ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្ម​ក្នុងស្រុក​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង​ពី​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា​ គ្មាន​បញ្ហា​ចោទ​សម្រាប់​ឆ្នាំ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ បទ​ពិសោធន៍​ដែល​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​បាន​ទទួល​នា​ឆ្នាំ​កន្លង​មក​ដែល​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​តូច​-​ធំ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​អគ្គិសនី​ដាច់​ចរន្ត​ផ្គត់ផ្គង់​ជា​ញឹកញាប់​ក្នុង​មួយ​ថ្ងៃ​ៗ​កំឡុង​ពេល​រដូវប្រាំង​ទៅ​នេះ​។ ​ផ្នែក​លើ​បញ្ហា​ធ្លាប់​ជួប​ប្រទះ​ខាងលើ ម្ចាស់​ឧស្សាហកម្ម​ក្នុងស្រុក​បាន​បង្ហាញ​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ទៅ​ដល់​រោងចក្រ​នៅ​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​មន្ត្រី​របស់​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី​នឹង​មិនកើត​មាន​ឡើង​ដូច​ឆ្នាំ​មុន​នោះ​ទេ​។ ​ លោកស្រី​ឧកញ៉ា កែវ មុំ…

​រាជធានី​ភ្នំពេញ​៖ បទ​ពិសោធន៍​ដែល​ម្ចាស់​អាជីវកម្ម​ក្នុងស្រុក​បាន​ទទួល​នា​ឆ្នាំ​កន្លង​មក​ដែល​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​តូច​-​ធំ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​អគ្គិសនី​ដាច់​ចរន្ត​ផ្គត់ផ្គង់​ជា​ញឹកញាប់​ក្នុង​មួយ​ថ្ងៃ​ៗ​កំឡុង​ពេល​រដូវប្រាំង​ទៅ​នេះ​។ ​ផ្នែក​លើ​បញ្ហា​ធ្លាប់​ជួប​ប្រទះ​ខាងលើ ម្ចាស់​ឧស្សាហកម្ម​ក្នុងស្រុក​បាន​បង្ហាញ​ក្តី​បារម្ភ​ជា​ខ្លាំង​អំពី​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ទៅ​ដល់​រោងចក្រ​នៅ​ឆ្នាំ​២០២០​នេះ ប៉ុន្តែ​មន្ត្រី​របស់​រាជរដ្ឋាភិបាល​បាន​អះអាង​ថា​បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី​នឹង​មិនកើត​មាន​ឡើង​ដូច​ឆ្នាំ​មុន​នោះ​ទេ​។ ​

លោកស្រី​ឧកញ៉ា កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួ​លី​លី មាន​ប្រសាសន៍​ឱ្យ​កាលពី​ថ្ងៃ​ទី​២១ ខែមករា ថា «​ចំពោះ​ខ្ញុំ​ដែល​ជា​ម្ចាស់​ឧស្សាហកម្ម​មួយ​រូប​គឺ​មានការ​ព្រួយបារម្ភ​ខ្លាំង​មែនទែន​ចំពោះ​ការ​កង្វះខាត​ថាមពល​អគ្គិសនី​ផ្គត់ផ្គង់​នៅ​តាម​អគារ​រោងចក្រ​។ អីចឹង​វា​មិនមែន​តែ​រូប​ខ្ញុំ​ម្នាក់​នោះ​ទេ សូ​ម្បី​តែ​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​មានការ​ព្រួយបារម្ភ​នូវ​ការ​កង្វះខាត​អគ្គិសនី​នេះ​ដែរ ។ កាលពី​ចុងឆ្នាំ​២០១៩ ឃើញ​ប្រកាស​របស់​សម្តេច​ចេញ​មក​ថា បច្ចុប្បន្ន​អគ្គិសនី​ដែល​ដើរ​ដោយ​កំលាំង​ទឹក​គឺ​មានការ​ខ្វះខាត​ទឹក ហើយ​ការ​ផលិត​អគ្គិសនី​ក៏​មានការ​ខ្វះខាត អីចឹង​វា​ជា​ការ​បារម្ភ​របស់ខ្ញុំ​ក៏​ដូច​ជា​ឧស្សាហករ​ដទៃ​ទៀត​ផង​ដែរ​»​។

ខណៈ​នឹង​ក្តី​បារម្ភ​ខ្លាច​រោងចក្រ​មិន​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​ដូច​កាល​រដូវប្រាំង​ឆ្នាំ​មុន នាយិកា​ផលិត​នំ​ស្រួយ​លី​លី បាន​នឹង​កំពុង​រៀបចំ​តម្លើង​ម៉ាស៊ីនភ្លើង​ទុក​ជំនួយ​ពេល​ចរន្តអគ្គិសនី​ត្រូវ​បាន​ដាច់​ចរន្ត​។ ​លោកស្រី​ឧកញ៉ា​បាន​បញ្ជាក់​ថា «​ដោយសារ​មានការ​កង្វះខាត​ថាមពល​អគ្គិសនី​បែប​នេះ ក្រុមហ៊ុន​យើង​កំពុងធ្វើការ​ទាក់ទង​ខាង​តម្លើង​ផ្ទាំង​សូ​លា (​ថាមពលព្រះអាទិត្យ​)​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​រោងចក្រ ហើយ​យើង​ក៏​បាន​ត្រៀម​នូវ​ម៉ាស៊ីនភ្លើង​ប្រើប្រាស់​ជំនួស​អគ្គិសនី ។ កាលពី​ឆ្នាំ​២០១៩ នៅ​ពេល​ការ​ផ្គត់ផ្គង់​អគ្គិសនី​មាន​មិន​គ្រប់គ្រាន់ ធ្វើ​ឱ្យ​យើង​មានការ​ខាតបង់​ច្រើន នៅ​ពេល​ខ្សែ​សង្វា​ក់​ផលិតកម្ម​មួយ​កំពុង​តែ​ដំណើរការ​សុខ​ៗ ស្រាប់តែ​មក​ដាក់​ភ្លើង​បែប​នេះ ។ អីចឹង​ផលិតផល​ដែល​នៅ​ជាប់​ក្នុង​ម៉ាស៊ីន​នោះ​គឺ​វា​នឹង​ខូច ហើយ​នំ​ដែល​ខ្ញុំ​ផលិត​វា​ស្រួយ ព្រោះ​យើង​ត្រូវ​ប្រើ​ភ្លើង​ដុត​ឱ្យ​ក្តៅ​ខ្លាំង​លុះដល់​សង្វា​ក់​ផលិតកម្ម​មិន​ដើរ ធ្វើ​ឱ្យ​នំ​ទាំងនោះ​ឆេះ​ទាំងអស់ ។ ដូចនេះ​ពេល​ដាច់​ភ្លើង​តែ​មួយ​ភ្លែត​នេះ​ធ្វើ​ឱ្យ​យើង​ខូចខាត​អស់​ច្រើន​, ចំណាយពេល​សម្អាត​និង​ត្រូវការ​ច្រើន​ម៉ោង​ទម្រាំ​ដំណើរផលិត​បាន​ដូច​ដើម និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ផ្សេង​ទៀត​ប្រឈម​ការ​ខូច​ត​ខាត​ជាដើម​»​។

​ពាក់ព័ន្ធ​នឹង​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ​២០២០ ពិសេស​នៅ​រដូវប្រាំង​ខាង​មុខ​នេះ​ត្រូវ​បាន​ថ្នាក់ដឹកនាំ​ប្រទេស​ព្យា​ការណ៍​ថា​នឹង​មាន​រហូត​ដល់​ជាង​២​ពាន់​មេ​ហ្គា​វ៉ា​ត់ ពោល​មាន​ច្រើន​ជាង​កាលពី​ឆ្នាំ​២០១៩ ដែល​មាន​តែ​ជាង​១​ពាន់​មេ​ហ្គា​វ៉ា​ត់ ។ តែ​ទោះជា​យ៉ាងនេះ​ក្តី បញ្ហា​កង្វះខាត​ថាមពល​អគ្គិសនី​នឹង​មិនកើត​ឡើង​ដូច​ឆ្នាំ​មុន​នោះ​ទេ​។

លោក ស៊ុ​យ សែន រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​បានឱ្យ​ដឹង​ថា «​យើង​ឃើញ​ថា​នៅ​ឆ្នាំ​២០២០​នេះ​សេចក្តី​ត្រូវការ​ថាមពល​នៅ​ក្នុង​បន្ទុក​ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ​មាន​ប្រមាណ​២.២១៤​មេ​ហ្គា​វ៉ា​ត់ ឡើង​លើស​កាលពី​ឆ្នាំ​២០១៩​។​កាលពី​ឆ្នាំ​២០១៩​ត្រូវការ​១.៨០០ តែ​ឥឡូវនេះ​ត្រូវការ​២.២១៤​មេ​ហ្គា​វ៉ា​ត់ អីចឹង​យើង​ត្រូវ​ថែម​អគ្គិសនី​៤១៤​មេ​ហ្គា​វ៉ា​ត់​ទេ គឺ​គ្រប់គ្រាន់​នេះ​នៅ​ក្នុង​បន្ទុកអគ្គិសនី​អតិបរមា​ខ្ពស់​បំផុត​»​។ ​លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា «​ដូច្នេះ​យើង​ចង់​បញ្ជាក់​ថា បញ្ហា​ខ្វះ​អគ្គិសនី​នៅ​រដូវប្រាំង​នា​ឆ្នាំ​២០២០​នេះ​នឹង​មិន​មាន​កើតឡើង​ទៀត​ទេ ។ យើង​ធានា​ព្រោះ​យើង​មាន​លើស​ពី​សេចក្តី​ត្រូវការ​»​។

​បើ​តាម​លោក​រដ្ឋមន្ត្រី នៅ​ឆ្នាំ​២០២០​នេះ ក្រសួង​បាន​ដាក់​ចេញ​នៅ​វិធាន​សំខាន់​ៗ​មួយ​ចំនួន​ត្រូវ​ផ្គួប​ឬ​ផ្គុំ​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​កុំឱ្យ​មានការ​ខ្វះ​ថាមពល​ដូច​ឆ្នាំ​មុន​ទៀត ។ នៅរដូវប្រាំង​ក្នុង​ឆ្នាំ​២០២០​នេះ​ចាប់ផ្តើម​គិត​ពី​ការ​សន្សំ​សំចៃ​ទឹក​នៅ​ក្នុង​អាង​វ៉ា​រី​អគ្គិសនី​យើង​ទាំងអស់​, ត្រូវ​អភិវឌ្ឍ​ប្រភព​ណា​ដែល​អាច​ជួយ​ផ្គត់ផ្គង់​ដល់​ប្រភព​វ៉ា​រី​អគ្គិសនី ដូច​ជា​ប្រភព​ជួយ​សន្សំ​សំចៃ​ទឹក ដើម្បី​ឱ្យ​សេចក្តី​ត្រូវការ​ថាមពល​ធានា​ថា​នឹង​មិន​ខ្វះ​ទេ​នៅ​ក្នុង​រដូវប្រាំង​ឆ្នាំ​២០២០​។ ​

លោកស្រី​ឧកញ៉ា កែវ មុំ បាន​មាន​ប្រសាសន៍​ថា «​នៅ​ឆ្នាំ​២០២០​នេះ បើសិន​មិន​មានការ​កង្វះខាត​ថាមពល​អគ្គិសនី​យក​មក​ផ្គត់ផ្គង់​នៅ​តាម​ឧស្សាហកម្ម​នោះ​ទេ វា​ជា​រឿង​ប្រពៃ​ល្អ​ណាស់ ព្រោះ​នៅ​តាម​រោងចក្រ​ដំណើរការ​នៅ​ពេល​មាន​អគ្គិសនី​គ្រប់គ្រាន់ ធ្វើ​ឱ្យ​ការ​បិទ និង​បើក​នៅ​ម៉ា​ស៊ី​មានដំណើរ​ការ​ដោយ​រលូន ផលិតភាព​បាន​កាន់តែ​ច្រើន មានភ្លើង​ប្រើប្រាស់​បាន​ទៀត​ទាត់ ។ ដូចនេះ​យើង​សង្ឃឹមថា​អាច​នឹង​មិន​មានការ​ខ្វះខាត​អគ្គិសនី​នៅ​ពេល​ខាង​មុខ ដោយ​យើង​ឃើញ​ថា រាជរដ្ឋាភិបាល​មានការ​ខិតខំ​ប្រឹងប្រែង​លើ​បញ្ហា​នេះ​»៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ