ខេត្ដកំពង់ឆ្នាំង ៖ ទាក់ទិនរឿងភ្ញាក់ផ្អើលនិយាយតគ្នាពីមាត់មួយទៅមាត់មួយថា មានខ្មោចស្រីទើបសំរាលកូនលងគេឯង នៅវត្ដយាយទេព ក្នុងក្រុងកំពង់ឆ្នាំងនោះ នៅព្រឹកថ្ងៃទី១៤ កក្កដា សាក្សីមួយចំនួនដែលអះអាងប្រាប់អ្នកកាសែតថា ត្រូវបានខ្មោចលងនោះត្រូវប៉ូលិសហៅទៅឱ្យបំភ្លឺ ព្រោះថា បញ្ហានេះធ្វើឱ្យមានការរំជើបរំជួល និងភ័យខ្លាច ។ ដោយសារតែរឿងនេះជារឿងអបិយជំនឿគ្មានភាពជាក់ស្ដែង ម្ល៉ោះហើយអាចជាការប្រឌិតនិយាយតគ្នាដើម្បីបន្លាចគ្នាក្នុងគោលបំណងអ្វីមួយ ។ ទោះបីជាមានការ យល់បែបនេះក្ដី គ្មាននរណាម្នាក់ហ៊ានប្រថុយ ទៅសាលាឆាន់នោះនៅពេលយប់ទេ ។
មន្ដ្រីប៉ូលិសមានជំនឿថា ខ្មោចលងក្នុងវត្ដមិនអាចទៅរួចទេ ព្រោះជាកន្លែងសក្ការបូជាមានព្រះអង្គតូចធំ និងព្រះសង្ឃ ដូច្នេះហើយទើបសមត្ថកិច្ចប៉ូលិសហៅសាក្សីទាំងនោះមកធ្វើកំណត់ហេតុបំភ្លឺក្នុងគោលបំណង ទប់ស្កាត់ពាក្យចចាមអារ៉ាមដែលធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសង្គម ។ លោកញ៉ោក ប៊ុនធី នាយប៉ុស្ដិ៍នគរបាល ផ្សារឆ្នាំងឱ្យដឹងថា លោកបានទៅសួរនាំ លោកតាហ៊ឹម ឃន ដែលជាអ្នកព្លុកបូជាសពស្ដ្រីនោះគាត់បានប្រាប់ថា គាត់ពិតជាបានបូជា សពស្ដ្រីរូបនោះមែន ហើយនៅម៉ោង១២ថ្ងៃត្រង់ គាត់បានឮសំលេងថ្ងូរចេញពីក្នុងសាលាឆាន់ដែលជាកន្លែងតម្កល់សពស្ដ្រីនោះមុនយកទៅបូជា ។
ចំណែកនារីឈ្មោះរ៉ែន សេង អាយុ២២ឆ្នាំ នៅតែប្រកាន់សំដីថា នាងពិតជាត្រូវខ្មោចស្ដ្រីស្លៀកពាក់សលង បន្លាច ធ្វើឱ្យនាងភ័យពេកបើកម៉ូតូទៅបុកដើមស្វាយមែន ។ នៅព្រឹកថ្ងៃទី១៤ កក្កដា ភ្នាក់ងារ កោះសន្ដិភាពបានតាមរកប្រភពពាក់ព័ន្ធដើម្បី បញ្ជាក់រឿងនេះឱ្យបានច្បាស់លាស់ ហើយបុរសម្នាក់ដែលកំពុងពិសាតែក្នុងវត្ដបាន និយាយថា តាមពិតនារីដែលនិយាយថា មានខ្មោចលងនោះ គឺជាការប្រឌិត ព្រោះតែខ្លាចម្ដាយរបស់នាងបន្ទោសរឿងដើរលេងដល់ម៉ោង៩យប់ ហើយជិះម៉ូតូបុកដើមស្វាយទៀត ។
គាត់និយាយបន្ដទៀតថា “រឿងខ្មោចលង ខ្ញុំក៏ធ្លាប់ត្រូវខ្មោចលងដែរ តែវាមិនដូចក្មេង ស្រីនោះនិយាយទេ” ។ ពេលសួរគាត់ថា ខ្មោចលងធ្វើយ៉ាងម៉េចខ្លះ គាត់ឆ្លើយថា “ វាគ្រាន់តែធ្វើឆ្កែឆ្មា ឬធ្វើជាសំលេងប៉ុណ្ណោះ” ។
កោះសន្ដិភាពមិនមានបំណងបំផុសឱ្យ ប្រជាពលរដ្ឋភ័យខ្លាចមិនចង់ចូលវត្ដធ្វើបុណ្យទានទេ ប៉ុន្ដែព័ត៌មានដែលបានចុះផ្សាយ គឺយោងតាមការសំភាសន៍ផ្ទាល់ជាមួយសាក្សីពីរ-បីនាក់ ដោយមានជំទប់ឃុំ ផ្សារឆ្នាំងអមដំណើរជាមួយផង ។ ទោះជាយ៉ាងណាក្ដី ការបូជាសពស្ដ្រីដែលទើបសំរាលកូនរួចម្នាក់នោះពិតជាគ្មានអាចារ្យត្រឹមត្រូវមែន ។
បើតាមក្រុមគ្រូពេទ្យនិយាយថា ស្ដ្រីរូបនោះបានសំរាលកូនជាមួយឆ្មបបុរាណដែលគ្មានឯកទេសធ្វើឱ្យធ្លាក់ឈាមមិនឈប់ ។ ក្នុងស្ថានភាពបែបនោះនាងត្រូវដឹកទៅមណ្ឌលសុខភាពស្រុក រួចនាំបន្ដទៅមន្ទីរពេទ្យខេត្ដ ដោយបញ្ចូលឈាម២បោ្លកមុន ពេលបញ្ជូនបន្ដទៅរាជធានីភ្នំពេញទៀត។ ពេលទៅដល់ភ្នំពេញ នាងបានស្លាប់ ហើយត្រូវបានដឹកយកសពទៅដាក់តម្កល់ក្នុងវត្ដ យាយទេពនាម៉ោង១រំលងអធ្រាត្រ ។ការល្បីរឿងខ្មោចលងនៅវត្ដទេពធី តារាម ហៅវត្ដយាយទេព ស្ថិតនៅសង្កាត់ ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង គឺជារឿងស្ថិតក្នុងអាថ៌កំបាំងដដែល ព្រោះវាជាអបិយជំនឿ ដក់ជាប់ក្នុងអារម្មណ៍ប្រជាពលរដ្ឋខ្មែរដែល កាន់ព្រះពុទ្ធសាសនា ទោះបីវិទ្យាសាស្ដ្រ មានភាពជឿនលឿនយ៉ាងណាក៏ដោយ ៕
ចែករំលែកព័តមាននេះ