ខេត្តមណ្ឌលគិរី៖ ជារឿងសោកស្តាយបំផុត កូនដំរី១ក្បាលដែលដាច់ហ្វូងពីមេរបស់វា បានងាប់កាលពីវេលាទៀបភ្លឺថ្ងៃទី២០ មករា ២០២០ ខណៈកម្លាំងជំនាញបានខំព្យាយាយសង្គ្រោះជីវិតអស់ពីលទ្ធភាពហើយនោះ ។
សូូមរំលឹកថា កូនដំរីព្រៃមួយក្បាលខាងលើ ដែលទើបកើតបានបួនដប់ថ្ងៃ ត្រូវបានប្រទះឃើញដើរតែលតោលអនាថា ក្នុងដែនជម្រកសត្វកាលពីថ្ងៃទី១៧ មករា ២០២០ ដោយសង្ស័យថា វាបានវង្វេងហ្វូងមេ ក្រោយពីមានហេតុការណ៏ភ្លើងឆេះព្រៃនៅតំបន់នោះ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈក្រុមការងាររបស់មន្ទីរបរិស្ថាន ចុះល្បាតតាមតំបន់អភិរក្សក្នុងដែនជម្រកការពារសត្វព្រៃភ្នំព្រេច ក៏បានប្រទះឃើញកូនដំរីមួយក្បាលនេះ ដោយមានអាការៈស្រេកឃ្លាននិងក្នុងសភាពស្គមស្គាំយ៉ាងខ្លាំង ។ នៅពេលនោះក៏មានការសង្គ្រោះបឋមដល់ជីវិតកូនដំរី ក្រុមការងារបានផ្តល់ទឹកឲ្យវាផឹក និងចំណីដល់វា ដើម្បីស្តារសុខភាពរបស់វាឡើងវិញ បើមិនដូច្នោះទេវាអាចនឹងបាត់បង់ជីវិតមិនខាន ។
បើតាមការបញ្ជាក់ពីមន្ត្រីជំនាញកូនដំរីនេះ មានអាយុត្រឹមប្រហែល១០ថ្ងៃប៉ុណ្ណោះ ដោយបច្ចុប្បន្នក្រុមមន្ត្រីជំនាញកំពុងយកចិត្តយ៉ាងខ្លាំងក្នុងការជួយសង្គ្រោះ ហើយមន្ត្រីជំនាញមិនយកវាចេញឆ្ងាយពីកន្លែងដែលបានប្រទះឃើញនេះទេ ដោយខ្លាចមេរបស់វាមករកវិញមិនឃើញ ។ ប៉ុន្តែប្រសិនបើមេរបស់វាមិនត្រឡប់មករកកូនវិញទេ មន្ទីរជំនាញនឹងមានវិធានការយកវាទៅទីកន្លែងសុវត្ថិភាព ដើម្បីចិញ្ចឹមថែរក្សាបន្ត។
ប្រភពក្រៅផ្លូវការបាននិយាយថា កូនដំរីដែលវង្វេងមេបារបស់វានេះ អាចបណ្តាលមកពីមានករណីភ្លើងឆេះព្រៃ ធ្វើឲ្យហ្វូងដំរីព្រៃត្រូវចាកចេញពីទីតាំងរបស់វា យ៉ាងប្រញាប់ប្រញាល់ ស្របពេលកូនដំរីតូចទើបកើតមិនអាចដើរទាន់ហ្វូង ក៏វង្វេងគ្នាតែម្តង ។ ដោយឡែកប្រភពផ្សេងទៀតបានដាក់ការសង្ស័យថា ហ្វូងធំរបស់កូនដំរីអាចមានការរំខានពីពពួកព្រានព្រៃចង្រៃ ដែលចូលទៅបរបាញ់សត្វក្នុងតំបន់សត្វដំរីរស់នៅ បណ្តាលឲ្យពួកវាមានការភ័យខ្លាច រត់គេចពីការយាយីរបស់ព្រាន ទើបកូនដំរីនេះត្រូវបែកចេញពីហ្វូង ។ ទោះជាយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការប៉ុណ្ណោះ ចំពោះព័ត៌មានលម្អិតនៅមិនទាន់មានមន្ត្រីជំនាញណាម្នាក់អះអាងជុំវិញករណីនេះនៅឡើយទេ ។
គិតត្រឹមវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៩ មករា ២០២០ កោះសន្តិភាពមិនអាចសុំការបញ្ជាក់បន្ថែមពីលោកកែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីជុំវិញការប្រទះឃើញកូនដំរីនេះទេ ហើយគេនៅមិនទាន់ដឹងថា កូនដំរីនេះកំពុងស្ថិតនៅទីតាំងដដែល ឬត្រូវជួយសង្គ្រោះចេញពីក្នុងព្រៃយ៉ាងណាទៀតនៅឡើយ ។
សូមបញ្ជាក់ថា យោងតាមរបាយការណ៏របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សត្វដំរីព្រៃកំពុងមានវត្តមានប្រមាណជាង៣០០ក្បាល នៅទូទាំងខេត្តនេះ ។ ដំរីព្រៃទាំងនោះ ស្ថិតក្នុងអំបូរដំរីអាស៊ី ។ ក្រៅពីដំរីព្រៃ ខេត្តមណ្ឌលគិរីក៏មានដំរី បម្រើដល់វិស័យទេសចរណ៍យ៉ាងសកម្មជាង១០ក្បាលផងដែរ ៕
ចែករំលែកព័តមាននេះ