ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ចាប់ផ្ដើម​អនុវត្ត​បច្ចេកវិទ្យា​ក្នុង​ចង្វាក់​ផលិតកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ និង​ឱ្យ​អនុវត្ត​នូវ​បច្ចេកវិទ្យា​ក្នុង​សេដ្ឋកិច្ច ពោល​គឺ​ដើរ​ឱ្យទាន់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤.០ នោះ​បណ្ដា​សហគ្រាស​តាម​វិស័យ​នានា​បាន​ធ្វើ និង​មួយ​ចំនួន​មិន​ទាន់​ធ្វើ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញ និង​ឱ្យ​អនុវត្ត​នូវ​បច្ចេកវិទ្យា​ក្នុង​សេដ្ឋកិច្ច ពោល​គឺ​ដើរ​ឱ្យទាន់​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ៤.០ នោះ​បណ្ដា​សហគ្រាស​តាម​វិស័យ​នានា​បាន​ធ្វើ និង​មួយ​ចំនួន​មិន​ទាន់​ធ្វើ ។ ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា ដែល​ជា​វិស័យ​ស្នូល​មួយ​ក្នុង​វិស័យសេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ​នោះ ក៏​បាន​ចាប់ផ្ដើម​អនុវត្តន៍​នូវ​សកម្មភាព​នេះ​ដែរ ។

លោក លី តេ​ក​ហេង នាយក​ប្រតិបត្តិ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ត្រូវ​ដើរ​ឱ្យទាន់​នូវ​បច្ចេកវិទ្យា ក្នុង​នោះ​វិស័យ​ឧស្សាហកម្ម​ក៏​ដូច្នេះ​ដែរ គឺ​ត្រូវការ​ធានា​នូវ​គុណភាព ជា​និរន្តរ៍ ដោយ​ក្នុង​នោះ​វិស័យ​រោងចក្រ​ងាក​មក​ប្រើ​ប្រព័ន្ធ ៤.០ ដែល​មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា Zilingo ជា​អ្នក​ជួយ និង​ផ្ដល់​ដំណោះស្រាយ​ដល់​រោងចក្រ​កម្ពុជា ។

លោក​បន្ត​ថា ៖ «​ប្រព័ន្ធ​ថ្មី​នេះ​នឹង​ជួយ​ដល់​អ្នក​ប្រតិបត្តិ​ក្នុង​វិស័យ​ផលិត​សម្លៀក​បំពាក់​ទៅ​លើ​ការ​គ្រប់គ្រង ការ​បញ្ជា​ទិញ ការ​ផ្ដល់​ទំនិញ​ត្រលប់​ទៅ​វិញ និង​គ្រប់គ្រង​ប្រតិបត្តិការ​នៅ​ក្នុង​រោងចក្រ​ផ្ទាល់​តែ​ម្ដង​» ។

លោក​បន្ត​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​ដែល​បណ្ដា​រោងចក្រ​ងាក​មក​ប្រើ​នូវ​បច្ចេកវិទ្យា​ទំនើប​វិញ នោះ​ពួក​គេ​នឹង​លែង​ពិបាក​ក្នុង​គ្រប់គ្រង​តាំងពី​វត្ថុ​ធាតុ​ចូល​ក្នុង​ឃ្លាំង និង​ផលិត​ជា​ទំនិញ​នាំ​ចេញ​វិញ​ដោយ​លែង​ខ្វល់ និង​ព្រួយបារម្ភ​ទៀត​ឡើយ ព្រមទាំង​អាច​មើល​របាយការណ៍​ចាស់​ៗ​បាន​ផង​ដែរ ពិសេស​នោះ​អាច​មើល​របាយការណ៍​ក្នុង​ទូរស័ព្ទ​ដៃ ឬ​កុំព្យូទ័រ​ដោយ​មិនបាច់​ព្រី​ន​ចេញ​ជា​ក្រដាស​នោះ​ទៀត​ដែរ ។ លោក​បន្ត​ទៀត​ថា នៅ​ពេល​ដែល​សមាជិក​របស់​សមាគម​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​សម្រាប់​ពិនិត្យ​ខ្សែ​ចង្វាក់​ផលិតកម្ម នឹង​ធ្វើ​ឱ្យ​មានការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ផលិត​ដទៃ​ទៀត​កាន់តែ​ខ្លាំង និង​កាន់តែ​កៀក​គ្នា ហើយ​អាច​បង្កើន​ការ​ផលិត​របស់​កម្ពុជា​កាន់តែ​ខ្លាំង និង​ចំណេញ​កាន់តែ​ច្រើន ។លោក​បញ្ជាក់​ថា ៖ «​នៅ​បណ្ដា​ប្រទេស​មួយ​ចំនួន គេ​បាន​ប្រើ​ប្រព័ន្ធ​នេះ​រួច​ហើយ ដូច​ជា​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី បង់​ក្លា​ដេ​ស ស្រី​លង្ការ និង​ឥណ្ឌា​ជាដើម ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ខ្ពស់​ផង​ដែរ​» ។

លោក យិ​ន សូ​សាកល អ្នកគ្រប់គ្រង​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន Zilingo ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹ​ង្ហ​បុរី បានឱ្យ​ដឹង​ថា ការ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​សម្រាប់​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​សម្លៀក​បំពាក់ នឹង​អាច​ផ្ដល់​ប្រយោជន៍ និង​បង្កើន​ប្រាក់​ចំណូល​ដោយ​មាន​ប្រសិទ្ធភាព​ប្រមាណ​ពី ១០ ទៅ ១២ ភាគរយ ដូច្នេះ​ក្នុង​បរិមាណ​នេះ គឺ​អាច​ចំណេញ​បាន​ច្រើន​ដល់​សហគ្រាស​រោងចក្រ ដែល​កំពុង​ដំណើរការ​នៅ​កម្ពុជា ។ លោក​បន្ថែម​ថា កន្លង​មកនេះ​ប្រធាន​រោងចក្រ ឬ​ថៅកែ​រោងចក្រ ចង់​ត្រួតពិនិត្យ​របាយការណ៍​ណាមួយ​ពី​ប្រធាន​ផ្នែក​នីមួយ​ៗ​ត្រូវ​រង់ចាំ ការ​ផ្ញើ​របាយការណ៍​ម្ដង​មួយ​ៗ តែ​នៅ​ពេល​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ច្បាស់លាស់ ពួក​គាត់​អាច​យក​របាយការណ៍​បាន​លឿន និង​បាន​គ្រប់ពេលវេលា ដោយ​មិន​ចាំបាច់​តែ​ថ្ងៃ​ធ្វើការ ឬ​របាយការណ៍​ថ្មី​ៗ​នោះ​ទេ ពោល​គឺ​របាយការណ៍​ចាស់​ៗ​ក៏​អាចយ​កមក​ធ្វើការ​ប្រៀបធៀប​បាន​ដែរ ។

គួរ​បញ្ជាក់​ថា វិស័យ​វាយ​ន​ភណ្ឌ​នៅ​តែ​ជា​វិស័យ​ដែល​មាន​សក្ដានុពល​ក្នុង​ការ​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ វិស័យ​នេះ​បាន​ដើរតួ​នាទី​សំខាន់​ដដែល​ក្នុង​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត ១​លាន​នាក់ ព្រមទាំង​ផ្ដល់​ប្រាក់​ចំណូល​ដល់​ពលរដ្ឋ​សរុប​ជាង ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ។

យ៉ាងណា​ក៏​ដោយ​ក្នុង​ពេល​សហភាព​អឺរ៉ុប​កំពុង​ធ្វើ​នីតិវិធី​ព្យួរ​បណ្ដោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា មាន​មតិ​មួយ​ចំនួន​បង្ហាញ​ការ​ព្រួយបារម្ភ ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច ជា​ពិសេស​វិស័យ​កាត់ដេរ តែ​មាន​មតិ​មួយ​ចំនួន​ទៀត បាន​លើក​ឡើង​ថា​កម្ពុជា នឹង​មានឱកាស​ក្នុង​ការ​ពង្រឹង​ខ្លួន​ដោយ​លែង​ពឹងពាក់​ការ​អនុគ្រោះ​ពន្ធ​នេះ តែ​នឹង​ពង្រីក​ទីផ្សារសេរី​ឱ្យ​បាន​កាន់តែ​ច្រើន ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ