ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ឆាក​កាត់ទោស លោក កឹ​ម សុខា បដិ​សេធ​ទាំងស្រុង​លើ​ការ​ចោទប្រកាន់​ថា​ក្បត់​ជាតិ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពេញ​មួយ​ថ្ងៃ​ (​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២០) សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវ​នា​ការ​សាកសួរ​ដេញដោល​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​រដ្ឋ​បរទេស ដែល​មាន​ជនជាប់ចោទ​គឺ​លោក កឹ​ម…

រាជធានី​ភ្នំពេញ ៖ ពេញ​មួយ​ថ្ងៃ​ (​ថ្ងៃ​ទី​១៥ មក​រា ឆ្នាំ​២០២០) សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវ​នា​ការ​សាកសួរ​ដេញដោល​លើ​សំណុំរឿង​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​រដ្ឋ​បរទេស ដែល​មាន​ជនជាប់ចោទ​គឺ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដំណើរការ​ទៅ​ដោយ​រលូន​តាម​នីតិវិធី ។ សវនាការ​នេះ​នឹង​បន្ត​នៅ​ថ្ងៃ​ទី​១៦ ខែមករា​នេះ​ទៀត ។ អ្នក​តាមដាន​ដំណើរការ​សវនាការ​បាន​ធ្វើការ​កត់​សម្គាល់ថា សវនា​ការ​នេះ​ មានការ​យកចិត្តទុកដាក់​ពី​ក្រុម​អ្នក​សារព័ត៌មាន​ជាតិ អន្តរជាតិ សង្គម​ស៊ី​វិល និង​អ្នកការទូត​បរ​ទេស​ជា​ច្រើន​អង្គភាព​ផង​ដែរ ។

មុន​សវនាការ​ចាប់ផ្តើម​គេ​បានឃើញ​លោក កឹ​ម សុខា ជា​ជនជាប់ចោទ​បាន​ធ្វើ​ដំណើរ​ពី​គេហដ្ឋាន​របស់​លោកតា​មរយៈ​រថយន្ត​ផ្ទាល់ខ្លួន​ទំនើប​មួយ​គ្រឿង និង​មួយ​គ្រឿង​ទៀត​អមដំណើរ​បាន​មក​ដល់​មុខ​សា​លាដំបូង​រាជធានី​ភ្នំពេញ​នៅ​វេលា​ម៉ោង​ប្រមាណ​៧​និង​៣៥​នាទី​ព្រឹក​ដោយ​មាន​អ្នក​ជិត​ស្និទ្ធ​ហែហម​គាំទ្រ​ដូច​ជា លោក យ៉ែ​ម ប៉ុ​ញ្ញ​រិ​ទ្ធ លោក មុត ច​ន្ថា និង​សហការី​មួយ​ចំនួន​ទៀត ។

ទិដ្ឋភាព​ជាក់ស្ដែង​នៅ​ខាង​មុខ និង​ជុំវិញ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​មាន​បាតុភាព​អ្វី ឬ​សកម្មភាព​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ទេ ប៉ុន្តែក្នុង​នោះ​ក៏​មាន​អ្នក កឹ​ម សុខា និយម ក៏​ដូច​ជាស​មា ជិ​ក​សមាជិកា ព្រះសង្ឃ​២​អង្គ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​សិទ្ធិ​មនុស្ស​លី​កាដូ ប្រមាណ​១៥០​នាក់ រួម​ទាំង​ជនបរទេស​ជា​អ្នក​សង្កេត​ការណ៍ និង​ពី​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ចូលរួម​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ផង​ដែរ ។

ខុទ្ទកាល័យ​របស់​លោក កឹ​ម សុខ បាន​ផ្សព្វផ្សាយ​ពី​ស្ថានភាព​នៃ​សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​១៥ មក​រា ដោយ​រៀបរាប់​ថា​លោក កឹ​ម សុខា បាន​ប្រកាស​បដិសេធ​នូវ​ការ​ចោទប្រកាន់​មក​លើ​រូប​លោក​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព ជាមួយ​បរទេស​ឬ​អំពើ​ក្បត់ជាតិ ។ ជាមួយនឹង​ការ​បដិសេធ​នេះ​លោក កឹ​ម សុខា ក៏​បាន​ទាមទារ​ឲ្យ​ចៅក្រម​ទម្លាក់​ចោល​ជា​ស្ថាពរ​ចំពោះ​បទ​ចោទ​ដើម្បី​លោក​អាច​អនុវត្ត​បាន​នូវ​សិទ្ធិ​សេរីភាព នយោបាយ​ពេញលេញ​ឡើង​វិញ ។

លោក កឹ​ម សុខា ប្រកាស​ពី​គោលជំហរ​៦​ចំណុច
លោក មុត ច​ន្ថា នាយក​ខុទ្ទកាល័យ លោក កឹ​ម សុខា បាន​ផ្សព្វផ្សាយ​នូវ​សារ​របស់​លោក កឹ​ម សុខា ដែល​បាន​សរសេរ​ថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន​សាធារណ​ជនជាតិ និង​អន្តរជាតិ​ជ្រាប​អំពី​គោល​ជំហរ​របស់ខ្ញុំ​ដូច​តទៅ ៖ខ្ញុំ​បដិសេធ​ទាំងស្រុង​នូវ​ការ​ចោទប្រកាន់​មក​លើ​រូប​ខ្ញុំ​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ។ ខ្ញុំ​មិន​បាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ ។

ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជា​ពិសេស​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះ​ពាល់ ដល់​ផលប្រយោជន៍​ប្រទេស​ជាតិ​ឡើយ ។ សកម្មភាព​ទាំងអស់​របស់ខ្ញុំ គឺ​ផ្តោត​លើ​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី ស្រប​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គ្រប់​សកម្មភាព​នយោបាយ​របស់ខ្ញុំ គឺ​ផ្តោត​លើ​ការ​បោះ​ឆ្នោត ដោយ​សេរី​ត្រឹមត្រូវ​យុត្តិធម៌ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

ខ្ញុំ​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ជា​ស្ថាពរ​ចំពោះ​បទ​ចោទ​មក​លើ​រូប​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​អនុវត្ត​បាន​នូវ​សិទ្ធិ សេរីភាព នយោបាយ​ពេញលេញ​ក្នុង​ការ​ចូលរួម​បម្រើ​ជាតិ មាតុភូមិ និង​ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។

ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ អ្នកការទូត អង្គការ​សង្គម​ស៊ី​វិល អ្នក​សារព័ត៌មាន​ជាតិ​-​អន្តរជាតិ​ដែល​បាន​យកចិត្តទុកដាក់​ចូលរួម​ឃ្លាំមើល និង​សង្កេតការណ៍​សវនាការ​នេះ ។

ពង្រឹង​សន្តិសុខ​តាម​ផ្លូវ​មុខ​សាលាដំបូង
ដោយឡែក​ ចំពោះ​សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវ​បាន​រឹត​បន្តឹង​ដោយ​កងកម្លាំង​អាជ្ញាធរ សមត្ថកិច្ច ត្រូវ​បាន​ដាក់​ពង្រាយ ការពារ​សន្តិសុខ​នៅ​តាម​ផ្លូវ និង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ស្ថិត​នៅ​ខាងជើង​ជាប់​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក្នុង​រាជធានី​ភ្នំពេញ ។ រីឯ​លោក កឹ​ម សុខា អម​ដោយ​មេធាវី​៤​រូប ក៏​បាន​ចូលរួម​សវនាការ​ជំនុំ​ជម្រះក្តី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែមករា​នេះ​ដោយ​សុវត្ថិភាព​ផង​ដែរ ។

សូម​បញ្ជាក់​ថា លោក​ចៅក្រម កុយ សៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ប្រកាស​ពី​សវនាការ​កាត់ទោស​ករណី​លោក កឹ​ម សុខា អតីត​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ ។ សវនាការ​ទាំង​ពីរ​ថ្ងៃនេះ ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក​ដល់​ម៉ោង​១១​និង​៤០​នាទី និង​បន្ត​នៅ​ពេល រសៀល​នា​ម៉ោង​២​និង​២០​នាទី​ដល់​ម៉ោង​៥​និង​៣០​នាទី ។

សវនាការ​លើ​សំណុំរឿង​លោក កឹ​ម សុខា នា​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ ត្រូវ​បាន​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​អ្នកចូលរួម​តាមដាន​សវនាការ​ដោយ​ផ្ទាល់​ក្នុង​បន្ទប់​សវនាការ ត្រូវ​ចុះ​ឈ្មោះ​មុន​ត្រឹមតែ​ចំនួន​៣០​នាក់​ប៉ុណ្ណោះ ។ មូលហេតុ​ដោយសារ​តែ​បន្ទប់​សវនាការ​តូច​ចង្អៀត ។ ចំពោះ​អ្នក​សារព័ត៌មាន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ស្តាប់​ក្នុង​បន្ទប់​សវនាការ​ឡើយ ។

សវនាការ​សំណុំរឿង​លោក កឹ​ម សុខា អាច​ប្រើ​ពេញ​៣​ខែ
សវនាការ​ដំបូង​នេះ​គឺ​មាន​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៥ និង​ទី​១៦ ខែមករា ។ នេះ​បើ​តាម​មេធា​វី​របស់​លោក កឹ​ម សុខា ។ លោក តាំង ស៊ុន​ឡាយ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​វិទ្យុ​វី​អូ​អេ កាលពី​ថ្ងៃ​ទី​១៤ មក​រា​ថា សវនាការ​ជំនុំជម្រះ​លើ​លោក កឹ​ម សុខា អាច​ប្រើរយៈពេល​ទៅ​ដល់​៣​ខែ ។ លោក​មាន​ប្រសាសន៍​ទៀត​ថា​៖«​ដោយសារ​រឿង​នេះ​ធំ ប្រហែលជា​យើង​គ្រោង​បី​ខែ ។ យើងគ្រោង​បី​ខែ​បាន​ចប់​» ។ លោក​បន្ថែម​ថា តុលាការគ្រោង​យក​ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​រៀង​រាល់​ស​ប្តា​ហ៍ ដើម្បី​ដំណើរការ​សវនាការ​នេះ ។

លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​រួមគំនិត​ជាមួយ​បរទេស ក្នុង​គម្រោង​មួយ​ដែល​រដ្ឋាភិបាល​ហៅ​ថា «​ការ​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​» ដោយ​មាន​សហរដ្ឋអាមេរិក​នៅ​ពីក្រោយ ។ ទាំងលោក កឹ​ម សុខា និង​សហរដ្ឋអាមេរិក​បាន​បដិសេធការ​ចោទប្រកាន់​នេះ ។

លោក គី តិច មេធាវី​រាជរ​ដ្ឋា​ភិបាល​ថា លោក កឹ​ម សុខា ទទួលស្គាល់ថា​ ទាំង​រូបភាព និង​សំឡេង​ក្នុង​ឃ្លី​ប​វី​ដេ​អូ​ជា​របស់​លោក​ពិតមែន

លោក​មេធាវី គី តិច ជា​មេធាវី​រាជរដ្ឋាភិបាល​បាន​ថ្លែង​ថា​ដំណើរការ​សវនាការ​មិន​មានការ​ខកខាន​នោះ
​ទេ ។ ជនជាប់ចោទ​លោក កឹ​ម សុខា មាន​មេធាវី​ការពារ​សិទ្ធិ និង​សាក្សី​ចំនួន​២៧​នាក់ តែ​បាន​ចូលរួម​តែ​១២​នាក់ ។ លោក​មេធាវី គី តិច បន្ត​ថា ជនជាប់ចោទ​និង​មេធាវី​របស់​គាត់​បាន​ប្រគល់​ឯកសារ​ជា​យូ​អេស​ប៊ី​ទី​១​ទៅ​តុលាការ​ចាក់ ក្នុង​ពេល​សវនាការ ហើយ​លោក កឹ​ម សុខា ទទួលស្គាល់​ថា រូបភាព​និងសម្លេង​ទាំងនោះ​ជា​របស់​រូប​លោក​មែន ។ ចំពោះរយៈពេល​នៃ​សវនាការ​វិញ​មេធាវី​រាជរដ្ឋាភិបាល​លោក គី តិច មិន​ទាន់​ហា​៊​ន​អះអាង​ពី​ដំណើរការសវនាការ​ថា ៣​ខែ​ឬ​តិច​ជាង​នេះ​ក៏​ថា​បាន​ដែរ ។ លោក​មេធាវី​ថា លោក កឹ​ម សុខា បាន​ទទួលស្គាល់សំឡេង​របស់​លោក​ពិតមែន​ក្នុង​វី​ដេ​អូ​នោះ ។ តែ​លោក​បាន​ផ្តល់​យូ​អេស​ប៊ី មួយ​ផ្សេង​ទៀត​ជូន​តុលាការ​ព្រោះ​សង្ស័យ​ថា​ឃ្លី​ប​វី​ដេ​អូ​មុន​អាច​ជា​ការ​កាត់ត​សំឡេង​ខុស​ពី​យូ​អេស​ប៊ី​ទី​២ ។

លោក​មេធាវី គី តិច បាន​សូម​ឲ្យ​តុលាការ​ពិនិត្យ​លើ​ភស្តុ​តាង ដែល​ផ្តល់​ដោយ​មេធាវី​ការពារ​សិទ្ធិ​របស់​ជនជាប់ចោទ ព្រោះ​ចៀសវាង​អាច​ជា​ការ​រំខាន ឬ​លុប​ឯកសារ​របស់​តុលាការ ឬ​អាច​មាន​ជាតិ​ផ្ទុះ​ក្នុង​ពេល​សវនាការ ។ លោក​មេធាវី គី តិច មាន​ប្រសាសន៍​ថា មាន​ប្រទេស​ចំនួន​៩ និង​បុគ្គល​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ ។ មេធាវី​រាជរដ្ឋាភិបាល​បាន​ស្នើ​ដល់​តុលាការ​ផ្តល់​ភស្តុ​តាង​ជា​អក្សរ​ដល់​ប្រទេស​ទាំង​នោះ​ផង ។ ការ​ធ្វើ​ដូចនេះ​ដើម្បី​ងាយស្រួល​ដល់​មេធាវី​រាជរដ្ឋាភិបាល ងាយស្រួល​ក្នុង​ការ​ពិភាក្សា​និង​មាន​ភស្តុ​តាង​ជា​ច្រើន នឹង​បង្ហាញ​ដល់​តុលាការ ។ តាម​មាត្រា​៤៤៣​នេះ ប្រ​សិន​តុលាការ​រក​ឃើញ​ពី​ទោស ជនជាប់ចោទ​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី​១៥​ដល់​៣០​ឆ្នាំ ។

សវនាការ​កាត់ទោស កឹ​ម សុខា បញ្ចប់​នៅ​ថ្ងៃ​ទី​១ គ្រោង​បន្ត​នៅ​ថ្ងៃស្អែក​ទៀត
នា​វេលា​ម៉ោ​៥​និង​២០​នាទី​ល្ងាច​ថ្ងៃ​ដដែល សាលាដំបូង​បាន​បញ្ចប់​សវនាការ​នៅ​ថ្ង​ទី​១ និង​គ្រោង​បន្ត​នៅ​ថ្ងៃស្អែក​ទៀត ។ លោក​មេធាវី គី តិច បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា យ៉ាង​ហោច​ណាស់​ប្រទេស​ចំនួន​៩​មាន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​របស់​លោក កឹ​ម សុខា រួម​មាន ឥណ្ឌូ​ណេ​ស៊ី យូ​ហ្គោ​ស្លា​វី ស៊ែ​ប៊ី អូស្ត្រាលីអា​មេ​រិ​ក កា​ណា​ដា សហភាព​អឺរ៉ុប កោះ​តៃវ៉ាន់ និង​ឥណ្ឌា ។ ក្រៅពី​នេះ ក៏​មាន​ពាក់ព័ន្ធ​នឹង​អង្គការអន្តរជាតិ និង​បុគ្គល​ជា​ជនបរទេស​មួយ​ចំនួន​ទៀតដែរ តែ​លោក​សុំ​មិន​បញ្ចេញ​ឈ្មោះ ។

មន្ត្រីជាន់ខ្ពស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​នា​ល្ងាច​ថ្ងៃ​ទី​១៥ ខែមករា​ថា អ្នក​សង្កេតការណ៍​បរទេស​ក្នុង​សវនាការ​កាត់ទោស​លោក កឹ​ម សុខា ពី​បទ​ក្បត់ជាតិ​នេះ មាន​មន្ត្រី​ការទូត​ប្រទេស​ចំនួន​១១ រួម​ទាំង​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ផង​ដែរ ។ក្នុង​ចំណោម​អ្នកចូលរួម​ស្តាប់​នេះ មាន​តែប្រទេស​ស៊ុ​យ​អែ​ត​មួយ​គត់​ដែល​បញ្ជូន​ឯកអគ្គរដ្ឋ​ទូត​របស់​ខ្លួន​ឲ្យ​ចូលរួម​ផ្ទាល់ ។ ចំណែក​ស្ថានទូត​បរ​ទេស​ដទៃ​ទៀត​ដូច​ជា ស្ថានទូត​អឺរ៉ុប អង់គ្លេ​ស អា​មេ​រិ​ក អូស្ត្រាលី ជប៉ុន បារាំង អា​ល្លឺម៉​ង់ នូ​វែ​ល​ហ្សេ​ឡង់ និង​បែ​ល​ហ្សុ​ិ​ក គឺ​បញ្ជូនត្រឹមតែ​មន្ត្រី​មាន​ឋានៈ​ទាប​ជាង​ប៉ុណ្ណោះ ។

នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះក្តី ដែល​ចាប់ផ្តើម​នៅ​ម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់ លោកកឹ​ម សុខា បាន​ប្រកាស​បដិសេធ​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយបរទេស ឬ​អំពើ​ក្បត់ជាតិ និង​សុំ​ឲ្យ​ចៅក្រម​ទម្លាក់​ចោល​ជា​ស្ថាពរ​ចំពោះ​បទ​ចោទ ដើម្បី​លោកអាច​អនុវត្ត​បាន​នូវ​សិទ្ធិ​សេរីភាព​នយោ​បាយ​ពេញលេញ​ឡើង​វិញ ។ មេធាវី​៤​រូប​រួម​មាន លោក ផែង ហេង លោកចាន់ ចេ​ន លោក ផា​ន់ ចាន់​សាក់ និង​លោកស្រី ម៉េ​ង សុធា​រី គឺជា​មេធាវី​ការពារ​សិទ្ធិ​លោក កឹ​មសុខា នៅ​ក្នុង​សវនាការ​នេះ ។ នៅ​ក្នុង​បន្ទប់​សវ​នាការ មាន​អ្នក​សង្កេតការណ៍ និង​អ្នក​សារព័ត៌មាន ប្រមាណ​៣០​នាក់​រាប់​ទាំង​មន្ត្រី​ទូត​បរទេស​ផង ។

គួរ​រំឭក​ថា លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្តាលអធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស​ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេង​ទៀត កាលពី​អំឡុង​ឆ្នាំ​១៩៩៣ រហូត​ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ជា​បទល្មើស​ព្រហ្មទណ្ឌ និង​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។ក្រោយ​ពី​ជាប់ពន្ធ​នាគា​អស់​រយៈពេល​ជាង​១​ឆ្នាំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​មក កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩​សាលាដំបូង​រាជធានី ភ្នំពេញ​សម្រេច​ឲ្យ​លោក កឹ​ម សុខា រស់នៅ​គេ​ហដ្ឋាន​របស់​លោក​វិញ ប៉ុន្តែ​មិន​ឲ្យ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​នយោបាយ ។

តុលាការ​បាន​អះអាង​ថា សម្រេច​ឲ្យ​នៅ​គេហដ្ឋាន​វិញ​ដោយសារ​តែ​លោក កឹ​ម សុខា បាន​គោរព​ត្រឹម
ត្រូវ​តាម​កាតព្វកិច្ច​នៃ​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ ។ កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ថ្មី​ដែល​លោក កឹ​ម សុខា ត្រូវ​អនុវត្ត​ចាប់ពី​ពេល​នេះ​មាន​បី​ចំណុច​គឺ ទី​១-​មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ទី​២-​មិន​ត្រូវធ្វើ​សកម្មភាព​នយោបាយ ។និង​ទី​៣-​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះហៅ​ពី​គ្រប់​សមត្ថ
កិច្ច ៕