រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋបានសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ជួសជុលសួនច្បារមុខផ្សារសិនជូរីផ្លាហ្សា (សួនច្បារពោធិចិនតុង) ដែលផ្សារសិនជូរីផ្លាហ្សាខ្ចីប្រើប្រាស់មួយរយៈកន្លងមកនោះ ឥឡូវផ្សារបានស្ថាបនារួចហើយ ដូច្នេះសូមជួយជួសជុលសួននេះឲ្យដូចដើមឡើងវិញ ទុកសម្រាប់ឲ្យប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ បានរៀបចំឡើងក្នុងបរិវេណវត្តតាំងកសាងខាងជើង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោមអធិបតី លោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងលោក ម៉ប់ សារិន ប្រធានក្រុមប្រក្សារាជធានីភ្នំពេញ និងលោក ពេញ ធារម្យ អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ក្នុងវេទិការសាធារណៈនេះដែរ ប្រជាពលរដ្ឋនៅខណ្ឌពោធិ៍សែនជ័យ បានលើកឡើងជាសំណើ និងសំណូមពរផ្ទាល់មាត់ចំនួន១៧ ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ ជុំវិញការស្នើសុំធ្វើផ្លូវបេតុង និងធ្វើប្រព័ន្ធលូ ជាច្រើនខ្សែ ស្នើបង្ក្រាបក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន ស្នើសុំធ្វើជណ្តើរឡើងរថយន្តក្រុងសាធារណៈសម្រាប់ជនពិការ, សុំធុងសំរាមសម្រាប់ដាក់សំរាមព្រោះប្រជាពលរដ្ឋបានទិញធុងសំរាមដាក់ខ្លួនឯង, ស្នើសុំជំនួយការសម្រាប់ជនពិការ ស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង និងស្នើសុំជួសជុលសួនច្បារផ្សារសិនជូរីផ្លាហ្សា ដែលផ្សារខ្ចីប្រើប្រាស់មួយរយៈកន្លងមកនោះ ឥឡូវផ្សារបានស្ថាបនារួចហើយ ដូច្នេះសូមជួយជួសជុលសួននេះឲ្យដូចដើមឡើងវិញ ទុកសម្រាប់ឲ្យប្រជាពលរដ្ឋដើរកម្សាន្ត និងហាត់ប្រាណ ស្នើសុំកែសម្រួលបង្គោលភ្លើងរបស់អឺដេសេ ដែលសង់លើប្រពន្ធលូ ស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លីសម្រាប់ដីសហគមន៍ ព្រោះដីគាត់មិនទាន់មានបណ្ណកម្មសិទ្ធិ ។
លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា វេទិកានេះ មានសារៈសំខាន់ណាស់ ជាឱកាសដ៏ល្អក្នុងការបញ្ចេញមតិយោបល់ និងលើកឡើងនូវទុក្ខកង្វល់ក៏ដូចជាសំណូមពរនានា មកឱ្យក្រុមប្រឹក្សា និងគណៈអភិបាល ធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនបានចំគោលដៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាផងដែរ ។
លោកបន្តថា រាល់បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ និងសំណូមពរ ដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ ករណីមិនអាចដោះស្រាយបានភ្លាមៗ នោះមន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហា ដែលបានលើកឡើងក្នុងវេទិកានេះឡើយ។ ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរចំនួន ៤៨ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយនៅពេលក្រោយ ។
លោកបានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយសមត្ថកិច្ច និងអាជ្ញាធរ នៅពេលឃើញមានសកម្មភាពចោរកម្ម ត្រូវរាយការណ៍ប្រាប់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការបង្ក្រាបឲ្យទាន់ពេលវេលា ។
ប្រជាពលរដ្ឋក៏បានស្នើសុំដំឡើងពីអនុវិទ្យាល័យ ទៅវិទ្យាល័យពោធិ៍ចិនតុង លោក ពេញ ធារម្យ អភិរងរាជធានីភ្នំពេញ បានឱ្យលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឆ្លើយជូនប្រជាពលរដ្ឋដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ បញ្ជាក់ថា ចាំពិភាក្សាជាមួយនឹងប្រធានការិល័យអប់រំខណ្ឌ បន្ថែមទៀតថា យើងអាចដំឡើងពីអនុទៅវិទ្យាល័យ បានដែរឬអត់ ព្រោះជាបច្ចេកទេសរបស់សាលា និងក្រសួងអប់រំ ព្រោះក្រសួងអប់រំ បានសមាហរណកម្មត្រឹមតែអនុវិទ្យាល័យនោះទេ ហើយត្រូវដំឡើងជាវិទ្យាល័យយើងត្រូវជជែកគ្នា នូវលក្ខខន្តិកៈច្រើន ។
ពាក់ព័ន្ធនឹងការបង្ក្រាបក្រុមក្មេងទំនើង លោកស្រីអធិការរង នគរបាលខណ្ឌពោធិ៍សែនជ័យ បានលើកឡើងថា សមត្ថកិច្ចគ្រប់ទាំងអស់ ក្នុងខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាបបានទាំងអស់ តែនៅមានចន្លោះបន្តិចបន្តួច ហើយការបង្ក្រាបនោះ គឺបង្ក្រាបរហូតចំណែកក្រុមក្មេងទំនើងនៅចោមចៅ សូមឲ្យមេប៉ុស្តិ៍សហការជាមួយមន្ត្រីជំនាញ ដើម្បីបង្ក្រាបឲ្យខាងតែបាន ។
ក្នុងឱកាសនោះលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាថ្ងៃនេះ បានជូនដល់ប្រជាពលរដ្ឋ ក្នុងការ ចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់ គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើល លើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ៕










ចែករំលែកព័តមាននេះ