ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​រវល់​ទៅ​សែន​ចូលឆ្នាំចិននៅផ្ទះ​ម្ដាយ​ស្រាប់តែខ្ទេចអស់គ្រឿង​ក្នុង​ផ្ទះខ្លួន​ឯង​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​គ្រួសារ​មួយ​បាន​អុជ​ធូប​សែន​កុងម៉ា ​រួច​បាន​អង្គុយ​ចាំ​រហូត​ដល់​ពេល​ភ្លើង​ធូប​រលត់ អស់ បន្ទាប់​មក​ពួក​គាត់​បាន​បើកភ្លើង​ធូប​អគ្គិសនី​នៅកន្លែង​​រាន​កុងម៉ា ​ ។ ​ក្រោយ​ពេល​សែន​រួចរាល់​ ពួក​គាត់​ក៏​បាន​បិទទ្វារ​ផ្ទះ​ចាក់សោត្រឹមត្រូវ​…

រាជធានី​ភ្នំពេញ ​៖ ​ក្រុម​គ្រួសារ​មួយ​បាន​អុជ​ធូប​សែន​កុងម៉ា ​រួច​បាន​អង្គុយ​ចាំ​រហូត​ដល់​ពេល​ភ្លើង​ធូប​រលត់ អស់ បន្ទាប់​មក​ពួក​គាត់​បាន​បើកភ្លើង​ធូប​អគ្គិសនី​នៅកន្លែង​​រាន​កុងម៉ា ​ ។ ​ក្រោយ​ពេល​សែន​រួចរាល់​ ពួក​គាត់​ក៏​បាន​បិទទ្វារ​ផ្ទះ​ចាក់សោត្រឹមត្រូវ​ ហើយ​បាន​ចាកចេញ​ទៅ​សែន​​ចូលឆ្នាំ​ចិន​នៅ​ឯ​ផ្ទះ​ម្ដាយ​ដើម្បី​ជួបជុំ​បង​ប្អូន ដែល​ស្ថិត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ដែរ ​ស្រាប់តែ​ភ្លើង​ធូប​អគ្គិសនី​នៅ​រាន​កុងម៉ា​ក្នុងផ្ទះ​របស់​​ពួក​គាត់​បាន​ឆ្លង​ចរន្ត​អគ្គិសនី​ បង្ក​​​ជា​អគ្គិភ័យ​​ឆាបឆេះ​អស់​គ្រឿងក្នុង​ផ្ទះ​ផ្អើល​ទាំង​ព្រឹក​តែ​ម្ដង​។

ហេតុការណ៍​​ខាងលើនេះ​​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុចផ្ទះ​មួយកន្លែងស្ថិត​ក្នុងភូមិ​តា​ងួ​ន​២ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​​ខាងលើនេះគឺ​ជា​ផ្ទះថ្ម​ដែល​មាន​បណ្ដោយ​១៥​ម៉ែត្រ​គុណ​នឹង​ទទឹង​៤​ម៉ែត្រ​ ​មាន​ម្ចាស់​ឈ្មោះ មាស វង្សា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា ​។ ​ចំណែក​សម្ភារៈ​ក្នុងផ្ទះ​​រួម​មាន​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ធូ​ដេ​​ ត្រូវ​ភ្លើង​ឆេះ​អស់​ប្រហែល​៣០%,​ ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ ពាក់​​ស្លាក​លេខ ភ្នំពេញ​ ​១DG-៥៥៣៦ ត្រូវភ្លើង​​ឆេះ​អស់​ប្រហែល​៥០% រីឯ​ទូរទស្សន៍​ព​ណ៌​១​គ្រឿង និង​​ទូ​ដាក់​សម្លៀក​បំពាក់​​១គ្រឿងក៏ត្រូវភ្លើងឆេះផងដែរ​​ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះ​ដែល​​នៅ​ក្បែរ​ខាង​ឡេ​ី​យ ដោយ​​អ្នក​ភូមិ​​បាននាំគ្នា​ជួយ​ពន្លត់​ទាន់ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ម្ចាស់ផ្ទះ​​កើតហេតុ​ខាងលើ​និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​សែន​នៅ​ក្នុងផ្ទះ​របស់​ខ្លួន បន្ទាប់​មក​ពួក​គាត់​បាន​អង្គុយ​រង់ចាំ​រហូត​ដល់​ភ្លើង​ធូប​រលត់​អស់​ទាំងស្រុង ទើប​នាំ​គ្នា​បើកភ្លើង​ធូប​អគ្គិសនី​​នៅកន្លែង​កុងម៉ា​ ។ ​ក្រោយមក​ពួក​គាត់​ក៏​បាន​បិទទ្វារ​ផ្ទះរ​ចាក់សោរ​រួចរាល់ ​ទើប​នាំ​គ្នា​ចាកចេញ​ទៅ​កាន់​ផ្ទះ​ម្ដាយ​នៅ​ជិត​នោះ​ដែរ ដើម្បី​សែន​​ចូលឆ្នាំ​ចិន​ជួបជុំ​បងប្អូន​សាច់ញាតិ​របស់​​ពួកគាត់​ ​ដោយ​មិន​បាន​បិទ​បា​រ៉ែត​ក្នុង​​ផ្ទះ​ខ្លួនឯង​ឡើយ​ ។ ខណៈ​ពួកគាត់​កំពុង​ស្ថិត​នៅផ្ទះ​ម្ដាយ​ក៏​ស្រាប់តែ​អ្នកស្រុក​ប្រទះ​ឃើញ​មាន​ផ្សែងហុយ​យ៉ាង​ឃ្មួ​ល​ខ្មាញ់​ចេញពី​ក្នុងផ្ទះ​របស់​គាត់​បង្ក​ឲ្យ​មា​ន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

តាម​ប្រភព​​ព័ត៌​មាន​​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​អ្នក​ភូមិ​បាន​នាំ​គ្នា​ដងទឹក​ជះ​ ព្រមទាំង​​យក​បំពង់​ពន្លត់អគ្គីភ័យ​ជា​ច្រើន​បំពង់​ទៅ​បាញ់​ពន្លត់​រហូត​ដល់​រលត់​អស់​ទាំងស្រុង​ មុន​ពេល​​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​​បានចុះ​មក​ដល់​ ​ហើយ​ភ្លើង​​មិន​បាន​ឆេះ​​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​ឡើយ ប៉ុន្តែ​រថយន្ត​ពន្លត់អគ្គីភ័យ​នៅ​តែ​បាញ់​ទឹក​អស់​១​សុ​ី​ទែន​ផង​ដែរ ព្រោះ​មិន​ទុកចិត្ត​ថា​រលត់​ទាំងស្រុង ​។ ​ដោយឡែក​នគរបាល​បាន​បញ្ជាក់​ថា​ គ្រោះ​អគ្គី​ភ័យ​នេះ​បង្ក​ឡើង​ដោយ​ការ​ទុ​ស្សេ​ខ្សែភ្លើង​ចេញពី​ភ្លើង​ធូប​អគ្គិសនី​នៅ​រាន​កុងម៉ា​ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​​មនុស្ស​ណា​​ម្នាក់​​រង​របួស​​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ