រាជធានីភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ ពិសេសអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា នៅតែបន្តគិតគូរ ដើម្បីជួយសម្របសម្រួលលើបញ្ហាជម្លោះរវាងពលរដ្ឋ និងពលរដ្ឋ ទាក់ទិននឹងការទាមទារឲ្យបើកច្រកដីឡូត៍ សម្រាប់ប្រើប្រាស់ ជាសាធារណៈ ។
បាតុភាពនេះ បានកើតឡើងមកបន្ទាប់ពីមានភាគីពលរដ្ឋ ជាអ្នករស់នៅអាគារខុនដូរមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់វាលវង់ ខណ្ឌ៧មករា បានប្តឹងតវ៉ាទាមទារឲ្យម្ចាស់ដីឡូតិ៍ មួយកន្លែង ដែលស្ថិតនៅខាងក្រោយខុនដូរនោះ ធ្វើការបើកច្រកដីឡូតិ៍ ដើម្បីសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ ក៏ប៉ុន្តែភាគីម្ចាស់ដីឡូតិ៍ ពុំយល់ព្រម ដោយអះអាងថា ច្រកចូលដីឡូត៍ខាងលើ ជាកម្មសិទ្ធិរបស់គាត់ ។
តាមប្រភពព័ត៌មាន ឲ្យដឹងថា បញ្ហាចម្រូងសម្រាស់រវាងភាគីទាំង០២ បានប្តឹងប្តល់ដល់សាលារាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍រកខុសត្រូវ ។
បន្ទាប់ពីទទួលបានបណ្តឹងលើបញ្ហាចម្រូងសម្រាស់នេះ រដ្ឋបាលខណ្ឌបានពិនិត្យឃើញថា ភាគីម្ចាស់ដីឡូតិ៍ មានបង្កាន់ដៃកាន់កាប់ស្របច្បាប់ ដែលទទួលស្គាល់ពីមន្ទីររៀបចំដែនដី នគររូបនីយ៍កម្ម និងសំណង់ តាំងពីឆ្នាំ១៩៩១មកម្លេះ ។ ប៉ុន្តែនៅកំឡុងឆ្នាំ២០២៤ ដោយអ្នកគ្រប់គ្រងអាគារខុនដូរ ដែលកំពុងមានវិវាទជាមួយគ្នានោះ បានធ្វើការជួលច្រកដីឡូតិ៍ខាងលើ ពីម្ចាស់ដីឡូតិ៍ ដោយផ្តល់តម្លៃជួលជាទឹកប្រាក់ក្នុងតម្លៃមួយសមរម្យ ជាប្រចាំខែ ។
ក្នុងមួយរយៈពេលក្រោយជាច្រើនខែកន្លងមកនេះ ភាគីអ្នកគ្រប់គ្រងខុនដូរខាងលើ បានបញ្ឈប់ការផ្តល់ទឹកប្រាក់ថ្លៃជួលច្រកខាងលើ ទៅឲ្យម្ចាស់ដីឡូតិ៍ មិនគោរពតាមកិច្ចសន្យាជួល ទើបបង្កឲ្យមានការវិវាទតវ៉ា តែម្តងទៅ ។
លោក ថេង សុថុល អភិបាលខណ្ឌ៧មករា អំពាវនាវសូមឲ្យបងប្អូនអ្នកពាក់ព័ន្ធ មេត្តារក្សាភាពស្ងប់ស្ងៀម ទុកលទ្ធភាពឲ្យរដ្ឋអំណាច និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ទីរ និងក្រសួងជំនាញដែនដី ព្យាយាមសម្របសម្រួលដោះស្រាយបញ្ហានេះជូនបងប្អូន ស្របតាមយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា ។ លោកស្នើឲ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមបន្តទៀត ។
លោកអភិបាលខណ្ឌបញ្ជាក់ច្បាស់ៗថា អ្វីដែលជាសម្បត្តិសាធារណៈ នៅតែជាសម្បត្តិសាធារណៈ ទុកសម្រាប់ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម ពុំអនុញ្ញាតឲ្យបុគ្គលណារំលោភបំពាននោះឡើយ ។ ក៏ប៉ុន្តែប្រសិនបើសម្បត្តិណា ជាកម្មសិទ្ធិឯកជន គឺរដ្ឋអំណាចត្រូវតែថែរក្សាជូនគាត់ឲ្យស្របទៅតាមច្បាប់ទម្លាប់ បញ្ចៀសដាច់ខាតពីការរំលោភបំពានពីភាគីណាមួយដែលពុំមែនជាម្ចាស់កម្មសិទ្ធិ ៕




ចែករំលែកព័តមាននេះ