វីរុសថ្មីនៅចិន ឆ្លងមនុស្សទៅមនុស្ស​រាល​ដាន​កាន់តែ​ងាយ


ប្រទេស​ចិន៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូណា​ថ្មី​នៅ​ចិន មក​ដល់​ថ្ងៃ​ទី​២២​មក​រា​ចំនួន​អ្នកស្លាប់​បាន​ឡើង​ដល់​​៩​នាក់ រួច​អាជ្ញាធរ​ចិន​បាន​ព្រមាន​ថា​វីរុស​នោះ​អាច​ប្ដួ​រ​រូប​និង​ឆ្លង​រាលដាល​កាន់តែ​ងាយ​។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៦​នាក់​។ លោក​លី​ប៊ី​ន​អនុរដ្ឋមន្ត្រី​សុខាភិបាល​ចិន ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​បាន​ព្រមាន​ថា វីរុស​នោះ​ដែល​ឆ្លង​តាម​ផ្លូវដង្ហើម អាច​ប្ដួ​រ​រូប​និង​ឆ្លង​រាលដាល​កាន់តែ​ងាយ​។

លោក​បញ្ជាក់​ថា វីរុស​នេះ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ ក្នុង​ខ្លួន​អ្នក​ជំ​ងឹ​៤៤០​នាក់​ដែល​តួលេខ​លើក​មុន​នេះ​មាន​ត្រឹម​ប្រមាណ​៣០០​នាក់​។ តំបន់​ជា​ច្រើន​របស់​ប្រទេស​រង​ការ​ប៉ះពាល់ ក្នុង​នោះ​មាន​ទីក្រុង​ធំ​ៗ ដូច​ជា​ក្រុង​ប៉េ​កាំ​ង ក្រុង​សៀង​ហៃ​ជាដើម​។ អាជ្ញាធរ​ចិន​សង្ស័យ​ថា​វីរុស​អាច​ឆ្លង​រាលដាល​កាន់តែ​ខ្លាំង អំឡុង​ពេល​បុណ្យចូលឆ្នាំ​ចិន ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៤​មក​រា​ទៅ ព្រោះ​ក្នុង​១​ឆ្នាំ​ៗ​អំឡុង​ពេល​បុណ្យ​នេះ មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​លាន​នាក់ តាម​រថយន្ត រថភ្លើង​ឬ​យន្តហោះ​ក្នុង​ទូ​ទាំង​ប្រទេស​។

ដោយ​លើក​ពី​ការ​អំពាវនាវ​មួយ​របស់​ប្រធានាធិបតី​ចិន​លោក​សី​ុ​ជិន​ពីង ឲ្យ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នេះ លោក​លី​ប៊ី​ន​ប្រកាស​ពី​បណ្ដា វិធានការ​បង្ការ​ដូច​ជា​ការ​ដាក់​កង្ហារ​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​តាម​បណ្ដា​ព្រ​លាន​យន្តហោះ ស្ថានីយ​រថភ្លើង​ព្រមទាំង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នានា ​។ បណ្ដា​ឧបករណ៍​វាស់​កម្ដៅ​ក៏​នឹង​ដាក់​នៅ​តាម​ទីតាំង​មាន​មនុស្ស​ច្រើន​កុះករ​ផង​ដែរ​។

ខណៈ​ដែល​អ្នក​ឆ្លង​វីរុស​ត្រូវ​បាន​អះអាង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​អា​សី​ុ និង​រហូត​នៅ​អា​មេ​រិ​ក គណៈ​កម្មា​ធិការ​ពិសេស​របស់​អង្គការ​សុខភាព​ពិភព​លោក​WHO បាន​រួម​ប្រជុំ​បន្ទាន់​មួយ​នា​ថ្ងៃ​ទី​២២​មក​រា ចាប់ពី​ម៉ោង​១៨​ម៉ោង​សកល​ទៅ​នៅ​ទីក្រុង​ហ្សឺ​ណែវ ដើម្បី​កំណត់​ថា​តើ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​កំពុង​រីក​រាលដាល​នៅ​ចិន និង​ប្រទេស​នានា​ទៀត​ជា​បញ្ហា​បន្ទាន់​អន្តរជាតិ​នៃ​សុខភាព​សាធារណៈ​មួយ​ឬ​យ៉ាងណា​។

អង្គការ​សុខភាព​ពិភពលោក​ប្រើ​ពាក្យ​នេះ សម្រាប់​តែ​ការ​ឆ្លង​រាលដាល​នៃ​ជំ​ងឹ​កម្រ​មួយ​ចំនួន ដូច​ជា​ជំងឺ​គ្រុនផ្ដាសាយ​ជ្រូក​H1N1​ក្នុង​ឆ្នាំ​២០០៩ វីរុស​ZIKA​ឆ្នាំ​២០១៦​និង​វីរុស​អេ​បូ​ឡា​ដែល​រាតត្បាត​ផ្នែក​មួយ​នៃ​ទ្វីបអាហ្វ្រិក​ភាគ​ខាងលិច​ពី​ឆ្នាំ​២០១៤​មក​២០១៦​និង​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ចាប់ពី​ឆ្នាំ​២០១៨​មក​។វីរុស​ថ្មី​ដែល​មក​ទល់​ពេល​នេះ​រក​ពុំ​ទាន់​ស្គាល់ លេច​ដំ​បួង​ក្នុង​ទីក្រុង​វូ​ហាន​ចិន មុន​ពេល​ឆ្លង​រាលដាល​ដល់ទី​ក្រុង​ឯទៀត​ៗ​របស់​ចិន ដល់​ជប៉ុន កូរ៉េ​ខាងត្បូង ថៃ តៃវ៉ាន់​។

ប្រទេស​ជា​ច្រើន​ដែល​មាន​ទំនាក់ទំនង​តាម​អាកាស​ដោយ​ផ្ទាល់​ជាមួយ​ក្រុង​វូ​ហាន បាន​ពង្រឹង​ការ​ត្រួត​ពិនិត្យ​បណ្ដា​អ្នកដំណើរ​ពេល​មក​ដល់ ព្រោះ​មាន​ពិសោធន៍​ពេល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​SRAS​កាលពី​ឆ្នាំ​២០០២-​២០០៣ ដោយ​វីរុស​នោះ​ស្ថិត​ក្នុង​គ្រូ​សារ​តែ​មួយ​។ នា​ថ្ងៃ​ទី​២១​មក​រា​មាន​អ្នក​ឆ្លង​វីរុស​នោះ​ម្នាក់​នៅ​សហរដ្ឋ​ង​អា​មេ​រិ​ក ដែល​រូបគេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​ការ​ប្រុង​ប្រយ័ត្ន​។ បុរស​អាយុប្រមាណ​ជា​៣០​ឆ្នាំ​នោះ​មាន​ដើម​កំណើត​នៅ​វូ​ហាន ហើយ​រស់នៅ​ជិត​ក្រុង​SEATTEL​នា​ភាគ​ខាងលិច​ប្រទេស​។

គេ​មក​ដល់​ព្រ​លាន​យន្តហោះ​ក្រុង​SEATTEL​នា​ថ្ងៃ​ទី​១៥​មក​រា ដោយ​ពុំ​មាន​គ្រុនក្ដៅ តែ​នា​ថ្ងៃ​ទី​១៩​មក​រា​ទើប​រក​ឃើញ​រោគ​សញ្ញា​។ ប្រទេស​អូស្ត្រាលី រុ​ស្សុ​ី នេ​ប៉ា​ល់ សិង្ហ​បុរី ម៉ា​ឡេ​សី​ុ វៀតណាម បង់​ក្លា​ដែ​ស​និង​ឥណ្ឌា​បាន​ពង្រឹង​ការ​ត្រួត​ពិ​ិ​និត្យ ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​។ នៅ​ប្រទេស​ចិន​មនុស្ស​៩២២​នាក់​កំពុង​តាមដាន​នៅ​តាម​មន្ទីរពេទ្យ​នានា​។ ចំណែក​លោក​WANG GUANGFA​ជា​គ្រូពេទ្យ​ម្នាក់​ក្នុង​ចំណោម​គ្រូពេទ្យ​ដែល​តាមដាន​ការ​ឆ្លង​រាលដាល​នៃ​វីរុស ប្រកាស​នា​ថ្ងៃ​ទី​២១​មក​រា​តាម​ទូរទស្សន៍​ហុងកុង​ថា រូប​លោក​ក៏​ឆ្លង​វីរុស​នេះ​ដែរ​៕

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ