ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​​ប្រវត្តិ​គ្រាប់ពេជ្រ​ថ្មី ក្នុង​វិស័យ​តេ​ក្វា​ន់​​ដូ គឺ​កីឡាករ ប៉ា​ល់ ជីវ័ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដណ្ដើម​បាន​មេដាយមាស​ពិភពលោក កីឡាករ​វ័យក្មេង ប៉ា​ល់ ជី​វ័​ន្ត កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន ។ លោក​ត្រូវ​គេ​មើលឃើញ​ថា នឹង​ក្លាយជា​ធនធាន​ដ៏​ខ្លាំង​របស់​កម្ពុជា​ធ្វើ​ឱ្យ​កីឡា​តេ​ក្វា​ន់​ដូ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ពីលើ​ស្នាដៃ​របស់​កីឡាការិនី…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ដណ្ដើម​បាន​មេដាយមាស​ពិភពលោក កីឡាករ​វ័យក្មេង ប៉ា​ល់ ជី​វ័​ន្ត កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន ។ លោក​ត្រូវ​គេ​មើលឃើញ​ថា នឹង​ក្លាយជា​ធនធាន​ដ៏​ខ្លាំង​របស់​កម្ពុជា​ធ្វើ​ឱ្យ​កីឡា​តេ​ក្វា​ន់​ដូ​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​បន្ថែម​ពីលើ​ស្នាដៃ​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី ដែល​ធ្លាប់​បាន​សាង​រួច​មក​ហើយ​នោះ​ផង ។

ប៉ា​ល់ ជី​វ័​ន្ត បាន​ចូល​ប្រឡូក​កីឡា​តេ​ក្វា​ន់​ដូ ក្នុង​វ័យ​១៤​ឆ្នាំ ហើយ​ក្រោយមក​ក៏​ទទួល​បាន​ការ​ងារ​ធ្វើ​នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រសួងមហាផ្ទៃ ។ ស្ថិត​ក្នុង​វ័យ​៣៥​ឆ្នាំ កីឡាករ​រូប​នេះ​ហាក់​មាន​យីអ៊ុន​ខ្លាំង​នៅ​ក្នុង​វិ​ថី​កីឡា​តេ​ក្វា​ន់​ដូ ITF ។ មិន​ត្រឹមតែ​ជា​កីឡាករ​ឆ្នើម​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​គ្រូបង្វឹក​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​នៅ​កម្ពុជា​ខាង​ផ្នែក​កីឡា​នេះ​ផង​ដែរ ។

ប៉ា​ល់ ជី​វ័​ន្ត សម្រេច​បាន​សមិទ្ធផល​ជូន​ជាតិ​គួរ​ជាទី​មោ​ទ​នៈ កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៩ ដោយ​ជួយ​ឱ្យ​កម្ពុជា​ត្រូវ​គេ​លើក​ទង់ជាតិ និង​បន្លឺ​ភ្លេងជាតិ​លើ​ឆាក​អន្តរជាតិ​បន្ទាប់​ពី​លោក​ដណ្តើម​បាន មេដាយមាស​ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក នៅ​ប្រទេស​ប៊ុល​ហ្គា​រី លើ​វិញ្ញាសា​សម្តែង​មេ​គុន​ខ្សែក្រវាត់​ខ្មៅ​៥​ដាន់ ។

មេដាយមាស​នេះ​ជួយ​ឲ្យ​លោក​ទទួល​បាន​កិត្តិយស​ដ៏​អស្ចារ្យ ដោយ​លោក​ត្រូវ​បាន​គេ​ដង្ហែ​លើ​ក្បួន​រថយន្ត​អម​ដោយ​ម៉ូតូ​ស​ក្រោម​ការ​រៀបចំ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​មាន​កិត្តិយស ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទៅ​កាន់​ទីស្នាក់ការ​ក្រសួង​អប់រំ យុវជន និង​កីឡា ។ ប៉ា​ល់ ជី​វ័​ន្ត បាន​ក្លាយ ជា​មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ​នៅ​ឆ្នាំ​២០១៩ ដោយ​បច្ចុប្បន្ន​លោក​កំពុង​ពាក់​ស័ក្តិ​ពីរ​លើ​ស្មា​។ លោក​ជា​កូន​ទី​៥​ក្នុង​ចំណោម​បងប្អូន​៦​នាក់​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះមុខខ្វះក្រោយ ហើយ​មក​ដល់​ពេល​នេះ​លោក​មាន​លទ្ធភាព​ទិញ​ផ្ទះ​មួយ​ល្វែង​នៅ​ក្នុង​បុរី​ពិភព
ថ្មី​ដែល​លោក​បាន​ប៉ង​ជា​យូរ​មក​ហើយ​តាម​រយៈ ប្រាក់​រង្វាន់​ដែល​ទទួល​បាន ។

ប៉ា​ល់ ជី​វ័​ន្ត ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់ បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ធនធានមនុស្ស
លើ​មុខ​ជំនាញ​គ្រប់គ្រង​អាជីវកម្ម​បាន​រំលឹក​ថា ក្រោយ​ហ្វឹកហាត់​បាន​បី​ខែ លោកគ្រូ​បួន ហ៊ីង សុធី​យ៉ា បាន​ដាក់​ឈ្មោះ​ឲ្យ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​លើក​ដំបូង ដោយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ឬ​មេដាយ​សំរឹទ្ធិ ។ ហ្វឹកហាត់​បាន ប្រមាណ​៥​ឆ្នាំ លោក​ត្រូវ​បាន​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ ITF កម្ពុជា​ប​ញ្ចូ​ន​ទៅ​ប្រកួត​ជើងឯក​ពិភពលោក​លើក​ដំបូង​នៅ​ប្រទេស​ក្រិ​ក កាលពី​ឆ្នាំ​២០០៣​ដោយ​ទទួល​បាន​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ប្រយុទ្ធ​ទម្ងន់​៦៣​គីឡូក្រាម​កម្រិត ខ្សែក្រវាត់​ខ្មៅ​ពីរ​ដាន់ ។

ជោគជ័យ​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​នេះ​ធ្វើ​ឱ្យ​លោក​មានចិត្ត​ស្រឡាញ់​កីឡា​តេ​ក្វា​ន់​ដូ​កាន់តែ​ខ្លាំង​ជាមួយ​មហិច្ឆតា​ចង់​ឈ្នះ​មេដាយ​ប្រាក់​និង​មាស​ជូន​ជាតិ​មាតុភូមិ​បន្ថែម​ទៀត ។ ឆ្នាំ​២០១៧ លោក​ត្រូវ​បាន​សហព័ន្ធ​បញ្ជូន​ឲ្យ​ទៅ​ចូលរួម​ប្រកួត​ជើងឯក ពិភពលោក​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ដោយ ដណ្តើម​បាន​មេដាយ​ប្រាក់ ។ ប្រឡូក​វិស័យ​នេះ​ជាង​២០​ឆ្នាំ ទើបតែ​ឆ្នាំ​២០១៨ និង​២០១៩ ប៉ុណ្ណោះ​ដែល​លោក​ទទួល​បាន​ផ្លែផ្កា​ខ្លាំង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ