យុវតីចាន់​រី«ជា​បងធំ​មេ​សាង»​ត្រូវសមត្ថ​កិច្ច​​បញ្ជូន​ទៅ​តុលាការ​ហើយ​


ខេត្តព្រៃវែង ៖ ទីបំផុត​ យុវតី​ម្នាក់​ឈ្មោះ ចាន់​រី ដែល​ក្រុម​អ្នកលេង​បណ្តាញ​សង្គមហ្វេ​ស​ប៊ុ​ក ដាក់​ឈ្មោះ​ឱ្យថា «ជា​បងធំ​មេ​សាង» នោះ ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿងបញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង​ហើយ ដោយ​ជាប់ចោទ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនាលើ​អ្នក​ដទៃ​។

គួរបញ្ជាក់ថា យុវតី ចាន់​រី ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​មេ​សាង ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀលថ្ងៃ​ទី​១៣​ មក​រា បន្ទាប់​ពី​បែកធ្លាយ​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​រូប​នាង​និង​បក្សពួក​ជា​ច្រើន​នាក់ បាន​ព្រួត​គ្នា​ស្ទាក់​ឃាត់​ម៉ូតូ​យុវតី​៤​នាក់​ផ្សេង​ទៀត ហើយ​វាយ​ទៅ​លើ​ជន​រង​គ្រោះ ដោយ​ទះកំផ្លៀង​ជា​ច្រើន​ដៃ ដោយសារ​តែ​យុវតី​រង​គ្រោះ​ជិះ​ម៉ូតូ​មើល​មុខ​របស់​ខ្លួន ដោយ​យុវតីចាន់​រី និង​បក្សពួក​ចាត់​ទុក​ថា ការ​មើល​មុខ​នេះ​គឺជា​ការ​ឌឺដង​អោយ​ក្រុម​របស់​ខ្លួន​។

លោក នូវ ហាច អធិការ​នគរបាល​ស្រុក​មេ​សាងបានអោយ​ដឹង​ថា ហេតុ​ការ​ណ៍​ដែល​យុវតី ចាន់​រី និង​បក្សពួក​ស្ទាក់​វាយ​យុវតី​រង​គ្រោះ​នោះ បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១១​មក​រា​មក​ម្លេះ ប៉ុន្តែ​រឿងរ៉ាវ​នេះ​បាន​បែកធ្លាយ បន្ទាប់​ពី​បក្សពួក​របស់​គេ បង្ហោះ​វី​ដេ​អូ​ឃ្លី​ប ដែល​ថត​ពី​សកម្មភាព​របស់​យុវតី ចាន់​រី គំរាម​និង​វាយ​យុវតី​រង​គ្រោះ ចូល​ក្នុង​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃ​ទី​១៣​មក​រា ទើប​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ល្បី​ពេញ​ហ្វេ​ស​ប៊ុ​ក ហើយ​តាម​រយៈ​វី​ដេ​អូ​នេះ​ដែរ ទើប​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន យុវតី ចាន់​រី នៅ​រសៀល​ថ្ងៃ​ទី​១៣​មក​រា​តែ​ម្តង​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា ដំបូង​ឡើយ​សមត្ថកិច្ច​យើង មាន​បំណង​គ្រាន់តែ​ចង់​ឃាត់ខ្លួន​យុវតី ចាន់​រី យក​មក​ធ្វើការ​អប់រំ​ណែនាំ​ប៉ុណ្ណោះ ដោយ​មិន​មាន​បំណង​កសាង​សំណុំរឿង​ផ្តន្ទាទោស​អ្វី​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​អប់រំ​ណែនាំ បែរជា​ឪពុក​ម្តាយ​និង​បងប្អូន​សាច់ញាតិ​របស់​នាង លើកគ្នា​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក ដោយ​បាន​ស្រែក​ឡូឡា​អុកឡុក​ជា​ខ្លាំង និង​បាន​គំរាម​ចង់​ប្តឹង​សមត្ថកិច្ច​វិញទៀត ដោយ​អះអាង​ថា កូនស្រី​របស់​គាត់​គ្រាន់តែ​ខុសឆ្គង​តិចតួច មិន​សម​ណា​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​នោះ​ទេ ធ្វើ​បែប​នេះ​គឺ​ប៉ះពាល់​ដល់​កិត្តិយស​របស់​នាង​ខ្លាំង​ណាស់​។

លោក នូវ ហាច បាន​បញ្ជាក់​ថា ដោយ​មើលឃើញ​ពី​អាកប្បកិរិយា​មិន​សមរម្យ របស់​គ្រួសារ​យុវតី ចាន់​រី មក​លើ​សមត្ថកិច្ច​នោះ ទើប​លោក​រាយ​ការ​ណ៌​ឆ្លង​យោបល់​ទៅ​លោក​ព្រះរាជអាជ្ញា ហើយ​ព្រះរាជអាជ្ញា ក៏​បញ្ជា​អោយ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តែ​ម្តង ដោយ​ចោទប្រកាន់​ពី​បទ បង្ក​របួស​ស្នាម​ដោយ​ចេតនា​លើ​អ្នក​ដទៃ ហើយ​បច្ចុប្បន្ន​នេះ​កំលាំង​សមត្ថកិច្ច​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃ​វែង កំពុង​ចាត់ការ​បន្ត​ទៅ​តាម​និ​តិ​វិធី មុន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ