ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​ដាច់​ស្រ​យាល​​ទទួល​បាន​អគារ​បណ្ណាល័យ​សិក្សា​សហ​គមន៍​​មួយ​បន្ថែម​ទៀត

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ​លោក​ ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត និង​តំណាង​មូល​​និ​ធី…

ខេត្ត​​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ​លោក​ ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត និង​តំណាង​មូល​​និ​ធី និង​សប្បុរសជន បាន​អញ្ជើញ​កាត់​ខ្សែបូ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អាគារ​បណ្ណាល័យ​សិក្សា​សហ​គម ន៍​របស់​សាលា​បឋម​សិក្សា​ទំនប់​ហៅ​កាត់​ថា SCCFA ប៉ៃលិន ដែល​ជា​អំណោយ​របស់​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា​-​អូស្ត្រាលី ស្ថិត​នៅ​ភូមិ​ទំនប់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

លោកស្រី ប៊ុ​ន ឡឺ​វី​សេ​ដា ប្រធាន​មូល​នី​ធិ​សង្គ្រោះ​កុមារ​កម្ពុជា​-​អូស្ត្រាលី បាន​មាន​ប្រសាសន៍​ជំរុញ​ដល់​អាណាព្យាបាល​សិស្ស​ត្រូវ​បញ្ជូន​កូនចៅ​មក​ចូល​រៀន​ឲ្យ​បាន​គ្រប់​ៗ​គ្នា ព្រោះថា​នេះ គឺជា​ឱកាសល្អ​សំរាប់​ក្មួយ​ៗ កុមារ​ដែល​មាន​សាលារៀន​នៅ​ជិត​ផ្ទះ​របស់​ខ្លូ​ន ដើម្បី​កុំ​ម្ចាស់​ជំនួយ និង​សប្បុរសជន​ខកបំណង ព្រោះ​ពួក​គាត់​ចង់​ឲ្យ​កុមារ​នៅ​កម្ពុជា ជា​ពិសេស​កុមារ​នៅ​តំបន់​ដាច់​ស្រយាលមួយ​​នេះ​បាន​សិក្សា​រៀនសូត្រ​ទទួល​ចំណេះដឹង​គ្រប់​ៗ​គ្នា ។

លោកស្រី​បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ការ​សាងសង់​បណ្ណាល័យ​សិក្សា​សហ​គមន៍​​នេះ​ឡើង គឺ​ដើម្បី​បណ្តុះ​គំ​និ​ត​​អោយ​ក្មួយ​ៗ​សិស្សានុសិស្ស​ស្រលាញ់​ការ​សិក្សា និង​ការ​អាន​សៀវភៅ ដើម្បី​បណ្តុះ​ផ្នត់គំនិត និង​ចំណេះដឹង ហើយ​មូល​នី​ធិ និង​សប្បុរសជន​សូម​សន្យា​ថា នឹង​បន្ត​ការ​ជួយ​ជ្រោមជ្រែង និង​ឧបត្ថម្ភ​គាំទ្រ​ដល់​សាលា​អោយ​បាន​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​លើ​វិស័យ​អប់រំ​នេះ​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ លោកស្រី ប៊ុ​ន ឡឺ​វី​សេ​ដា បាន​មាន​ប្រសាសន៍​សំ​ណូ​ម​ពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន សហគមន៍ លោកគ្រូ អ្នកគ្រូ និង​ក្មួយ​ៗ​សិស្សានុសិស្ស ត្រូវ​ចូលរួម​ថែទាំ​សមិទ្ធផល​ថ្មី​នេះ​ឲ្យ​បាន​ល្អ ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង ជា​ពិសេស​ត្រូវ​ជំរុញ​កូនចៅ​ឲ្យ​ខិតខំ​សិក្សា​រៀនសូត្រ ពីព្រោះ​ការ​សិក្សា​រៀនសូត្រ គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ចំណេះដឹង ចំណេះធ្វើ សំរាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និង ប្រទេស​ជាតិ​ឲ្យ​មាន​រីក​ចម្រើន​ទៅ​ថ្ងៃ​អនាគត់​ផង​ដែរ​។

​លោក​ ចេ​ង ញ៉ា​ន់ អភិបាលរង​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា​ នេះ​ជា​សមិទ្ធិ​ផល​ថ្មី​មួយ ទៀត ដែល​មូលនិធិ​សង្គ្រោះ​កុមារ​កម្ពុជា​-​អូស្ត្រាលី បាន​ផ្តល់​ឲ្យ​ក្មួយ​ៗ​សិស្សានុសិស្ស នៅ​សាលា​បឋម​សិក្សា​ទំនប់​ហៅ​កាត់​ថា SCCFA ប៉ៃលិន ដើម្បី​សិក្សា​រៀនសូត្រ ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ដែល​ជា​ការ​ចូលរួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​តេ​ជោ សែន ជា​នាយក​រដ្ឋមន្ត្រី​។

​លោក​​អភិបាលរង​ខេត្ត បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ «​សុខ​សន្តិភាព​» ដែល​គ្រប​ដណ្តើម​លើ​ដែនដី​កម្ពុជា ក្នុង​រយៈពេល​២១​ឆ្នាំ​មកនេះ ជា​ធាតុ​បច្ច័យ​ដ៏​សំខាន់​បំផុត ដែល​នាំ​មក​នូវ​បម្រែបម្រួល​ជីវភាព បម្រែបម្រួល​ការ​រស់នៅ ពោរពេញ​ដោយ​ភាព​សប្បាយ​រីករាយ និង​ស្និទ​​ស្នាល ទោះបីជា​យើង​នៅ​ឆ្ងាយ​ពី​គ្នា​យ៉ាង​ក៏ដោយ ក៏យើង​អាច​មក​ជួប​គ្នា ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដូច្នេះ​យើង​ទាំងអស់​គ្នា សូម​អរគុណ​សន្តិភាព ដែល​បាន​នាំ​ឱ្យ​មាន​ភាព​រីក​ចម្រើន នាំ​ឱ្យ​មាន​ភាព​រុងរឿង និង​សប្បាយ​រីករាយ ហើយ​សូម​រួម​គ្នា​បន្ត​ពូន​ជ្រុំ​ថែរក្សា​សុខ​សន្តិភាព​ឱ្យ​បាន​គង់​វង់​ស្ថិតស្ថេរ ដើម្បី​បន្ត​រក្សា​បាន​នូវ​ការ​រីក​ចម្រើន រុងរឿង និង​ភាព​សុខដុមរមនា​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​ ចេ​ង ញ៉ា​ន់ ក៏បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​មូល​នី​ធិ​សង្គ្រោះ​កុមារ​កម្ពុជា​-​អូស្ត្រាលី និង​សប្បុរសជន​ទាំងអស់​ដែល​បាន​រួមចំណែក​ក្នុង​ការ​កសាង​អគារ​បណ្ណាល័យ​សិក្សា​ថ្មី​មួយ​នេះ​បន្ថែម​ទៀត នៅ​តាម​តំបន់​ដាច់​ស្រ​យ៉ា​ល​នេះ ហើយ​​លោក​​សង្ឃឹមថា មូល​នី​ធិ និង​សប្បុរសជន​ទាំងអស់ នឹង​បន្ត​ជួយ​បន្ថែម​ទៀត​ដល់​ខេត្ត​ប៉ៃលិន​។

នៅ​ក្នុង​ឱកាស​នោះ​ផង​ដែរ គណៈអធិបតី និង​សប្បុរសជនក៏​បាន​អញ្ជើញ​កាត់​ខ្សែ​បូ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​បណ្ណាល័យ​សិក្សា​សហ​គម​ថ្មី ព្រមទាំង​ចែក​សៀវភៅ ប៊ិ​ច សម្លៀក​បំពាក់ ជូន​ដល់​សិស្សានុសិស្ស ក្នុង​នោះ​លោក​ជំទាវ វ​ណ្ណា រ៉េ​ត ក៏បាន​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ចំនួន​២៥០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​ថវិកា ៤០០០​រៀល អាណាព្យាបាល​សិស្ស​ចំនួន​៣០០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១​ម៉ឺន​រៀល និង​លោកគ្រូ​អ្នកគ្រូ​ចំនួន​២៦​នាក់ ក្នុង​ម្នាក់​ៗ​ថវិកា​៤​ម៉ឺន​រៀល​។

បើ​តាម​របាយការណ៍​របស់ លោក ហ៊ឹ​ម លី​ហួ នាយក​សាលា​បឋម​សិក្សា​ទំនប់ ហៅ​កាត់​ថា SCCFA បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ សាលា​មាន​សិស្ស​សរុប​ចំនួន​២២៥​នាក់ គ្រូ​ចំនួន​៥​នាក់ ហើយ​កាលពីមុន​នៅ​ភូមិ​ទំនប់ សិស្សានុសិស្ស​រៀន​នៅ​តាម​សំ​យ៉ាប​ផ្ទះ​របស់​ប្រជាពលរដ្ឋ តែ​ក្រោយមក​នៅ​ឆ្នាំ​២០១២ មូល​នី​ធិ​សង្គ្រោះ​កុមារ​កម្ពុជា​-​អូស្ត្រាលី បាន​ផ្តល់​អគារសិក្សា​១​ខ្នង មាន​៣​បន្ទប់ បង្គន់​អនាម័យ​១​បន្ទប់ អណ្តូងស្នប់​ទឹក​១ និង​ក្លោ​ង​ទ្វារ​សាលា​១ ហើយ​នៅ​ក្នុង​ឆ្នាំ​២០១៧ មូល​នី​ធិ ក៏បាន​ចាប់​ផ្តើមកសាង​សាលារៀន​មួយ​ខ្នង​ទៀត ដែល​មាន​៣​បន្ទប់ និង​បង្គន់​អនាម័យ​១​បន្ទប់​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​តម្រូវការ​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ