រាជធានីភ្នំពេញ ៖ សពយុវជនដែលបែកថ្នាំញៀនរត់ចុះពីផ្ទះសំណាក់អប្សារារីករាយ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ត្រូវបានសមត្ថកិច្ចសម្រេចបូជាហើយ បើទោះបីមិនទាន់ស្គាល់អត្តសញ្ញាណក៏ដោយ។
ប្រភពព័ត៌មានឲ្យដឹងថា នៅវេលារសៀលថ្ងៃទី២២ កក្កដា សមត្ថកិច្ចនគរបាលខណ្ឌ៧មករា បានសម្រេចដឹកសពយុវជនម្នាក់ ចេញពី វត្តស្ទឹងមានជយ័ទៅបូជានៅវត្តសំបួរមាសហើយ បើទោះបីរកអត្តសញ្ញាណ ឬសាច់ញាតិជនរងគ្រោះមិនទាន់ឃើញក៏ដោយ ហើយធាតុយុវ ជននោះក៏ត្រូវបានតម្កល់ទុកនៅទីអាមនោះដែរ ។
គួរបញ្ជាក់ថា យុវជនម្នាក់ក្នុងចំណោម២នាក់មិនស្គាល់អត្តសញ្ញាណ កាលពីល្ងាចថ្ងៃទី២០ កក្កដា បានរត់ចេញពីផ្ទះសំណាក់អប្សារីករាយឡើង ទៅលើដំបូលយានដ្ឋានជួសជុលរថយន្តមួយ បង្កឲ្យមានការភ្ញាក់ផ្អើល ដែលតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាជាជនបែកថ្នាំញៀន។ បន្ទាប់ពីហេតុការណ៍នោះកើតឡើងសមត្ថកិច្ចបាននាំរូបគេទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រហូតយប់ជ្រៅបន្តិចគេបានធ្វើអត្តឃាតសម្លាប់ខ្លួន ដោយខ្លះថាចងក ខ្លះថាបោកក្បាលនឹងជញ្ជាំង ។
សពត្រូវបានសមត្ថកិច្ចនាំទៅតម្កក់ទុកនៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំក្រុមគ្រួសារឬសាច់ញាតិទៅទទួលយកធ្វើបុណ្យតាមប្រពៃណី ។ ប៉ុន្តែនៅពេលតម្កល់ ទុកអស់រយៈពេល១យប់១ថ្ងៃ មិនទទួលបានដំណឹងសមត្ថកិច្ចក៏សម្រេចនាំយកទៅបូជានៅវត្តសំបួរមាសតែម្តងទៅ ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ