ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង​ ៖ ច្រកចេញ​ចូល​អាច​កាត់​បន្ថយ​​ភាព​អធិបតេយ្យ​និងអំពើពុករលួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តពោធិ៍សាត់ ៖ សម្តេច​ក្រឡាហោម ស ខេ​ង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បាន​បញ្ជាក់​ថា​ចាប់តាំងពី​ដាក់​ដំណើរការ​ច្រក​ចេញចូល​តែ​មួយ​អស់​រយៈពេល​១៥ឆ្នាំ​មក ​សេវា​ច្រក​ចេញចូល​តែ​មួយ​បាន​កាត់​បន្ថយ​ភាព​អនាធិបតេយ្យ និង​អំពើ​ពុក​រលួយ…

ខេត្តពោធិ៍សាត់ ៖ សម្តេច​ក្រឡាហោម ស ខេ​ង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បាន​បញ្ជាក់​ថា​ចាប់តាំងពី​ដាក់​ដំណើរការ​ច្រក​ចេញចូល​តែ​មួយ​អស់​រយៈពេល​១៥ឆ្នាំ​មក ​សេវា​ច្រក​ចេញចូល​តែ​មួយ​បាន​កាត់​បន្ថយ​ភាព​អនាធិបតេយ្យ និង​អំពើ​ពុក​រលួយ ចំពោះ​ការ​សុំ​ធ្វើ​សេវា​ផ្សេង​ៗ​ពី​ប្រជាពលរដ្ឋ​។ ​ក្នុង​ពិធី​សម្ពោធ និង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋរាជធានី​-​ខេត្ត នៅ​រដ្ឋបាល​ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​២២​ មករា ឆ្នាំ​២០២០ ​សម្ដេច​ក្រឡា​ហោម​បាន​មាន​ប្រសាសន៍​ថា យន្តការ​ច្រក​ចេញចូល​តែ​មួយ បាន​ទទួល​ការ​គាំទ្រ​និង​វាយតម្លៃ​ខ្ពស់​ពី​សំណាក់​អ្នក​ប្រើ ប្រាស់​សេវា ដោយសារ​បាន​កាត់​បន្ថយ​ជា​អតិបរមា​នូវ​ការិយាធិបតេយ្យ និង​អំពើ​ពុក រលួយ​ក្នុង​ដំណើរការ​សុំ​សេវា​ផ្សេង​ៗ​ពី​ស្ថាប័នរដ្ឋ ហើយ​លើស​ពី​នេះ​ទៅ​ទៀត នៅ​តាម​បណ្ដា​ប្រទេស​ដែល​មាន​ធនធានមនុស្ស មាន​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន គេ​ក៏​បាន​អភិវឌ្ឍន៍​នូវ​ប្រព័ន្ធ និង​យន្តការ​នេះ​រហូត​ដល់​តាម​ប្រព័ន្ធ​អន​ឡាញ និង​ឌី​ជី​ថ​ល​ទៀត​ផង ។

សម្ដេច​ក្រឡាហោម​បាន​រំលឹក​ថា កម្ពុជា​បាន​អនុវត្ត​សាកល្បង​នូវ​ដំណើរការ​ច្រក​ចេញចូល​តែ​មួយ​នេះ រយៈ​ពេល​១៥​ឆ្នាំ​រួច​មក​ហើយ ដោយ​ចាប់ផ្ដើម​ដំបូង​នៅ​ស្រុក​ក្នុង ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ដោយ​មានការ​គាំទ្រ​ពី​រដ្ឋបាល​ស្រុក​នៅ​អា​ល្លឺ​ម៉​ង់ និង​អុី​តា​លី ។ សម្តេច​បាន​បញ្ជាក់​ថា​៖ «​ដោយសារ​យន្តការ​នេះ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ពង្រីក​ការិយាល័យ​នេះ​នៅ​តាម​បណ្ដា​ក្រុង​ស្រុក​ជា​បន្តបន្ទាប់ គិត​ត្រឹម​ឆ្នាំ​២០១៩ មាន​ថ្នាក់​ក្រុង​ស្រុក​ខណ្ឌ​ចំនួន​១១៥​រួច​មក​ហើយ »​។

ទន្ទឹម​នឹង​ការ​បង្កើត​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ សម្ដេច​បាន​គូសបញ្ជាក់​ថា ក្រសួង​មហា​ផ្ទៃ ក៏​បង្កើត​ការិយាល័យ​ប្រជាពលរដ្ឋ​មួយទៀត​ដែរ ដែល​មាន​តួនាទី​ទទួល សម្របសម្រួល និង​ដោះស្រាយ​ពាក្យ​បណ្ដឹង ឬ​ការ​តវ៉ា​នានា​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការ​សម្រេច របស់​រដ្ឋបាល​មូលដ្ឋាន ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្ដល់​សេវា ឬ​ការ​បញ្ចេញ​អ​កប្ប​កិរិយា​មិន​សមរម្យ ណាមួយ​ពី​មន្ត្រី​ក្នុង​ពេល​ផ្ដល់​សេវា​ជូន​ប្រជាពល​រដ្ឋ​។

សម្ដេច​ស​ខេ​ង​បាន​គូសបញ្ជាក់​ថា​«​ពី​មុន​ប្រជាពលរដ្ឋ ឧទាហរណ៍​គាត់​ត្រូវ​សុំ​ច្បាប់ ធ្វើ​អាជីវកម្ម​ដែល​ត្រូវ​ឆ្លងកាត់​សមត្ថកិច្ច​ក្រសួង​ពីរ ឬ​បី ដូច្នេះ​ពលរដ្ឋ​ត្រូវ​សុំ​ទៅ​មន្ទីរ​នៃ​ក្រសួង នោះ​ពីរ​ទៅ​បី​កន្លែង​ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​លើ​សេវា​សុំ​ច្បាប់​អាជីវកម្ម​នោះ​។ ពេល​ខ្លះ​ក៏​ជួប​ត្រឹម​អនុ​ន​ប្រធាន​មន្ទីរ ឬ​ក៏​ជួប​មន្ត្រី​ដែល​មិន​មាន​សិទ្ធិ​សម្រេច ដូច្នេះ​ទម្រាំ​បែបបទ ក្រដាស់​ស្នាម​ស្នើ​សុំ​នោះ​វា​ទៅ​ដល់​មន្ទីរ ឬ​ប្រធាន​មន្ទីរ គឺ​ត្រូវការ​ប្រើ​ពេលវេលា​យ៉ាង​វែង ហើយ​វា​ក៏​ទុក​ឱកាស​ឱ្យ​មន្ត្រី​ខិលខូច​មួយ​ចំនួន​ឃុ​ប​ឃិ​ប​ជាមួយ​អ្នក​មក​សុំ​សេវា ឬ​បង្ខំ​អ្នក​មក​សុំ សេវា ដើម្បី​បង់​កម្រៃ​ក្រៅផ្លូវការ​។​ ដូច្នេះ ​ហើយ​បានជា​ការ​សិក្សា​ឃើញ ថា​ដំណោះ​នៃ ការ​កាត់​បន្ថយ​ភាព​អសកម្ម​ទាំងនេះ គឺ​ដើម្បី​បាន​លឿន បាន​ឆាប់រហ័ស និង​មាន​តម្លាភាព គឺ​បង្កើត​ច្រក​ចេញ​ចូល​តែ​មួយ​»​។

យ៉ាងណា​ក៏​ដោយ​សម្ដេច​បាន​គូសបញ្ជាក់​ថា​ការ​បង្កើត​ការិយាល័យ​នេះ គឺ​អាស្រ័យ​លើ ស្ថានភាព​ជាក់ស្ដែង​នៃ​មូលដ្ឋានពោល ​គឺ​បើ​មិន​ទាន់​មាន​តម្រូវការ​ស្នើ​សុំ​សេវា​ច្រើន រដ្ឋ​មិន​ទាន់​បង្កើត​ច្រកចេញ​តែ​មួយ​ឡើយ​គឺ​មិន​អាច​បង្កើត ​ហើយ​យក​មន្ត្រី​ទៅ​ចាំ​បំពេញការងារ​ ដោយ​ទំនេរ​ចោល​នោះ​ទេ ព្រោះ​វា​គឺជា​ការ​ខាតបង់​ថវិកាជាតិ ដែល​ថវិកា​នេះ​ក៏​ដូច​ជា ថវិកា​ពលរដ្ឋ​ដែរ​។ ដូច្នេះ​ហើយ​បានជា​ជាក់ស្ដែង​ដូច​ខេត្តពោធិ៍សាត់ រដ្ឋ​ទើបតែ​បង្កើត​ថ្នាក់​ក្រុង​ស្រុក​បាន​ពីរ និង​កំពុង​សិក្សា​ស្រុក​១​ទៀត​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​បាន​មាន​ប្រសាសន៍​ទៀត​ថា ការិយាល័យ​ច្រកចេញ​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​របស់​រាជធានី​ខេត្ត​ទូ​ទាំង​ប្រទេស បាន​ដំណើរការ​ផ្ដល់​សេវាជិត​៦០០​ប្រភេទ​សេវា ហើយ​ថ្មី​ៗ​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​ចេញ​អនុក្រឹត្យ​ពាក់ព័ន្ធ នឹង​ការ​ផ្ទេរ​មុខងារ និង​ធនធាន​មួយ​ចំនួន​ពី​ថ្នាក់​ជាតិ​មក​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ព្រមទាំង​បាន​កែ សម្រួល​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រង​ស្រុក និង​បង្កើន​ថវិកា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២០​ដែរ ដោយ​ក្នុង​នោះ​ថវិកា​អភិវឌ្ឍន៍​មូលដ្ឋាន​មាន​ជាង​៧​ម៉ឺន​ដុល្លារ ដើម្បី​ធានា​ឲ្យ​ឃុំ​សង្កាត់ បំពេញ​បាន​តាម​តម្រូវការ​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ