ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​​តេ​ជោ​ ការពារ​តែ​អ្នក​សារព័ត៌មាន​វិជ្ជា​ជីវៈ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គី តិច ប្រធាន​ក្រុមមេធាវី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែនបាន​ប្រកាស​ទទួលយក​ការ​ការពារ​ក្តី​អ្នក​សារព័ត៌មាន នៅ​ពេល​មាន​បញ្ហា​ប្តឹងប្តល់​ណាមួយ​ក្នុង​ការធ្វើ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ត្រឹមត្រូវ ។…

រាជធានី​ភ្នំពេញ ៖ លោក គី តិច ប្រធាន​ក្រុមមេធាវី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហុ​៊​ន សែនបាន​ប្រកាស​ទទួលយក​ការ​ការពារ​ក្តី​អ្នក​សារព័ត៌មាន នៅ​ពេល​មាន​បញ្ហា​ប្តឹងប្តល់​ណាមួយ​ក្នុង​ការធ្វើ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ត្រឹមត្រូវ ។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត សម្តេចតេ​ជោ ហុ​៊​ន សែន នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា លោក គី តិច ប្រធាន​មេធាវី​ស្ម័គ្រចិត្ត បាន​ថ្លែង​ថា ក្រុម​មេធាវី​របស់​លោក​បាន​យល់ព្រម​តាម​ការ​កំណត់​យក​ការ​ការពារ​ក្តី តែ​ការពារ​តែ​រឿង​ក្តី​អ្នក​សារព័ត៌មាន​ណា​ដែលគោរព​តាម​វិជ្ជាជីវៈ ចំណែក​សារព័ត៌មាន​ដែល​មិនបាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​មេធាវី​មិនជួយ​ការពា​ក្តី​ទេ ។ លោក​មេធាវី គី តិច បាន​ឲ្យ​ដឹង​ថា មេធា វី​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ ហុ​៊​ន សែន មាន​៦៧រូប ហើយ​មាននៅ​តាម​បណ្តា​ខេត្ត​-​រាជធានី​ទាំងអស់ ដោយ​ក្នុង​មួយ​ខេត្ត​មាន​មេធាវី​២​រូប និង​ការិយាល័យ​នៅ​ទីនោះ​ដើម្បី​ការពា​ក្តី ។

លោក​អះអាង​ថា ក្រុម​មេធាវី​បាន​ចាប់ផ្តើម​ជួយ​ការពារ​អ្នក​សារព័ត៌មាន​ចាប់ពី​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​កាលពី​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន​លើក​ទី​៤​កន្លង​មក បាន​ទទួល​ឲ្យ​ក្រុម​មេធាវី​លោក​ការពារ​ក្តី​ជូន​អ្នក​សារព័ត៌មាន​ដោយ​ថវិកា​ដែល​រៀបចំ​ការពារ​ក្តី​នេះ គឺជា​ថវិកា​របស់​សម្តេច​តេ​ជោ​ផ្ទាល់​តែ​ម្តង ។ លោក គី តិច បញ្ជាក់​ថា ៖ «​មេធាវី​យើង​ជួយ​ចំពោះ​អ្នក​សារ​ព័ត៌មាន​ដែល​ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ ដែល​ទទួល​រង​នូវ​ការ​ប្តឹង ។ ផ្ទុយ​ទៅ​វិញ ចំពោះ​អ្នក​សារព័ត៌មាន​ដែល​មិន​ប្រកប វិជ្ជាជីវៈ​ត្រឹមត្រូវ គឺ​សម្តេច​មិន​ផ្តល់​មេធាវី​ជូន​ទេ​។ករណី​នេះ សម្តេច​តេ​ជោ​បាន​ផ្តល់​សិទ្ធិ​មក​ឲ្យ​យើងខ្ញុំ​ថា​ជួយ ឬ​មិន​គួរ​ជួយ​» ។

លោក​បាន​លើក​ឡើង​ទៀត​ថា សម្តេច​តេ​ជោ ហុ​៊​ន សែន ផ្តល់​សេវា​មេធាវី​ដល់​អ្នក​សារព័ត៌មាន​តែ​៥០​បូក​៥០ គឺ​មាន​ន័យ​ថា​ផ្តល់​ឲ្យ​តែ​អ្នក​សារ ព័ត៌មាន​ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ ទាំង​បុរស​និង​ស្ត្រី ចំណែក​អ្នក​សារព័ត៌មាន​មិន​គោរព​វិជ្ជាជីវៈ​ត្រឹមត្រូវ​មិន​ជួយ​ទេ ។ ជាមួយ​គ្នា​នេះ លោក​ក៏​បាន​ស្នើ​សុំ​ដល់​ក្រសួង​ព័ត៌មាន ត្រូវ​ផ្សព្វផ្សាយ​ដល់​អ្នក​សារព័ត៌មាន​ទាំង អស់​ឲ្យ​ជួយ​ផ្សាយ​ពី​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ហ៊ុន សែន វិញ ពាក់ព័ន្ធ​ដល់​ប្រជា​ពល រដ្ឋ​ក្រីក្រ​នៅ​ជនបទ​ដាច់​ស្រយាល ឲ្យ​បានដឹង​ពី​សេវា​មេធាវី​ស្ម័គ្រ​សម្តេច​តេ​តេ​ជោ ជា​ពិសេស​នោះ​ជួយ​ស្ត្រី​ក្រីក្រ​ដើម្បី​ឲ្យ​ក្រុម​មេធាវី​ចុះ​ជួយ ។លោក គី តិច បញ្ជាក់​ថា ៖ «​មេធាវី​យើងស្នើ​សុំ​ឲ្យ​ក្រសួង​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ ធ្វើការ​រាយការណ៍​ពី​សេវា​ការពារ​ដល់​ជន​ក្រីក្រ ពិសេស​អ្នក​ដែល​គ្មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់ ដែល​មិនដឹង​សេវា​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ព្រោះ​សម័យនេះ​គេ​អាច​ធ្វើតាម​ស្មា​ត​ហ្វូ​ន​» ។

លោក​ថ្លែង​ថា ៖ «​ខ្ញុំ​ស្នើ​សុំ​ដើម្បី​ដល់​គាត់​ព្រោះ​គាត់​ចុះ​យក​ព័ត៌មាន​ដឹង​រឿង​មុន​ពួក​ខ្ញុំ ។ នៅ​ពេល​គាត់​ដឹង​គាត់​មក​ប្រាប់​ពួក​ខ្ញុំ ក្រុម​យើង​ចុះ​ទៅ​ជួយ​ដល់​ស្ត្រី​រង​គ្រោះ​ក្រីក្រ​នោះ​ភ្លាម ។ អ្នក សារព័ត៌មាន​ទទួល​បាន​ព័ត៌មាន​មុន ពិសេស​នោះ​នៅ​តំបន់​ដាច់​ស្រយាល​ជនបទ​» ។ ទោះជា​យ៉ាងណា​ក្តី លោក គី តិច ក៏​បាន​អះ
អាង​ពី​ការ​ផ្តល់​សេវា​មេធាវី​ការពារ​ក្តី​ជូន​អ្នក​សារ ព័ត៌មាន​នេះ មិន​អាច​និយាយ​ថា​ដឹង​តែ​ឈ្នះក្តី​នោះ​ទេ ព្រោះថា​អ្នក​ដែល​សម្រេច​ដោយ យុ​ត្តិ ធម៌ នោះ​គឺជា​សិទ្ធិ​របស់​ចៅក្រម ។ លោក​បញ្ជាក់​ថា ៖ «​សូម​បញ្ជាក់​ថា មេធាវី​គឺជា​អ្នក​ការពារ ចំណែក​ចៅក្រម​ជា​អ្នក​សម្រេច​។ប៉ុន្តែ​នៅ​ពេល​អ្នក​សារព័ត៌មាន​ដែល​ធ្វើ​តាម​វិជ្ជា
ជីវៈ និង​តាម​ច្បាប់​នោះ​យើង​ងាយស្រួល​ជួយ ។ ប៉ុន្តែ​បើ​អ្នក​សារព័ត៌មាន​មិន​ប្រកបដោយ​វិជ្ជាជីវៈ​យើង​មិន​អាច​ជួយ​ទេ ទោះបី​រដ្ឋមន្ត្រីក្រសួង​ព័​ត៌មាន​ឲ្យ​ជួយ​ក៏​មិន​អាច​ជួយ​បាន​ដែរ ព្រោះ​គ្មានច្បាប់​ការពារ​»​។

លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានថ្លែង​ថា នៅ​ពេល​អ្នក​សារព័ត៌មាន​មាន​បញ្ហា​ផ្លូវច្បាប់​ណាមួយ​ដែល​ទទួល​រង​នូវ​ការ​ប្តឹង​គឺ​ត្រូវឲ្យ​អ្នក​សារព័ត៌មាន​នោះ​ឆ្លងកាត់​មក​ក្រសួង​ព័ត៌មាន​ពិនិត្យ​សិន ព្រោះថា​អ្នក​សារព័ត៌មាន គ្រប់គ្រង​ដោយ​ច្បាប់ គឺ​អ្នក​សារព័ត៌មាន​ចុះបញ្ជី​ត្រឹមត្រូវ ។ ដូច្នេះ​អ្នក​សារព័ត៌មាន​បែប​នេះ​ខាង​មេធាវី ក៏​ដូច​ជា​ក្រសួង​ព័ត៌មាន នឹង​សហការ​គ្នា​ផ្តល់​សេវា ​។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា មាន​អ្នក​សារ ព័ត៌មាន​ខ្លះ​គ្រាន់តែ​មាន​ទូរស័ព្ទ​មួយ​អាច​ឡាយ (live)​ឬ​ថត​ផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កក៏​បាន​តាំងខ្លួន​ជា​អ្នក​សារព័ត៌មាន ហើយ​ពេល​បញ្ហា​ប្តឹងប្តល់​នោះ ក្រុម​មេធាវី​ក៏​មិន​ផ្តល់​សេវា​ជូនដែរ ។ ការ​ផ្តល់​សេវា​មេធាវី​នេះ​ដែរ មិនមែន​ជាការ​លើកទឹកចិត្ដ​ដល់​អ្នក​សារ​ព័ត៌​មាន​ឲ្យ​ទៅ​គំរាម កំហែង​ឬ​ជេរ​គេ ជេរ​សមត្ថកិច្ច​នោះ​ទេ ។ ក្នុង​ជំនួប​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​សុំ​ការពិគ្រោះ​យោបល់ ចំពោះ​ការ​ផ្សាយ​អត្ថបទ​ណា​ដែល​សរសេរ​មាន​ខ្លឹមសារ ឬ​រូបភាព​ណា​ដែល​ប៉ះពាល់​អាច​ឈាន​ដល់​មានការ​ប្តឹង​ដល់​ផ្លូវ​តុលាការ​ទៅ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី ថ្លែង​ទៀត​ថា ក្រសួង​នឹង​បង្កើតជា​ក្រុម​តេ​ឡេ​ក្រាម​មួយ​រវាង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត និង​ក្រុម​មេធាវី​អន្តរាគមន៍​សរុប​១២​រូប ដើម្បី​ធ្វើ​កិច្ចការ​ជាមួយ​ក្រសួង​ព័ត៌មាន​ក្នុង​ការ​ធ្វើ​កិច្ច ការ​ឲ្យ​បាន​ឆាប់រហ័ស​និង​ទាន់​ពេលវេលា ។ពាក់ព័ន្ធ​នឹង​ការ​ជួយ​សេវា​ផ្នែក​ច្បាប់​នេះ​ដែរ​លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​នឹង​រៀបចំ​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​សេវា​មេ ធា​វី​រាជរដ្ឋាភិបាល ដែល​ត្រូវ​ផ្តល់​ជូន​អ្នក​សារព័ត៌មាន​នៅ​ពេល​ខាង​មុខ​នេះ ដោយ​មានការ​ចូលរួម​ពី​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដើម្បី​ធ្វើការ​ពន្យល់​ដល់​អ្នក​សារ​ព័ត៌មាន​ផង​ដែរ ។ ចំពោះ​សំណើ​របស់​លោក​រដ្ឋមន្ត្រី ត្រូវ​បាន​លោក​មេធាវី គី តិច ប្រកាស​ស្វាគមន៍​និង​ទទួលយក ៕ ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ