ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EBA នឹង​ត្រូវ​ដក​ពី​កម្ពុជា​ទាំងស្រុង​ឬ​យ៉ាងណា ខណៈ​នៅ​សល់​តែ​៣​ស​ប្តា​ហ៍ EU នឹង​ប្រកាស​លទ្ធផល​ផ្លូវការ?

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «​គ្រប់មុខ​ទំនិញ​លើកលែងតែ​ស​ព្វាវុ​ធ​» ឬ​ហៅ​ថា Everything But Arm—EBA ដែល​សហភាព​អឺរ៉ុប (EU) ផ្តល់​មក​ឱ្យ​កម្ពុជា​អាច​នឹង​ត្រូវ​បាន…

​រាជធានី​ភ្នំពេញ​៖ ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «​គ្រប់មុខ​ទំនិញ​លើកលែងតែ​ស​ព្វាវុ​ធ​» ឬ​ហៅ​ថា Everything But Arm—EBA ដែល​សហភាព​អឺរ៉ុប (EU) ផ្តល់​មក​ឱ្យ​កម្ពុជា​អាច​នឹង​ត្រូវ​បាន EU ប្រកាស​លទ្ធផល​វាយតម្លៃ​ជា​ផ្លូវការ​របស់​ខ្លួន​យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ថា​តើ EBA នឹង​ត្រូវ​រក្សា​ទុក ត្រូវ​ដក​ផ្នែក​ខ្លះ ឬ​ត្រូវ​ដក​ទាំងស្រុង​ពី​កម្ពុជា ។ ​ស្ថិត​ក្នុង​អន្តរកាល​នៃ​ការ​វាយតម្លៃ​របស់ EU​នេះ មាន​មហាជន​ជា​ច្រើន​បាន​នឹង​កំពុង​តាមដាន ហើយ​អ្នកខ្លះ​យល់​ថា​កម្ពុជា​ប្រឈម​និង​បាត់បង់​EBA​នេះ​ទាំងស្រុង​នា​ពេល​ខាង​មុខ​នេះ​។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​ង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បាន​មាន​ប្រសាសន៍ សល់​៣​ស​ប្តា​ហ៍​ទៀត EU នឹង​ប្រកាស​ជា​ផ្លូវការ​នូវ​សេចក្តីសម្រេច​របស់​ខ្លួន​ថា​តើ​ត្រូវ​រក្សា​ទុក​ត្រូវ​ដក​ផ្នែក​ខ្លះ ឬ ត្រូវ​ដក​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម «​គ្រប់មុខ​ទំនិញ​លើកលែងតែ​សព្វាវុធ – Everything But Arm» ពី​ប្រទេស​កម្ពុជា​។

​បើ​តាម​លោក​អគ្គលេខាធិការ​រង GMAC ចាប់​តាំង​តែ​ពី​ថ្ងៃ​ដំបូង​ដែល EU​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​ចាប់ផ្តើម​នីតិវិធី​របស់​ខ្លួន​ក្នុង​ការ​ត្រួតពិនិត្យ និង​វាយតំលៃ​ដើម្បី​ឈាន​ដល់​ការ​ធ្វើ​សេចក្តីសម្រេច​ចិត្តជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ខាង​មុខ​។

លោក កាំ​ង ម៉ូ​នី​កា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ខ្ញុំ​តែងតែមាន​ទំនុកចិត្ត​ថា​នឹង​មិន​មានការ​ដក​ទាំងស្រុង​ទេ​។ ខ្ញុំ​កាន់តែ​មាន​ទំនុកចិត្ត​បើ​និយាយ​ពី​ការ​អនុវត្តន៍​លក្ខខណ្ឌ​ការងារ និង​ការ​គោរព​សិទ្ធិ​ការងារ​ចំពោះ​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​។ សម្រាប់​វិស័យ​កាត់ដេរ យើង​បាន​អនុវត្ត​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (Better Factories Cambodia – BFC) ចាប់តាំងពី​ឆ្នាំ​២០០១​មក​ម្លេះ ដែល​គ្រប់​រោងចក្រ​ទាំងអស់​សុទ្ធតែ​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ​ពី​មន្ត្រី​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ ដែល​ជា​ស្ថាប័ន​ជំនាញ​មួយ​របស់​អង្គការសហប្រជាជាតិ​»​។

​លោក​បាន​លើក​ឡើង​ថា ការ​អនុវត្ត​ដោយ​ជោគជ័យ​របស់ BFC ក្នុង​ការ​ចូលរួម​ចំនែក​លើកកម្ពស់​លក្ខ​ខ័​ណ្ឌ​ការងារ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គំរូ​ល្អ​មួយ ហើយ​បាន​យក​ទៅ​អនុវត្ត​តាម (​ដោយ​ដាក់​ឈ្មោះ​ថ្មី​ថា កម្មវិធី​ការងារ​កាន់តែ​ប្រសើរ – Better Work) នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​ដូច​ជា បង់​ក្លា​ដេ​ស អេ​ហ្សី​ប ប្រទេស​អេ​ត្យូ​ពី ហៃ​ទី ឥណ្ឌូ​នេ​ស៊ី វៀតណាម ហ្ស៊​ក​ដា​នី និង​នី​កា​រ៉ា​ហ្គា ។ ​ខណៈ​លទ្ធផល​វាយតម្លៃ​ដែល EU គ្រោង​ប្រកាស​ជា​ផ្លូវការ​យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ដី​ខ្លី​ខាង​មុខ​នេះ សម្រាប់​កម្ពុជា​តើ​អាច​ប្រឈម​នឹង​ការ​បាត់បង់​ទាំងស្រុង​នូវ​អត្ថប្រយោជន៍​ពី Everything But Arm ឬ​យ៉ាងណា? លោក កាំ​ង ម៉ូ​នី​កា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​កម្ពុជា​មិនល្អ​ឥត​ខ្ចោះ​នោះ​ទេ តែ​ចំនុច​ខ្វះខាត​ក៏​មិន​ដល់​កម្រិត​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំង​ដល់​ថ្នាក់ EU​ត្រូវ​ដក​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​នោះ​ទេ​។ ក្រៅ​តែ​ពី​លទ្ធិប្រជាធិបតេយ្យ EU​ត្រូវ​ត្រួតពិនិត្យ​មើល​ជា​រូបភាព​ធំ​អំពី​ការ​វិវឌ្ឍន៍​ជា​វិជ្ជមាន​នៅ​កម្ពុជា ជា​ពិសេស​ការ​រីក​លូតលាស់​សេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន ដែល​អនុញ្ញាតិ​ឱ្យ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​បាន​ងើប​ផុត​ពី​ភាព​ក្រីក្រ​។ ការ​ដក​ផ្នែក​ខ្លះ​លើ​មុខទំនិញ​នាំ​ចេញ​ផ្សេង​ៗ​អាច​នឹង​កើត​មាន​។

នៅ​ក្នុង​ក្របខ័ណ្ឌ EU​ទោះបីជា​ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប (​ក្រសួងពាណិជ្ជកម្ម​អឺរ៉ុប​) មាន​អំណាច​ខ្លាំង​ក្នុង​ការ​ស្នើ​រដក​ប្រព័ន្ធ​អនុគ្រោះ​នេះ​ក៏​ដោយ ក៏​មាន​រដ្ឋ​ជា​សមាជិក​ផ្សេង​ៗ​នៃ​សភា​អឺរ៉ុប និង​ស្នងការ​ផ្សេង​ៗ​ទៀត​មិន​បាន​គាំទ្រ​លើ​ការ​[​ដក​ទាំងស្រុង​]​នូវ​ប្រព័ន្ធ​អនុគ្រោះ​នេះ​ដែរ ដោយ​ពួក​គេ​មានការ​ពិចារណា​ខ្ពស់​ទៅ​លើ​ផល​ប៉ះពាល់​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​លើ​ប្រទេស​កម្ពុជា ជា​ពិសេស​កម្មករ​របស់​យើង​ដែល​ងាយ​និង​ធ្លាក់​ទៅ​រក​ភាព​ក្រីក្រ​វិញ​» ។

យ៉ាងណាមិញ លោក​ក៏​ចោទ​ជា​សំនួ​រថា តើ​ការ​ដក​ផ្នែក​ខ្លះ​នេះ​នឹង​មាន​ទំហំ​ប៉ុណ្ណា? ហើយ​លោក​បាន​បន្ត​ថា « តាម​ការ​គិត​ផ្ទាល់ខ្លួន​របស់ខ្ញុំ ការ​ដក​នេះ​នឹង​មិន​ច្រើន​រហូត​ដល់​ថ្នាក់​ធ្វើ​អោយ​កម្ពុជា​វឹកវរ​នោះ​ទេ​។ ផល​ប៉ះពាល់​រយៈពេល​ខ្លី​នឹង​កើត​មាន ហើយ​យន្តការ​ដោះស្រាយ​នឹង​មាន​ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានភាព​អោយមក​ប្រក​តី​វិញ​។ ពេល​នេះ​ក៏​ជា​ឱកាស​មាស​សម្រាប់​ជម្រុញ​ឱ្យ​មាន​កំណែទម្រង់​ស៊ី​ជ្រៅ​ដើម្បី​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​រយៈពេល​វែង​» ។

លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​មាន​សុទិដ្ឋិនិយម​ថា​សហភាព​អឺរ៉ុប​នឹង​មិន​ដក EBA ពី​ប្រទេស​កម្ពុជា​ឡើយ ។ ​លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ជឿជាក់​ថា EU នឹង​មិន​ដក​ប្រព័ន្ធ EBA ពី​កម្ពុជា​នោះ​ទេ ព្រោះ EU ពិតជា​បានដឹង​ច្បាស់​ថា​អ្នក​ដែល​រង​គ្រោះ​គឺ​កម្មករ ហើយ​ណាមួយ​ទៀត​ស្ថានភាព​នៅ​កម្ពុជា​ក៏​មាន​ភាព​ប្រសើរ​» ។

ចំណែក លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា «​ចំពោះ​យោបល់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ជឿ​ថា EU អត់​ដក​ទាំងស្រុង​នោះ​ទេ តែ​ដក​ខ្លះ​តែ​អ្វី​ដែល​ត្រូវ​ដក​នោះ​យើង​មិន​ទាន់​ដឹង​ច្បាស់​ទេ មាន​តែ​រង់ចាំ​ដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០»​។ លោក​បាន​បន្ថែម​ទៀត​ថា «​កន្លង​មក​យើង​ព្យាយាម​ពន្យល់​ដល់ EU ថា​នៅ​ក្នុង​វិស័យ​យើង យើង​បាន​ធ្វើ​ល្អ​គ្រប់​លក្ខខណ្ឌ ។ យើង​បាន​សំណូមពរ​ទៅ​ដល់​EU​សូម​ឱ្យ​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់ ព្រោះ​យើង​បាន​ព្យាយាម​ធ្វើ​ល្អ​នៅ​ក្នុង​វិស័យ​នេះ​គ្រប់​លក្ខខណ្ឌ​ទាំង​អស់ហើយ​»​។

បើ​តាម​លោក​អគ្គលេខាធិការ​សមាគម ការ​នាំ​ចេញ​ផលិត​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ទៅ​កាន់ EU មានការ​ធ្លាក់​ចុះ​តិចតួច​។ តែបើ​និយាយ​ជា​រួមការ​នាំ​ចេញ​គិត​ត្រឹម​រយៈពេល​១០​ខែ​ឆ្នាំ​២០១៩​កន្លង​ទៅ​មានការ​កើនឡើង​ប្រមាណ​៦% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​។

ពាក់ព័ន្ធ​នឹង​ផល​ប៉ះពាល់​ភ្លាម​ៗ បើសិន​កម្ពុជា​បាត់បង់ EBA ទាំងស្រុង​នោះ​គឺ​សេដ្ឋកិច្ច​របស់​កម្ពុជា​អាច​ត្រូវ​ខាតបង់​ទឹកប្រាក់​ប្រមាណ ៦០០ ទៅ​៧០០ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។ ចំណែក​វិស័យ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​មុខ​គេ រួម​មាន វិស័យ​កាត់ដេរ ការ​នាំ​ចេញ​ស្ករ និង​វិស័យ​កសិកម្ម​ផ្សេង​ទៀត​ដែល​មាន​ទំនិញ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នោះ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ