មាន​កិច្ច​អ្វីខ្លះ​ដែល​គួរ​ធ្វើ​នៅ​មុន​និង​ក្នុង​រង្វង់​ថ្ងៃ​ចូល​ឆ្នាំ​ចិន ?


ចូល​ឆ្នាំ​ចិន​គឺជា​បុណ្យប្រពៃណី​ទំនៀមទម្លាប់​ដ៏​សំខាន់​បំផុត​របស់​ជនជាតិ​ចិន ។ បុណ្យ​នេះ​មិនមែន​ប្រារព្ធ​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ នៅ​ប្រទេស​សិង្ហ​បុរី ឥណ្ឌូ​ណេ​ស៊ី ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពី​ន ថៃ និង​ប្រទេស​ដទៃ​ទៀត ដែល​មាន​ប្រជាជន​ចិន​រស់នៅ​ភាគច្រើន​ក៏​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​នេះ​ដែរ ។

នៅ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន បងប្អូន​ជាប់សែស្រឡាយ​ចិន​តែង​មាន​ជំនឿ​ទៅ​លើ​ហេតុ​ផ្សេង​ៗ​រួម​មាន ការ​បិទ​យ័ន្ត​នៅ​ក្នុងផ្ទះ ដុត​ផាវ លោត​ម៉ុង​សាយ សែនព្រេន ដុត​ក្រដាស ដុត​ធូប​នៅ​តាម​ព្រះ​វិហារ ទិញ​ដើម​អំពៅខ្មៅ ស្លឹក​មៀន និង​ដាក់​តាំង​ផ្កា​អង្គាសីល​ក្នុងផ្ទះ​ជាដើម ដើម្បី​សុំ​លាភ​សុំ​ជ័យ ឱ្យ​មានសំណាង​ល្អ ហេង​ហេង និង​សុខ​ចម្រើន​រក​ទទួលទាន​មានបាន ។

យោង​តាម​អរិយធម៌​របស់​ចិន ប្រជាជន​ចិន​មាន​ជំនឿ​លើ​ការ​គោរព​បុណ្យចូលឆ្នាំ​ថ្មី​យ៉ាង​ជ្រាលជ្រៅ គេ​មាន​ជំនឿ​លើ​ត្រណម​ជា​ច្រើន​នៅ​ក្នុង​អំឡុង​បុណ្យចូលឆ្នាំ​បី​ថ្ងៃ ជា​ពិសេស​នៅ​ថ្ងៃ​ទី​១ បើ​ទោះជា​ពើបប្រទះ​នូវ​ហេតុការណ៍​អ្វី​ក៏​ត្រូវ​យក​ការ​អត់ធន់​ជា​ចម្បង​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​ទេវតា​សិរី ។

និយាយ​រួម​ក្នុង​រយ​:​ពេល​៣​ថ្ងៃនេះ​គេ​ចាត់ទុកជា​ថ្ងៃ​ពិសេស​បំផុត​ដែល​មិន​ត្រូវធ្វើ​អ្វី​ឱ្យ​ល្អក់កករ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិរី​មង្គល ឬ​ដល់​ទេវតា​សិរី​ឆ្នាំ​ថ្មី​ឡើយ ។ គេ​ត្រូវធ្វើ​អ្វី​ដែល​នាំ​មក​នូវ​សិរី​សួស្តី​ជ័យ​មង្គល​ចូលខ្លួន និង​ក្រុម​គ្រួសារ​ដើម្បី​នាំ​លាភ​នាំ​ហេង​ពេញ​មួយ​ឆ្នាំ ។

លោកគ្រូ​ចិន​សែ​ដ៏​ល្បី​មួយ​រូប​គឺ​លោកគ្រូ ហេង ឆាយ បានឱ្យ​ដឹង​ថា នៅ​ឯ​ស្រុក​ចិន​គេ​មានកម្ម​វិធី​ច្រើន​ណាស់ ជា​ពិសេស​ប្រជាន​ជន​ចិន​ទាំងឡាយ​ដែល​រស់នៅ​ក្រៅប្រទេស បាន​ធ្វើ​ដំណើរ​ត្រលប់​មក​ភូមិកំណើត​វិញ​ហើយ​ដើម្បី​គោរព​ប្រណិប័តន៍​បុណ្យប្រពៃណី​ទំនៀមទម្លាប់​នេះ​យ៉ាង​ខ្ជាប់ខ្ជួន ។

សម្រាប់​អ្នក​កាត់​ចិន​នៅ​ស្រុក​ខ្មែរ​ក៏​សស្រាក់សស្រាំ​រៀបចំ​ចាត់ចែង​ពិធីបុណ្យ​នេះ​នៅ​តាម​លំនៅ​ឋាន​រៀង​ៗ​ខ្លួន​ផង​ដែរ ហើយ​អ្វី​ដែល​ត្រូវ​ប្រកាន់​ធ្វើ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នោះ​គឺ ត្រូវ​បោសសម្អាត​ផ្ទះសម្បែង​ឲ្យ​បាន​ស្អាត រៀបចំផ្ទះ បោស​ពីងពាង​ជាដើម ។

លោកគ្រូ​បាន​បញ្ជាក់​ផង​ដែរ​ថា នៅ​ពេល​ដល់​ថ្ងៃ​សែន​តាម​ទម្លាប់​ប្រពៃណី​ចិន​ភាគច្រើន​មាន​សែន​សំណែន​ដូ​ច​ជា នំ​ពង​ទា ឬ​នំ​អ៊ី សូកូឡា ផ្លែ​ឈើ​ត្រូវ​មាន​យ៉ាង​ហោច​ណាស់​៥​មុខ និង​កុំ​ភ្លេច​ទឹកក្រូច​កំប៉ុង​ឱ្យ​សោះ ហើ យ​ពិសេស​ជាង​នេះ​ទៅ​ទៀត​កុំ​ភ្លេច​សែន មី​សរសៃ​វែង ពីព្រោះ​គេ​មាន​ជំនឿ​ថា មីនេះ​នឹង​ជួយ​ឲ្យ​ម៉ែឪ ដូនតា មាន​អាយុ​វែង​យឺនយូរ ឯ​តង្វាយ​ជា​សាច់សត្វ​ត្រូវ​មាន​សាច់​មាន់ សាច់​ទា និង​សាច់​ជ្រូក​ជា​ដាច់ខាត ។

យើងខ្ញុំ​សូម​ប្រសិទ្ធពរ​ជ័យ​ដល់​បងប្អូន​ខ្មែរ​កាត់​ចិន​ទាំងអស់​ទទួល​បាន​សេចក្តីសុខ និង​ជ័យជម្នះ​គ្រប់​កិច្ចការ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ ជា​ពិសេស​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត សូម​ជួប​តែ​សុខ​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ​ទាំង​ទៅ​និង​ត្រឡប់​មក​វិញ​កុំបី​ខាន ។ សាន សារិន

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ