ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋានទេសចរណ៍«អូរឫស្សីកណ្តាល» គឺជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនទៀតក្នុងខេត្តដែលមានលក្ខណៈសក្តានុពលពិសេសខុសពីគេ ។ តំបន់នោះកើតឡើងដោយធម្មជាតិបូករួមការកែច្នៃបន្ថែម ។
តំបន់រមណីយដ្ឋាន«អូរឫស្សីកណ្តាល»នេះបានទាក់ទាញយ៉ាងខ្លាំងនូវគ្រា ដែលភ្ញៀវចូលទៅដល់ហាក់ទទួលបានអារម្មណ៍ប្លែកដោយសារជ្រលងដងអូរក្នុងព្រៃពោពេញដោយម្លប់ដើមឈើ ខ្សែទឹកហូរត្រជាក់ថ្លាយង់ដូចកញ្ចក់ ។

លោក មាន សុខគឿន អនុប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងឱ្យដឹងថា តំបន់រមណីយដ្ឋានអូរស្សីកណ្តាល ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ មានចម្ងាយ២៨គីឡូម៉ែត្រ ពីទីរួមខេត្តនិងបត់ទៅតាមផ្លូវលំ៧០០ម៉ែត្រទៀត ។ លោកបញ្ជាក់ថាសេវានៅទីនោះគេ គិតទៅលើរថយន្តធុនតូចចំណាយត្រឹម៥០០០រៀល ។ ចំណែករថយន្តធុនធំគឺចំណាយត្រឹម៧០០០រៀល រីឯមនុស្សមិនគិតប្រាក់ឡើយ ។
ដោយឡែកពាក់ព័ន្ធលើសេវាតម្លៃម្ហូបអាហារនៅទីនោះគេបានបិទតារាងតម្លៃទៅតាមមុខទំនិញនិងម្ហូបដែលភ្ញៀវអាចជ្រើសរើស ហើយបើគាត់គិតថាតម្លៃនោះខ្ពស់គាត់មិនត្រូវការកុម្ម៉ង់ក៏បានហើយ បើគាត់គិតថាសមរម្យគាត់កុម្ម៉ង់ជ្រើសរើសបាន ។

ភ្ញៀវទេសចរម្នាក់ជាស្ត្រីឈ្មោះ សុខ ដានី មកពីខេត្តសៀមរាប នាងបានរៀបរាប់ថារាល់កម្មវិធីបុណ្យធំៗក្រុមគ្រួសាររបស់នាងមិន ដែលបោះបង់រមណីដ្ឋាននេះឡើយដោយសាររមណីដ្ឋាននេះ មានផាសុខភាពទាំងខ្យល់អាកាស សម្រស់ធម្មជាតិទឹកថ្លាត្រជាក់អាច លេងបានទាំងចាស់និងក្មេងសេវា សមរម្យបរិស្ថានល្អនិងសន្តិសុខផងដែរ ។ នាងថាពីមួយឆ្នាំទៅមួយឆ្នាំ រមណីយដ្ឋានមួយនេះកាន់តែស្រស់ស្អាតផងដែរ ។

លោក ឈុន សម្បត្តិ ជាភ្ញៀវមកពីក្រុងស្ទឹងត្រែងក៍បានលើកឡើងដែរថាកាលពីមុនទីកន្លែងនេះ មិនមានអ្វីក្រៅពីទឹកហូរក្រោមដើម ឈើត្រឈឹងត្រឈៃនោះទេតែបច្ចុប្បន្ន ទីកន្លែងនេះបានប្រែក្លាយទៅជារមណីយដ្ឋានមានទាំងស្ពានឫស្សីឆ្លងកាត់ខ្វាត់ខ្វែងមានរោងអង្គុយលេងមានកន្លែងក្រាលកន្ទេល មានកន្លែងបត់ជើងបត់ដៃ និងមានកន្លែងចត រថយន្តទៀតផងធានាមានសុវត្ថិភាព ៕ (កែសម្រួលដោយ ៖ បុប្ផា)








ចែករំលែកព័តមាននេះ