ខេត្តតាកែវ ៖ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោក ខាន់ សុខា អភិបាលរង ខេត្តតាកែវដោយមានការចូលរួមពី លោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត លោកឧត្តមសេនីយ៍ត្រី វង្ស ហុកលី ស្នងការរងនគរបាលខេត្ត លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានអញ្ជើញបើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញ និងក្រុមអាជីវករ ដើម្បីពិភាក្សាការងារផែនការពង្រឹង និងទប់ស្កាត់ចលនាសត្វ និងផលិតផលមានដើមកំណើតសត្វខុសច្បាប់មុនរដូវចូលឆ្នាំចិន ជាមួយមន្ត្រីការិយាល័យ ប្រធានផ្នែកបសុពេទ្យទាំង១០ ស្រុក និងអាជីវករសរុបចំនួន៤២ នាក់ ស្រី២នាក់ ដែលកិច្ចប្រជុំនេះរៀបចំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត។
លោក តាន់ ផាន់ណារ៉ា បានលើកឡើងថា«តម្លៃសាច់ជ្រូកនៅក្នុងប្រទេសវៀតណាមក្នុងមួយគីឡូក្រាមមានតម្លៃពី៣,៥ដុល្លារទៅ៤ដុល្លារ ខណៈពេលដែលតម្លៃសាច់ជ្រូកនៅក្នុងប្រទេសកម្ពុជាមានម្លៃតែ១១០០០ ទៅ១២០០០ រៀល ក្នុងមួយគីឡូក្រាម ហើយតាមព័ត៌មានឮថា វៀតណាមត្រូវការសាច់ជ្រូកសម្រាប់ធ្វើសាច់ក្រកប្រមាណ១០០ពាន់តោនទៀត ដូច្នោះគ្មានហេតុផលណាមួយដែលថាមានការនាំជ្រូកពីវៀតណាមចូលមកទីផ្សារកម្ពុជាយើងនោះទេ»។
កិច្ចប្រជុំជាមួយមន្ត្រីពេទ្យសត្វនិងក្រុមហ៊ុនថៃដែលបាននាំជ្រូកទៅប្រទេសវៀតណាម លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានធ្វើការណែនាំដល់ក្រុមហ៊ុននាំជ្រូកពីប្រទេសថៃទៅប្រទេសវៀតណាមឆ្លងកាត់ខេត្តតាកែវ ត្រូវដឹកជ្រូកពីព្រំដែនថៃអោយដល់ព្រំដែនប្រទេសវៀតណាមតែម្ដង ដោយមិនអនុញ្ញាតឲ្យស្តុកទុកនៅទីតាំងណាមួយ ហើយដឹកបន្តតាមរថយន្តតូចៗទៅប្រទេសវៀតណាមនោះទេ ជាពិសេសជ្រូកដែលដឹកទៅប្រទេសវៀតណាមហើយ គឺហាមដាច់ខាតដឹក ត្រឡប់មកវិញដែលនាំឲ្យមានការយល់ច្រលំថា មានការនាំជ្រូកពីវៀតណាមចូលមកកម្ពុជា។
លោក តាន់ ផាន់ណារ៉ា បានធ្វើការព្រមានថា ប្រសិនបើក្រុមហ៊ុនអនុវត្តន៏មិនបានតាមការណែនាំនោះទេ លោកនិងបិទអាជ្ញាប័ណ្ណមិនឲ្យមានការនាំជ្រូកពីប្រទេសថៃទៅប្រទេសវៀតណាមដោយឆ្លងកាត់ខេត្តតាកែវតទៅទៀតនោះទេដូច្នេះក្រុមហ៊ុនគួរតែគោរពទៅតាមច្បាប់របស់ក្រសួងក៏ដូចជានាយកដ្ឋានជាដាច់ខាតផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ