់ ឬ​ខុន​ដូ​ទំនើប​ស្រូប​ទាញ​បរទេស​ច្រើន ខណៈ​ជនជាតិ​ខ្មែរ​មាន​ប្រមាណ​ត្រឹម​៣០​ភាគរយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ខាង​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​មាន​សុខភាព​ល្អ​ប្រសើរ ជា​ពិសេស​ប្រភេទ​ខុន​ដូ​ទំនើប ឬ​លំដាប់​ខ្ពស់​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​គឺ​ទាញ​ស្រួប​បាន​ជនជាតិ​បរទេស​ជាវ​ច្រើន ខណៈ​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ក៏​កំពុង​ចាប់អារម្មណ៍​ខុន​ដូ​ផង​ដែរ ជាក់ស្តែង​សម្រាប់​ប្រភេទ​ខុន​ដូ​ទំនើប​ៗ​អាច​ទាញ​ស្រូប​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ពី​ប្រមាណ ២០ ទៅ ៣០…

រាជធានី​ភ្នំពេញ ៖ អ្នកជំនាញ​ខាង​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​មាន​សុខភាព​ល្អ​ប្រសើរ ជា​ពិសេស​ប្រភេទ​ខុន​ដូ​ទំនើប ឬ​លំដាប់​ខ្ពស់​ដែល​មាន​តម្លៃ​ថ្លៃ​ៗ​គឺ​ទាញ​ស្រួប​បាន​ជនជាតិ​បរទេស​ជាវ​ច្រើន ខណៈ​ប្រជាជន​កម្ពុ​ជាមួយ​ចំនួន​ក៏​កំពុង​ចាប់អារម្មណ៍​ខុន​ដូ​ផង​ដែរ ជាក់ស្តែង​សម្រាប់​ប្រភេទ​ខុន​ដូ​ទំនើប​ៗ​អាច​ទាញ​ស្រូប​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ពី​ប្រមាណ ២០ ទៅ ៣០ ភាគរយ ។

លោកស្រី អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា នៃ​ក្រុមហ៊ុន អចលនទ្រព្យ CBRE បានអោយ​ដឹង​ថា ក្នុង​ទីផ្សារ​ខុន​ដូ​ទាំងមូល បើ​និយាយ​ពី​លំដាប់​ខ្ពស់ ឬ​ខុន​ដូ​ទំនើប គឺ​មាន​បរទេស​ទិញ​ច្រើន តែ​ក៏​មាន​ជនជាតិ​ខ្មែរ​ប្រមាណ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ចំណែក​ខុន​ដូ ដែល​មាន​តម្លៃ​សមរម្យ ឬ​កម្រិត​មធ្យម​លើស​ពី​៥០​ភាគរយ​ជា​ជនជាតិ​ខ្មែរ​ជា​អ្នកទិញ ។ ​លោកស្រី​បាន​បន្ត​ថា តម្រូវការ​ខុន​ដូ ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​បើ​ទោះបីជា​ការ​អភិវឌ្ឍ​កន្លង​មក​មាន​ច្រើន​ក្ដី​ជា​ពិសេស​ខុន​ដូ លំដាប់​មធ្យម និង​កម្រិត​កណ្ដាល ។

អ្នកជំនាញ​ខាង​អចល​ទ្រព្យ​បាន​បន្ត​ថា « ពលរដ្ឋ​ខ្មែរ​ចាប់ផ្ដើម​ចាប់អារម្មណ៍​លើ​ការ​ទិញ​ខុន​ដូ ដើម្បី​ស្នាក់​នៅ ជា​ពិសេស​ខុន​ដូ​ដែល​នៅ​ក្បែរ​ការិយាល័យ​ធ្វើការ ដោយ​ពួក​គេ​មិន​ចង់​ចំណាយ​ពេលវេលា ដើម្បី​ធ្វើ​ដំណើរ​មក​ការិយាល័យ​ហើយ ត្រលប់​ទៅ​សម្រាក​នៅផ្ទះ​ឯ​ជាយក្រុង​វិញ » ។ ​ព្រម​ជាមួយ​សន្ទុះ​នៃ​ការ​គាំទ្រ​ពី​អតិថិជន​ក្នុងស្រុក គេ​ក៏​កត់សម្គាល់​ឃើញ​ថា​គម្រោង​ខុន​ដូ​ដែល​ពី​មុន​ច្រើន​សាងសង់​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ដូច​ជា​ក្នុង​ប្លុក​បឹង​កេងកង​នៃ​ទឹកដី​ខណ្ឌចំការមន និង​ខណ្ឌដូនពេញ រីក​ដុះដាល់​ខ្លាំង​ជា​បណ្តា​ខណ្ឌ​ផ្សេង​ទៀត​នោះ តែ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​តំបន់​ផ្លូវ​៦០​ម៉ែត្រ​ដែល​ពី​មុន​ជា​តំបន់​មួយ​ហាក់​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​ជា​តំបន់​ដែល​មិន​ទាន់​មានការ​រីក​ចម្រើន​នោះ​ទេ តែ​ក្រោយ​ពេល​រាជរដ្ឋាភិបាល​អភិវឌ្ឍន៍​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​និង​ភ្លើង​ខ្វែងខ្វាត់ បាន​ជំរុញ​អោយ​តំបន់​នេះ ក្លាយជា​ចំណាប់អារម្មណ៍​ពី​សំណាក់​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស និង​បាន​អភិវឌ្ឍន៍​នេះ​កាន់តែ​ខ្លាំង ធ្វើ​អោយ​តំបន់​ផ្លូវ​៦០​ម៉ែត្រ​ក្លាយ​បណ្ដុំ​អគារ​ខុន​ដូ និង​អគារ​ពាណិជ្ជកម្ម​ស្កឹមស្កៃ​នៅ​ភាគ​ខាងត្បូង​រាជធានី ។

រហូត​មក​ដល់​ពេល​នេះ ធ្វើ​អោយ​អ្នក​វិនិយោគ​បរទេស​ជា​ច្រើន​បាន​សម្លឹង​មើល​ការវិនិយោគ ខុន​ដូ នៅ​តំបន់​នេះ​កាន់តែ​ខ្លាំង ជាក់ស្ដែង​នៅ​តំបន់​ផ្លុ​វ​៦០​ម៉ែត្រ គេ​ឃើញ​មាន​គម្រោង​ខុន​ដូ​ធំ​ៗ​មួយ​ចំនួន​កំពុង​បង្ហាញខ្លួន​និង​កំពុង​មានការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​ផងដែរ ។

បើ​តាម​លោក Ben Li ម្ចាស់​គម្រោង​អគារ​ខុន​ដូ និង​អគារ​ពាណិជ្ជកម្ម Urban Village នៅ​តំបន់​៦០​ម៉ែត្រ បាន​និយាយ​ថា តម្រូវការ​ខុន​ដូ​ពី​សំណាក់​ប្រជាជន​កម្ពុជា និង​ជនបរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​កំណើន​ខ្ពស់ ដែល​ជំរុញ​អោយ​មានការ​ផ្គត់ផ្គង់​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​លោក​បាន​បន្ត​ថា «​យោង​តាម​របាយ​ណ៍​របស់​ក្រុមហ៊ុន​វាយតម្លៃ អចលនទ្រព្យ​អន្តរជាតិ​ដែល​មាន​សាខា​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​នោះ បញ្ជាក់​ថា​តម្រូវការ​ខុន​ដូ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​កំណើន​ខ្ពស់ ដែល​ធ្វើ​អោយ​មានការ​ផ្គត់ផ្គង់ កាន់តែ​ច្រើន​ផង​ដែរ ដើម្បី​បំពេញតម្រូវការ​នៅ​ក្នុង​ប្រទេស​កម្ពុជា » ។

​លោក​បន្ត​ថា ទីតាំង​ល្អ​សម្រាប់​ការ​បោះទីតាំង​សាងសង់​អគារ​ខុន​ដូ ក្នុង​រាជធានី​ភ្នំពេញ ក្រៅពី​តំបន់​កណ្ដាល​ក្រុង​គេ​ឃើញ​ថា​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ គឺជា​ទីតាំង​មួយ​ដែល​មាន​ភាព​ទាក់ទាញ​និង​សក្ដានុពល​ក្នុង​ការ​សាងសង់​គម្រោង​អគារ​ខុន​ដូ ដោយសារ​តែ​វា​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​តំបន់​កណ្ដាល​ក្រុង ដូច​ជា​នៅ​មិន​ឆ្ងាយ ក្រសួង​ស្ថាប័ន​ធំ​ៗ​របស់​រដ្ឋ ព្រមទាំង​ប្រជុំ​ដោយ​ផ្សារ​ទំនើប​ៗ​និង​នៅ​ក្បែរ​តំបន់ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ដ៏​មាន​សក្ដានុពល​ជាដើម ។

លោក​បន្ថែម​ថា សម្រាប់​ទីផ្សារ​ខុន​ដូ នៅ​ក្នុង​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​មើលឃើញ​ថា មាន​អតិថិជន​ជា​ជនជាតិ​ខ្មែរ​ភាគច្រើន​បាន​វិនិយោគ និង​ទិញ​ខុន​ដូ​ជាក់ស្ដែង គម្រោង​ដែល​លោក​អភិវឌ្ឍន៍ អ្នក​ក្នុងស្រុក ទិញ រហូត​ដល់​៧០​ភាគរយ ហើយ​ក្រៅពី​នោះ​មាន​ជនជាតិ​ចិន ដែល​មក​ពី​ហុងកុង ជប៉ុន អាស៊ី​និង​អឺរ៉ុប​ផង​ដែរ ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បានអោយ​ដឹង​ថា​ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ក្រសួង​បាន​ចេញ​លិខិតអនុញ្ញាត​អោយ​សាងសង់​អគារ​ស្នាក់​នៅ​រួម ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ១៥២​គម្រោង ស្មើនឹង​១៧.៧០៧​ចំណែក​ឯកជន ដែល​មាន​ផ្ទៃ​សំណង់​២០៣.០០១​ម៉ែត្រការ៉េ គិត​ជា​ទឹកប្រាក់​វិនិយោគ​មាន​ប្រមាណ​ជិត​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ