រាជធានីភ្នំពេញ ៖ ខណៈការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០១៤ (FIFA World Cup 2014) បានបញ្ចប់ទៅយ៉ាងរលូន ដោយក្រុមឥន្ទ្រីស្លាបដែកអាល្លឺម៉ង់ ជាអ្នកលើកពាននោះ គេហទំព័រ Cambosport ដែលបានចូលរួមចែករំលែកភាពរីករាយជាមួយប្រិយមិត្តទាំងអស់តាមរយៈការបង្កើតឡើងនូវការទស្សន៍ទាយមួយឈ្មោះថា «ឈ្នះផ្លែប៉ោម» បានរកឃើញអ្នកឈ្នះរង្វាន់គិតជាទឹកប្រាក់ចំនួន៥.០០០ដុល្លារផងដែរ បន្ទាប់ពីចាប់ឆ្នោតជ្រើសរើសលេខទូរស័ព្ទដៃស្វែងរកអ្នកឈ្នះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៤ ។
លោកសុវណ្ណ ម្ចាស់គេហទំព័រ Cambosport បានថ្លែងប្រាប់អ្នកសារព័ត៌មានមុននឹងចាប់ផ្តើមពិធីចាប់ឆ្នោតថា កម្មវិធីដែលយើងបានរៀបចំឱ្យប្រិយមិត្ត និងអ្នកគាំទ្រវិស័យកីឡាធ្វើការទស្សន៍ទាយឈ្មោះថា «ឈ្នះផ្លែប៉ោម» គឺយើងដំណើរការតាំងពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៣ ខែកក្កដាកន្លងទៅនេះ ហើយមានអ្នកចូលរួមទស្សន៍ទាយរហូតដល់ទៅ៣.៦៩២នាក់ ខណៈអ្នកទាយថា អាល្លឺម៉ង់លើកពានមានចំនួន១.១៦២នាក់ឯណោះ ។ ម្ចាស់គេហទំព័រខាងលើបានបញ្ជាក់ថា ដោយសារចំនួនអ្នកទស្សន៍ទាយត្រូវច្រើន ដូច្នេះហើយទើបយើងរៀបចំកម្មវិធីចាប់ឆ្នោតស្វែងរកលេខទូរស័ព្ទអ្នកដែលមានសំណាង ដោយមានអ្នកសារព័ត៌មានចូលរួមធ្វើជាសាក្សីក្នុងពិធីចាប់ឆ្នោតនោះផងដែរ ។ ចំពោះរង្វាន់ដែលត្រូវផ្តល់ជូនអ្នកឈ្នះរួមមាន Macbook Pro Retina Display ១គ្រឿង, iPad Air WiFi+Cellular ១គ្រឿង, iPod Nano ៥គ្រឿង, iPod Suffle ១០គ្រឿង និងអាវយឺតជាច្រើនទៀត សរុបគិតជាទឹកប្រាក់ជាង៥.០០០ដុល្លារ ។
ឆ្លងកាត់ការចាប់ឆ្នោតរួច សម្រាប់រង្វាន់ធំ Macbook Pro Retina Display ១គ្រឿង គឺបានទៅម្ចាស់លេខទូរស័ព្ទ ០១២ ៣៣ ៨៧ ៧៣ រីឯរង្វាន់ធំទី២ iPad Air WiFi+Cellular ១គ្រឿងបានទៅម្ចាស់លេខទូរស័ព្ទ ០៩២ ៦៣ ៣២ ៨៦ ។ ចំពោះម្ចាស់លេខទូរស័ព្ទដែលមានសំណាងឈ្នះរង្វាន់ខាងលើ និងរង្វាន់ផ្សេងៗទៀតអាចចូលទៅមើលគេហទំព័រ Cambosport ហើយអ្នកឈ្នះរង្វាន់ទាំងនេះ បុគ្គលិកគេហទំព័រខាងលើនឹងទាក់ទងដើម្បីមកទទួលរង្វាន់នៅស្នាក់ការក្រុមហ៊ុនផ្ទាល់តែម្តង ។
ក្រោយបញ្ចប់ពិធីចាប់ឆ្នោត លោកសុវណ្ណ បានសង្កត់ធ្ងន់ថា «ក្នុងនាមខ្ញុំជាម្ចាស់គេហទំព័រ Cambosport ខ្ញុំសូមសន្យាថា នឹងព្យាយាមស្វែងរកជំនួយពីក្រុមហ៊ុនជាដៃគូនានាដើម្បីបង្កើតសកម្មភាពកីឡាផ្សេងៗសម្រាប់ចូលរួមចំណែកជួយលើកស្ទួយវិស័យកីឡានៅកម្ពុជាឱ្យមានការរីកចម្រើននាពេលអនាគត» ។
លោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ជាពិសេសយុវជន សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់សុខភាព និងសង្គម ដោយគួរងាកមកលេងកីឡាវិញ ព្រោះកីឡានាំមកនូវសុខភាព មិត្តភាព និងសាមគ្គីភាព៕
ចែករំលែកព័តមាននេះ