ខេត្តស្ទឹងត្រែង ៖ នៅទីរួមខេត្តស្ទឹងត្រែងសព្វថ្ងៃ ស្ទើរក្លាយមជ្ឈមណ្ឌលមួយដែលពោរពេញដោយហាងកាហ្វេទាន់សម័យ និងមានភាពស៊ីវិល័យជាបន្តបន្ទាប់ ។ ការរីកដុះដាលនៃហាងកាហ្វេទាំងនេះ ធ្វើឲ្យគេសម្លឹងឃើញថា ស្ទឹងត្រែងពិតជាខេត្តមួយដែលមានអ្នកនិយមចូលចិត្តពិសារកាហ្វេច្រើនលើសលប់។

ពីមួយថ្ងៃទៅមួយថ្ងៃ ហាងកាហ្វេនីមួយៗបានប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងការរៀបចំតុបតែងយ៉ាងប្រណីត ទាំងការរចនាបែបធម្មជាតិស្រស់ស្រាយ និងបែបបន្ទប់ម៉ាស៊ីនត្រជាក់ទំនើប ដើម្បីទាក់ទាញអតិថិជនគ្រប់ស្រទាប់វណ្ណៈ ។
ទោះបីជាខេត្តស្ទឹងត្រែងមិនសូវមានដំណាំកាហេ្វ ដោយសារតែកត្តាអាកាសធាតុ និងជីវជាតិដីមិនអំណោយផលក៏ដោយ ក៏ខេត្តមួយនេះនៅតែល្បីល្បាញជាខេត្តនាំមុខគេមួយ ក្នុងការចែកចាយកាហ្វេដ៏សំខាន់ទៅកាន់ទីផ្សារជាច្រើន ។ រសជាតិដ៏សម្បូរបែបដែលចរាចរណ៍នៅលើទីផ្សារក្នុងខេត្តស្ទឹងត្រែង ភាគច្រើនត្រូវបាននាំចូលពីប្រទេសឡាវ ទាំងគ្រាប់កាហ្វេឆៅ និងម្សៅកាហ្វេកិនរួចស្រេចៗ ដែលធ្វើឲ្យខេត្តនេះក្លាយជាច្រកពាណិជ្ជកម្មកាហ្វេផងដែរ។

ហាងកាហ្វេនីមួយៗនៅស្ទឹងត្រែងបានក្លាយជាកន្លែងជួបជុំដ៏ពេញនិយមដោយមិនថាតែអ្នកមានចំណូលទាប មធ្យម ឬខ្ពស់នោះទេ ។ ហាងទាំងនោះបានផ្តល់ជូននូវជម្រើសដ៏សម្បូរបែបនៃរសជាតិកាហ្វេ ដែលឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត និងស្ថានភាពបែបបទនៃការរស់នៅរបស់អតិថិជន ។ ភាពស៊ីវិល័យនៃការតុបតែង រួមផ្សំនឹងរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់បានធ្វើឲ្យគេទទួលស្គាល់ថា ខេត្តស្ទឹងត្រែងពិតជាខេត្តមួយដែលមានហាងកាហ្វេច្រើន និងមានសក្ដានុពលខ្ពស់នៅក្នុងវិស័យភេសជ្ជៈដ៏ពេញនិយមនេះ ។
លោក អ៊ន ប៉ោសឿ ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា មន្ត្រីរបស់លោកបានចុះធ្វើបច្ចុប្បន្នភាពបញ្ជីហាងលក់ភេសជ្ជៈ និងកាហ្វេ ។ តាមការរាប់កត់ត្រាត្រួសៗ ហាងទាំងតូចទាំងធំមានប្រហែល៣០កន្លែង ។

លោកបានបន្ថែមថា ចំនួននេះអាចនឹងមានការប្រែប្រួល នៅពេលដែលការងារបច្ចុប្បន្នភាពត្រូវបានបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ។ ពេលនោះ មន្ទីរនឹងអាចបែងចែកច្បាស់លាស់អំពីប្រភេទអាហារដ្ឋាន និងទីតាំងបម្រើនៅក្នុងវិស័យភេសជ្ជៈនេះ ។
ទាក់ទងនឹងអាជីវកម្មកាហ្វេ ម្ចាស់ហាងមួយបានចែករំលែកនូវបទពិសោធន៍សំខាន់ៗមួយចំនួន៖
ម្ចាស់អាជីវកម្មត្រូវមានជំនាញច្បាស់លាស់។ អ្វីដែលសំខាន់បំផុត គឺគុណភាពគ្រាប់កាហ្វេ ដែលត្រូវតែជាកាហ្វេធម្មជាតិ និងមានគុណភាពខ្ពស់។

ក្រៅពីគុណសម្បត្តិអំណោយផលពីធម្មជាតិ ការលីងគ្រាប់កាហ្វេក៏ត្រូវធ្វើតាមបច្ចេកទេសត្រឹមត្រូវផងដែរ ទើបអាចទទួលបានរសជាតិឆ្ងាញ់ជាប់ចិត្ត។កត្តាទាំងនេះហើយ ទើបធ្វើឲ្យខេត្តស្ទឹងត្រែង ទទួលបានការគាំទ្រយ៉ាងច្រើនពីសាធារណជន៕



ចែករំលែកព័តមាននេះ