ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​បន្លំ​ខ្លួនភ្ជាប់​ GPS ​លួច​ឡាន ពេល​​នេះ​ចាប់​បាន​ហើយ ចាញ់​ក្រោម​ល្បិច​​​សមត្ថកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ត្រូវ​បាន​ចោរ​បន្លំ​ខ្លួន​ជា​ជាង​មក​ត​ភ្ជាប់​ប្រព័ន្ធ GPS ឆ្លៀតឱកាស​ម្ចាស់​ភ្លេចខ្លួន ក៏​លួច​ឡើង​បើករថយន្ត​រត់គេច​ទៅ​បាត់​ស្រមោល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង ត្រូវ​បាន​ចោរ​បន្លំ​ខ្លួន​ជា​ជាង​មក​ត​ភ្ជាប់​ប្រព័ន្ធ GPS ឆ្លៀតឱកាស​ម្ចាស់​ភ្លេចខ្លួន ក៏​លួច​ឡើង​បើករថយន្ត​រត់គេច​ទៅ​បាត់​ស្រមោល​កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​ត្រូវ​បាន​ម្ចាស់​ប្តឹង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ជួយ​អន្តរាគមន៍​នោះ ស្រាប់តែ​នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២០ ខែមករា រថយន្ត​ខាងលើ​នេះ​ត្រូវ​បាន​នគរបាល​ក្រសួង​មហាផ្ទៃ ប្រទះ​ឃើញ​នៅ​ក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត ក្នុងភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ហើយ​សមត្ថកិច្ច​ក៏​ដកហូត​យក​ទៅ​រក្សា​ទុកជា​បណ្តោះអាសន្ន ។

ជនសង្ស័យ​ដែល​ចាប់​បាន

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពេល​ដកហូត​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​ហើយ កម្លាំង​នគរ​បាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ហ៊ួ ម៉េ​ង​វ៉ាង អធិការ​ខណ្ឌ បាន​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ខែមករា​នេះ ក៏​លេចមុខ​ជនសង្ស័យ​មក​មើល​រថយន្ត ហើយ​ក៏​ត្រូវ​នគរបាល​ឃាត់​ចាប់ខ្លួន​បាន​តែ​ម្តង ។

ស្ត្រី​រងគ្រោះ​ទាំង​២​នាក់​ម្តាយ និង​កូន

សេចក្តីរាយការណ៍​បន្ត​ថា រថយន្ដ​ដែល​ចោរលួច​នោះ ម៉ាក​ឡិច​ស៊ី​ស NX200T ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-6695 មាន​ម្ចាស់​ឈ្មោះ សាញ់ ចិន្តា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​លក់​ដូរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ចំណែក​កូនស្រី​ជា​អ្នក​បើ​ប្រាស់​រថយន្ត​ខាងលើ ឈ្មោះ សន ស៊ីវ​ហុង អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ ។ ចំណែក​ជនសង្ស័យ​ជា​ចោរលួច​រថយន្ត​ឈ្មោះ ខន ពន្លក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ។

រថយន្ត​ដែល​ចោរ​លួច​យក​ទៅ​ប្តូរ​ពណ៌

តាម​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មុខសញ្ញា​ចាស់​ចោរលួច​រថយន្ត ខណៈ​កាលពី​បម្រើ​ការងារ​ជា​ជាង GPS នៅ​ក្រុមហ៊ុន​មួយ ជនសង្ស័យ​នេះ​បាន​លួច​រថយន្ត​ឡិច​ស៊ី​ស​RX300 របស់​អតិថិជន​ម្តង​រួច​មក​ហើយ តែ​ត្រូវ​ម្ចាស់​រក​ឃើញ​វិញ ហើយ​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់​កាលពី​អំឡុង​ឆ្នាំ​២០១៩​។ ក្រោយមក​ខាង​ក្រុមហ៊ុន​ក៏​ប្រកាស​លែង​ទទួលស្គាល់​បុគ្គលិក​រូប​នេះ​ដែរ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយមក​សមត្ថកិច្ច​ក៏​បាន​តាម​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​រូប​នេះ ស្រាប់​លើក​នេះ ជនសង្ស័យ​បន្លំ​ខ្លួន​មក​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន​ថ្មី រួច​ធ្វើ​សកម្មភាព​លួច​រថយន្ត​ឡិច​ស៊ី​ស 200t មួយ​គ្រឿង​ខាងលើ កាលពី​ថ្ងៃ​ទី​១៨ ខែមករា រួច​គេចខ្លួន​បាត់​ទៀត ។ លុះ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា រថយន្ត​ខាងលើ​ត្រូវ​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ ប្រទះ​ឃើញ​នៅ​ក្នុង​យានដ្ឋាន​ជួស​ជុល​រថយន្ត​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​ស្វាយ ដែល​ជនសង្ស័យ​យក​មក​ដើម្បី​ប្តូរ​ពណ៌ ក៏​ត្រូវ​សមត្ថ​កិច្ច​ដកហូត​រថយន្ត​យក​ទៅ​រក្សា​ទុក រីឯ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ហ៊ួ​រ ម៉េ​ង​វ៉ាង ដាក់​កម្លាំង​ឃ្លាំមើល​រង់ចាំ​នៅ​ទីតាំង​យានដ្ឋាន​នោះ រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់ ក៏​លេចមុខ​ជនសង្ស័យ​មក​ដល់ ក៏​ចាប់​ឃាត់ខ្លួន​ប្រគល់​ជូន​លោក​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ជា​ម្ចាស់​ករណី​ចោរលួច​រថយន្ត ដើម្បី​យក​ជនសង្ស័យ​ទៅ​បន្ត​នីតិវិធី ។

ជនសង្ស័យ​

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ប្រាប់​ថា ពេល​លួច​រថយន្ត​បាន​ហើយ ក៏​បើក​ចេញ​តាម​រង្វង់​មូល​ចោម​ចៅ ហើយ​យក​រថយន្ត​នោះ​ទៅ​លាក់​ទុក​នៅផ្ទះ​របស់​ប្រពន្ធ​នៅ​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ក្រោយមក​ដោះ​ស្លាក​លេខ​ចេញ លាក់​ទុក​ក្រោម​កៅអី​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមករា​នេះ រួច​ក៏​បើករថយន្ត​ទៅ​ឲ្យ​ជាង​ប្តូរ​ពណ៌​ខ្មៅ នៅ​យានដ្ឋាន​ខាងលើ លុះដល់​យប់​ថ្ងៃ​ដដែល​នោះ ខ្លួន​ក៏​ទៅ​មើល​រថយន្ត ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ ចាប់ខ្លួន​បាន​តែ​ម្តង ។

គួររំលឹកថា ៖ ហៅ​ឲ្យ​ទៅ​ពិនិត្យ​មើល​ប្រព័ន្ធ GPS ដូច​ហៅ​ឲ្យ​ទៅ​លួច​រថយន្ត (​កែសម្រួល​ដោយ ៖ បុប្ផា​)

ស្ត្រី​រងគ្រោះ២នាក់​ម្តាយ​កូន
រថយន្ត​ចោរ​លួចបាត់
ជនសង្ស័យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ