ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ៃគ្នា​ក្បែរទីលាន​ប្រជាធិប​តេយ្យ សន្តិ​សុខខណ្ឌ​របួសធ្ងន់-​ស្រាល38​នាក់

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោ​កស្រី​​មូរ សុខ​ហួរ​ ​លោក​កែវ​ ភិរម្យ និង​លោក​ម៉ែន​ សុថាវរិន​ ​បាន​ត្រូវ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការ​​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃទី​១៥​ កក្កដា​ បន្ទាប់​ពី​អំពើ​ហិ.ង្សា​មួយ​បាន​កើត​ឡើង​ គឺ​ការ​ប៉ះ​ទង្គិចគ្នា​នៅ​ក្បែរ​ទីលាន​ប្រជា​ធិប​តេយ្យ​ រវាង​​ក្រុម​សន្តិ​សុខ​សាលា​ខណ្ឌ​ដូន​ពេញ​ និង​ក្រុម​បាតុករ​ ។​

រាជធានី​ភ្នំ​ពេញ​ ៖ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ លោ​កស្រី​​មូរ សុខ​ហួរ​ ​លោក​កែវ​ ភិរម្យ និង​លោក​ម៉ែន​ សុថាវរិន​ ​បាន​ត្រូវ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការ​​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃទី​១៥​ កក្កដា​ បន្ទាប់​ពី​អំពើ​ហិង្សា​មួយ​បាន​កើត​ឡើង​ គឺ​ការ​ប៉ះ​ទង្គិចគ្នា​នៅ​ក្បែរ​ទីលាន​ប្រជា​ធិប​តេយ្យ​ រវាង​​ក្រុម​សន្តិ​សុខ​សាលា​ខណ្ឌ​ដូន​ពេញ​ និង​ក្រុម​បាតុករ​ ។​

ការ​ប៉ះ​ទង្គិច​គ្នា​នេះ​កើត​ឡើង​ខណៈ​ពេល​ក្រុម​បាតុ​ករ​ដែល​ដឹក​នាំ​ដោយ​ក្រុម​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​​មក​ពីគណ​បក្សប្រឆាំង​ បាន​បុ៉ន​ប៉ង​សម្រុក​ចូល​ទីលាន​ប្រជា​ធិប​តេយ្យ​ ដែល​ត្រូវ​បាន​ហាម​ឃាត់​ដោ​យ​អាជ្ញា​ធរ ។​ ការ​ប៉ះ​​ទង្គិច​គ្នា​នេះ​កើត​ឡើង​ បន្ទាប់​ពី​កម្លាំង​នគរ​បាល​ដែល​ឈរ​នៅ​ខាង​ក្នុង​​ទីលាន​ប្រជាធិប​តេយ្យ​​បង្ខំ​ចិត្ត​​ចាត់​វិធាន​ការ​បាញ់គ្រាប់​បែក​ផ្សែង​ចំនួន​៥គ្រាប់​ដើម្បី​បំបែក​ក្រុមបាតុករ​ដែល​បុ៉ន​ប៉ង​ចូល​ទៅ​កាន់​ទីលាន​​ប្រជា​ធិប​តេយ្យ​ ធ្វើ​ឱ្យ​ក្រុម​យុវ​ជន​គណបក្ស​សង្គ្រោះ​ជាតិ​​មាន​ការ​ខឹង​សម្បា​ ក៏​កើត​មាន​ការ​ប្រទូស្ត​រ៉ាយ​គ្នា​ជា​មួយ​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ ដែល​​ពាក់​មួក​សុវត្ថិ​ភាព​ឈរ​រារាំង​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ស្រាល​​៣៧​នាក់​ ​ក្នុង​នោះ​២​នាក់​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ផង​ដែរ​ ។​

មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា​ សន្តិ​សុខ​ត្រូវ​បាន​រឹត​បន្តឹង​ ឯ​ផ្លូវ​ខាង​ត្បូង​ជាប់​ទីលានប្រជាធិប​តេយ្យ​ ក៏​ត្រូវ​​​បាន​បិទ​តាំង​ពី​ព្រឹក​ព្រលឹម​ដោយ​កង​កម្លាំង​ប៉ូលិស​បង្ក្រាប​បាតុ​កម្ម​​ដែល​ប្រដាប់​ដោយ​ខែល ដំបង​ កាំភ្លើង​បាញ់​​ផ្សែង​ជាច្រើន​រយ​នាក់​ដែល​ដាក់​ពង្រាយ​នៅ​ក្នុង​ទីលាន​ប្រជា​ធិប​តេយ្យ។​ ការដាក់​ពង្រាយ​នេះ​​ គឺ​ក្នុង​បំណង​ទប់​ស្កាត់​មិន​ឱ្យ​មាន​ការប្រមូល​ផ្តុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ជិត​ ឬក្បែរ​ទីលាន​ប្រជា​ធិប​តេយ្យ​ ។​ ចំណែក​នៅខាង​ក្រៅរបង​បន្លា​លួស​​ចំណុច​ស្ពាន​នាគ​ និងសួន​ច្បារ​ស្ពាន​នាគខាង​ត្បូង​វត្ត​ភ្នំ​ កង​កម្លាំង​សន្តិ​សុខ​ដែល​ពាក់​មួក​សុវត្ថិ​ភាព​​ក៏បាន​ដាក់​ពង្រាយ​ និង​ឱ្យបំបែក​រាល់​ការ​ជួប​ជុំ​ ការបុ៉ន​ប៉ង​ប្រមូល​ផ្តុំ​ណាមួយ​ ដោយសារ​ថា​ តាម​​គម្រោង​ដែល​បាន​ប្រកាស​មុន​​នេះ​ តំណាង​រាស្ត្រ​ជាប់​ឆ្នោត​​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ស្រី​មូរ សុខ​ហួរ​ បាន​អំពាវនាវ​ដល់​អ្នក​គាំទ្រ​លោក​ស្រី​ រួមគ្នា​រំដោះ​ទីលានប្រជា​ធិប​តេយ្យ​នៅ​ថ្ងៃ​ទី​១៥​ កក្កដា ។​

លុះ​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ក៏​ឃើញ​លោកស្រី​មូរ សុខ​ហួរ​ ដឹក​នាំ​ក្រុម​យុវ​ជន​​ចំនួន​ជាង​១០០​នាក់​មក​កាន់​ស្ពាន​នាគ​ផ្នែក​ខាង​លិច​លើ​កំណាត់​មហា​វិថី​ព្រះ​នរោត្តម​ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូន​ពេញ​ ដោយ​មានគ្រវី​ទង់​ជាតិ​នៃព្រះ​រាជាណាចក្រ​កម្ពុជា​​ផង ។​ ខណៈ​នោះ​ក៏​មាន​ការ​ប៉ះសម្តី​គ្នា​​ជា​មួយ​កង​កម្លាំង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ ដែល​ព្យា​​យាម​សុំ​​ឱ្យ​មាន​ការ​ចាក​ចេញ​ពី​សួន​ច្បារ​ស្ពាន​នាគ​ផ្នែក​ខាង​កើត​ រហូត​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ដាក់គ្នា​ ខ្លះ​គប់​ដប​ទឹក​បរិ​សុទ្ធ​ និង​បំពង់​ទីប​ជ័រ​ធ្វើ​ដង​ទង់​ជាតិ​ បុ៉ន្តែ​បាន​ចាក់​ស៊ីម៉ង់ត៍​ពី​ខាង​​ក្នុង​​វាយទៅ​លើ​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​វិញ​ ​។​ ក្នុង​ហេតុ​ការណ៍​នេះបណ្តាល​​ឱ្យ​សន្តិ​សុខ​ខណ្ឌ​ដូន​ពេញ​ ដែល​ឈរ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ក្រសួង​សាធា​រណការ​ រង​របួស​បែក​ក្បាល​ធ្ងន់ និង​ស្រាល​​ជា​បន្ត​បន្ទាប់​ ។​

ក្រុម​សន្តិ​សុខ​​បាន​ចោទ​ថា​​ ក្រុម​យុវជន​គណ​បក្សប្រឆាំង​​បាន​នាំគ្នា​ដេញ​វាយ​កម្លាំង​សណ្តាប់​ធ្នាប់​ដែល​ឈរ​នៅ​មុខ​រតនា​​គារ​ លើ​ផ្លូវ​លេខ​១០២​ បណ្តាល​​ឱ្យ​រង​របួស​ក្បាល​ធ្ងន់​ និងស្រាល​រហូត​ជាង​៣០​នាក់ ខណៈ​ដែល​កម្លាំង​​សណ្តាប់​ធ្នាប់​ខណ្ឌគ្មាន​​បទ​បញ្ជា​ឱ្យ​បង្ក្រាប និង​តបត​ទៅ​លើ​សកម្ម​ជន​បក្ស​ប្រឆាំង​ឡើយ​ ដូច​ទ្រាំ​ឱ្យ​គេ​វ៉ៃ​។​ មន្ត្រី​នគរបាល​ប្រឆាំង​បាតុ​កម្ម​ដែល​ការពារ​ទីលានប្រជា​ធិបតេយ្យ​បាន​និយាយ​ថា​ ខណៈ​ពេល​ដែល​ក្រុម​យុវ​ជន​គណបក្សប្រឆាំង​ចោម​រោម​វាយ​ក្រុម​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ដែល​ឈរ​ជើង​នៅ​កែង​ផ្លូវ​លេខ​១០២​ និង​មហាវិថី​ព្រះ​នរោត្តម​យ៉ាង​អនា​ធិបតេយ្យ​ ទើប​កម្លាំង​នគរ​បាល​​បាញ់​គ្រាប់​បែក​ផ្សែង​ដើម្បី​​បំបែក​ភាព​តាន​តឹង​ បែរ​ជាពួក​ជន​ទាំង​នោះ​ដើរ​បង្ក​ ហើយ​ដេញ​វាយ​ទៅ​លើ​ជន​ណា​​ឱ្យតែ​ស្លៀក​ពាក់​ឯក​សណ្ឋាន​ពណ៌​ខៀវ​ ដូចជា​ក្រុម​សន្តិ​សុខ​ខណ្ឌ​ ហាក់​ដូចជា​មាន​គំនុំ​ពី​មុន​មក​ សូម្បីតែ​មួក​សុវត្ថិ​ភាព​​ដែល​​ជ្រុះ​លើ​ថ្នល់​ ក៏​យក​មក​គរ​ដុត​ចោល​ដែរ ។

​ជាមួយ​គ្នា​នោះ​ តាមរបាយ​ការណ៍​ឱ្យដឹង​ថា​ បុរស​ម្នាក់​ជាអ្នក​​យាម​រថយន្ត​ឱ្យ​គេ​នៅ​មុខ​រតនា​គារ​ ផ្លូវ​លេខ​​១០២​ ត្រូវ​បាន​គេ​វាយបែក​ក្បាល​ហូរឈាម​ទាំង​មិនដឹង​រឿង​អ្វី​ទាំងអស់ ។​​ រថយន្ត​សង្គ្រោះ​បន្ទាន់​​មន្ទីរពេទ្យ​កាល់​ម៉ែត​ ដែល​ត្រូវ​បាន​ហៅ​ទៅ​ដឹក​កង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ ដែល​រង​របួស​ធ្ងន់​និងស្រាល​ ក៏ត្រូវ​បាន​គំរាម​​វាយ​​កម្ទេច​ថែម​ទៀត​ផង​ បើ​ទោះ​បី​ជា​មន្ត្រី​អង្គការ​អាដ​ហុក​ចេញ​មុខ​សម្រប​សម្រួល​យ៉ាង​ណាក​៏​ដោយ ។​ នេះ​បើ​យោង​តាម​មន្ត្រី​​សាលា​ខណ្ឌ​​ដូន​ពេញ​និយាយ ។​ បុរស​ម្នាក់​ឈ្មោះ កៅ ហេង​ ដែល​ឈរ​មើល​ហេតុ​ការណ៍​នោះ​និយាយ​ថា​ ក្រុមគណ​​បក្ស​ប្រឆាំង​ហាក់​ដូចជា​មាន​ផែន​​ការ​​គិត​ទុក​មុន ព្រោះ​​ឃើញ​ពួកគេ​ម្នាក់ៗ​មាន​ពាក់​បូ​ពណ៌​លឿង​នៅ​​លើ​ហោ​ប៉ៅ​អាវ​ខាង​ឆ្វេង​ បាន​ដេញ​វាយ​កម្លាំងសន្តិ​សុខ​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ គឺ​ឱ្យ​តែ​ឃើញ​មុខ​វាយ​ទាំងអស់​ សូម្បីតែ​មួក​​ការពារ​ ក៏​ពួក​គេ​យក​មកបោក​ចោល​ ហើយ​ក្រុម​យុវ​ជន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រមូល​អាវ​ និង​មួក​ ដែល​​​ដណ្តើម​បានពី​ក្រុមសន្តិសុខ​ខណ្ឌ​ទៅ​ដុត​ចោល​ថែម​ទៀត​ផង ។

​នៅ​ម៉ោង​ប្រមាណ​ជា​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥​ កក្កដា​ ​សមត្ថ​កិច្ច​បាន​សម្រេច​ឃាត់​ខ្លួន​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣​នាក់​ពីបទ​​បង្ក​បញ្ហា​អុក​ឡុក​នៅ​ទីលានប្រជាធិប​តេយ្យ​ ។ អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​ត្រូវ​បាន​គេស្គាល់​ច្បាស់​ជាងគេ​ គឺ​លោក​ស្រី​មូរ សុខ​ហួរ​ និង​២​នាក់​ទៀត​ ដែល​ម្នាក់​ជា​តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​ខេត្ត​កំពង់​ធំ​ និងតំណាង​រាស្ត្រ​ខេត្ត​ក្រចេះ ។​ ទាក់​ទិន​នឹង​ការផ្ទុះ​អំពើ​​​ហិង្សា​​នេះ​ លោក​គួច ចំរើន​ អភិបាល​ខណ្ឌ​ដូ​នពេញ​ឱ្យ​ដឹង​ថា​ កម្លាំង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ បាន​រង​របួស​សរុប​៣៧​នាក់​ ក្នុង​នោះ​របួសស្រាល​១៤​នាក់ ពួកគេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​ ។ នៅ​សល់​២៣​នាក់​សម្រាក​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ក្នុង​នោះ​​២​នាក់​កំពុង​សង្គ្រោះ​បន្ទាន់​ ។ លោក​អភិ​បាល​ខណ្ឌ​ដូន​ពេញ​បញ្ជាក់​ថា​ សាលា​ខណ្ឌ​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​អំពើ​ហិង្សា​នេះ​​ ។​

គួរ​​កត់​សម្គាល់​ថា​ លោក​ស្រីមូរ​ សុខ​ហួរ​ តំណាង​រាស្ត្រជាប់​ឆ្នោត​មណ្ឌល​បាត់​ដំបង​របស់​គណបក្ស​​សង្គ្រោះ​ជាតិ​​ បាន​អំពាវ​នាវ​ដល់​អ្នក​គាំទ្រ​របស់​លោកស្រី​​ ឱ្យ​ធ្វើ​ការ​រំដោះ​ទីលាន​ប្រជា​ធិប​តេយ្យ​នៅ​ថ្ងៃទី​១៥​ កក្កដា វេលា​ម៉ោង​៨​​កន្លះព្រឹក​ ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ស្រី​ផ្ទាល់ ។​ នេះ​បើ​​យោង​ទៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​​លោក​ស្រី ។​ ក្នុង​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ស្រី បាន​សរ​សេរ​បង្ហោះ​នៅ​ថ្ងៃ​ទី​១៣ កក្កដា​ថា​ «ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​បង​​ប​្អូន​ជន​រួម​ជាតិ​ចូលរួម​ជាមួយ​ខ្ញុំ​នៅទីលានប្រជាធិប​តេយ្យ​ ដើម្បី​ទាម​ទារ​​ឱ្យ​មាន​ការ​ដោះ​លែង​ទីលាន​ប្រជា​ធិបតេយ្យ​​ ដើម្បី​សេរីភាព​បញ្ចេញ​មតិ​ យុត្តិ​ធម៌ និង​ដើម្បី​ប្រជា​ធិប​តេយ្យ​ពិត​ប្រាកដ​នៅ​កម្ពុជា​» ។​

លោកស្រី​មូរ​ សុខ​ហួរ​​ ក៏បាន​បង្ហោះ​នូវ​វីដេអូ​​ឃ្លីប​មួយ​ដែល​មាន​រយៈ​ពេល​៣​នាទី​បង្ហាញពីរូប​លោក​ស្រី​ឈរ​នៅ​ពី​មុខ​ទីលានប្រជា​ធិបតេយ្យ​ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​របាំង​ដែក​​ខ្មៅ​ និងបន្លា​លួស ។​ លោ​កស្រី​បាន​លើក​ឡើង​ពីច្បាប់​​នានា​ដែល​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​សម្តែង​មតិ​នៅ​ទីសាធារណៈ ។ ការឃុំ​ទីលាន​​ប្រជា​ធិបតេយ្យ​ បើ​តាម​លោក​ស្រី​មូរ​ សុខ​ហួរ​​​ គឺប្រៀប​​ដូច​ជា​ឃុំ​ឆន្ទៈ​របស់​ប្រជាពល​រដ្ឋ ។​ គួរ​​រំលឹក​ថា ទីលាន​ប្រជា​ធិប​តេយ្យ​ត្រូវ​បាន​បិទ​តាំងពី​ដើម​ខែ​មករា ក្រោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​រវាង​កង​កម្លាំង​សមត្ថ​កិច្ច​ និង​ក្រុមបាតុករ​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ របួស និង​ឃុំ​ខ្លួនជា​ច្រើន​នាក់ ។​ អ្នក​វិភាគ​ និងសង្គម​ស៊ីវិល​ ៈ ការ​ប៉ះ​ទង្គិចគ្នា​រវាង​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រុម​សន្តិ​សុខ​មកពី​អ្នក​នយោ​បាយ​ការប៉ះ​ទង្គិច​គ្នា​​​មួយ​ប្រាវ​រវាង​សកម្ម​ជន​គណ​បក្សសង្គ្រោះ​ជាតិ​ជាមួយសន្តិសុខ​ការពារ​សណ្តាប់​ធ្នាប់​របស់​សាលា​ខណ្ឌ​ដូន​ពេញ​ បណ្តាល​ឱ្យ​មាន​អ្នក​រង​របួស​ធ្ងន់​ និង​ស្រាល​ជា​ច្រើន​នាក់​ ក្នុង​ការ​តវ៉ា​កុំ​ឱ្យ​មាន​ការ​យក​បន្លា​លួស​ព័ទ្ធ​ទីលានប្រជាធិប​តេយ្យ​ ពិត​ប្រាកដ​ណាស់​ដឹក​នាំ​ដោយ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណ​បក្ស​សង្គ្រោះ​​ជាតិ​ គឺ​លោកស្រី​មូរ សុខ​ហួរ​ ។

ការប្រើ​​អំពើ​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​លាយ​ឡំ​នឹងការ​បាញ់​គ្រាប់​ផ្សែង​ផង​ដែរ​នោះ​​កើតឡើង​នៅ​ព្រឹកថ្ងៃទី​១៥​ កក្កដា លើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិប​តេយ្យ​ ដែល​ហ៊ុម​​ព័ទ្ធ​ដោយ​បន្លា​លួស​អស់​រយៈ​ពេល​ជិត​៦​​ខែ​មក​ហើយ ។ លោក​បណ្ឌិត​ កែម ឡី​ អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ បាន​ហៅ​ហេតុ​ការណ៍​នោះ​​ថា ជា​ការ​ចង់​ឈ្នះ​របស់​អ្នក​​នយោបាយ​ និង​ជា​កំហុស​របស់​អ្នក​នយោបាយ​ ដែលចង់បាន​អំណាច​ ដែល​បង្កើត​ទីលាន​ប្រយុទ្ធ​នៅ​ទីលានប្រជា​ធិប​តេយ្យ ​។​ លោក​និយាយថា ប្រសិន​បើ​អ្នក​នយោបាយ​ទាំងអស់​បង្កើត​ទីលាន​ប្រយុទ្ធគ្នា​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​ពិភាក្សា​គ្នា​នោះ​ហេតុ​ការណ៍​មិន​អាចកើត​មាន​នោះ​ទេ ។​ សមរភូមិ​​នៃ​ការ​ប្រើ​​ហិង្សា​ដាក់​​គ្នា​នេះ​នឹង​មិន​ងាយចប់​ទេ​ ព្រោះ​ប្រព័ន្ធ​សង្គម​ទាំង​មូល​កំពុង​​តែ​មាន​ជំងឺ​ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​មាន​សមរ​ភូមិ​កើត​មាន​គ្រប់​ទីកន្លែង​ក្នុង​សង្គម ។​

លោក​បណ្ឌិត កែម ឡី មានប្រសាសន៍​ថា ចំពោះ​ហេតុ​ការណ៍​ដែល​កើត​ឡើង​នោះ អ្នក​រង​គ្រោះ​ជាអ្ន​ក​ខាត​បង់ ។​ ចំណែក​ថ្នាក់ដឹក​នាំ​វិញ​នឹង​បាត់​បង់​ប្រជាប្រិយ​ដែរ ។​ លោក​ចង់​ឱ្យ​ថ្នាក់​ដឹក​នាំ​ចូល​អង្គុយ​ពិភាក្សា​ចរចា​គ្នា​​ឱ្យបាន​ច្រើន​លើក​ច្រើនសា​ ចៀស​វាង​​ប្រើ​​ហិង្សា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​បែប​​នេះ ។​ អ្នក​វិភាគ​រូប​នេះ​​បាន​លើក​ឡើង​ពី​ដំណោះ​ស្រាយ​​​សំខាន់​បំផុត​​​សម្រាប់​​អ្នក​ដឹក​នាំ​​​ គួរ​តែ​​​ជជែក​គ្នា​ម្តង​ហើយ​​​ម្តង​ទៀត​​ ដោយ​មិន​ចាំ​បាច់​ខ្មាស​អៀន​​អី​​ទេ​ គួរ​តែ​ចេញ​មុខ​ជជែក​គ្នា​​ដើម្បី​បន្ថយ​ភាព​តាន​តឹង​ និង​ឈឺ​ចាប់​ ។ ទោះ​បី​អ្នក​នយោ​បាយ​​​សម្ប​ទាន​​ឱ្យ​គ្នា​យ៉ាង​ណា​ក្តី​ ប៉ុន្តែ​​សង្គម​​នៅ​តែ​​មិន​បាន​សុខ​​ អ្នក​ដឹក​នាំ​ក៏​នៅ​មិន​បាន​​សុខ​​ផង​ដែរ ប្រជា​ពលរដ្ឋ​ក៏​មិន​សុខ​ដែរ ។

​ចំណែក​​លោក អំ សំអាត អ្នក​គ្រប់​គ្រង​សុើប​អង្កេត​អង្គ​ការ​លី​កាដូ ដែល​តាម​​ដាន​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា​​​រវាង​សន្តិ​សុខ និង​ប្រជា​ពលរដ្ឋ​​ ចាប់​តាំង​ពី​​ដើម​មក​នោះបាន​និយាយ​ថា​​ ការ​ប៉ះ​ទង្គិច​​​​គ្នា​នេះ គឺ​ជា​ហិង្សា​​​ដ៏​ធ្ងន់​ធ្ងរ​មួយ​ទៀត​​ បន្ទាប់​ពី​ហិង្សា​ជា​​បន្ត​បន្ទាប់​​នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​​។ ហេតុ​ការណ៍​នេះ គឺ​ជា​ការ​​បណ្តុះ​ផ្នត់​គំនិត​​​ដែល​បង្កើត​​ឱ្យ​មាន​អំពើ​ហិង្សា​​ ដែល​ធ្វើ​ឱ្យ​មាន​​ការ​ចង​គំនុំ​​គ្នា​ទៅ​វិញ​ទៅ​មក​​​ ដោយ​សារ​ប្រើ​ប្រាស់​កង​កម្លាំង​​សន្តិ​សុខ​​​​ឱ្យ​មក​ប្រឈម​​មុខ​នឹង​​អ្នក​តវ៉ា​របៀប​នេះ ។ ​លោក​បន្ថែម​ថា​​ ការ​ប្រើ​អំពើ​ហិង្សា​​​នេះ ឬ​គំនុំ​សង​សឹក​​គ្នា​នេះ​ ​គ្មាន​ទី​បញ្ចប់​ទេ​​ ។ ដូច្នេះ​​​អ្នក​ដែល​ប្រើ​កម្លាំង​ច្រើន​​ អ្នក​នោះ​របួស​តិច តែ​អ្នក​ដែល​មាន​កម្លាំង​តិច​​ និង​រង​របួស​ច្រើន​ ។ ក្នុង​​នាម​ជា​មន្ត្រី​សិទ្ធិ​មនុស្ស​​មួយ​រូប​​​ លោក​ថា​ មិន​គួរ​​​ឱ្យ​កើត​មាន​​​​អំពើ​បែប​នេះ​​តទៅ​ទៀត​ទេ​​ ទាំង​រដ្ឋា​ភិបាល​ និង​អ្នក​នយោ​បាយ​​​គ្រប់រូប​​ គួរ​បញ្ឈប់​យុទ្ធ​សាស្ត្រ​​​​យក​មនុស្ស​​ធ្វើ​ជា​ឧប​ករណ៍​ដើម្បី​​​ការ​ពារ​អំណាច​ និង​ការពារ​ផល​ប្រយោជន៍​នយោ​បាយ​របស់​ខ្លួន​​​បន្ត​ទៀត​​ទៅ​ ។

អ្វី​ដែល​សំខាន់​​​ គឺ​ត្រូវ​គិត​​​ពី​ឧត្តម​ប្រយោជន៍​ជាតិ​​ និង​ប្រជា​ពល​រដ្ឋ ហើយ​អ្នក​នយោ​បាយ​ និង​អ្នក​កាន់​អំណាច​គ្រប់​រូប​​​ ត្រូវ​គិត​ថា​​ ប្រទេស​​កម្ពុជា​​យើង ជា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​មិន​អាច​យក​ដំណោះ​ស្រាយ​​​អំពើ​ហិង្សា​​ ​ឬ​ឈាន​ដល់​យក​ហិង្សា​ជា​ឧប​ករណ៍​សម្រាប់​ពង្រឹង​អំណាច​​ និង​នយោ​បាយ​របស់​ខ្លួន​ឡើយ ។ ប្រសិន​បើ​អ្នក​នយោ​បាយ​​នៅតែ​ប្រកាន់​ជំហរ​​​យក​​កម្លាំង​​​​ មក​ប្រឈម​មុខ​​​ជាមួយ​មហា​ជន​​​បែប​នេះ​​ អ្នក​ដែល​រង​គ្រោះ​​គឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​​ មិន​មែន​អ្នក​នយោ​បាយ​​​​ទេ ។ ការ​ចាប់​ខ្លួន​​តំណាង​រាស្ត្រ​ជាប់​ឆ្នោត និង​សង្ស័យ​ជា​មេ​ខ្យល់​គណបក្ស​​សង្គ្រោះ​​ជាតិ​ចំនួន​​៣​នាក់​រួម​មាន​​ លោក​ស្រី​មូរ សុខ​ហួរ លោក​កែវ ភិរម្យ​ និង​លោកម៉ែន​ សុថាវរិន​ ត្រូវ​បាន​លោក​​អំ សំអាត បញ្ជាក់​ថា​​ ទី​លាន​ប្រជា​ធិប​តេយ្យ​​​​គឺ​ជា​បេះ​ដូង​​នៃ​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​ប្រទេស​កម្ពុជា​​ ​តែ​ទី​លាន​នេះ​​ត្រូវ​ហ៊ុម​ព័ទ្ធ​​ជាង​៦​ខែ​​មក​ហើយ ។

លោក​សង្កត់​ធ្ងន់​​​ទៅ​​លើ​ការ​ហ៊ុម​ព័ទ្ធ​ទីលាន​ប្រជា​ធិប​តេយ្យ​​​ថា ​​ជា​រឿង​នយោបាយ​ដែល​កំពុង​ជាប់​គាំង​​ ចាប់​តាំង​ពី​ការ​បោះឆ្នោត​​រហូត​មក​​ដល់​ពេល​បច្ចុប្បន្ន​នេះ ។ ដូច្នេះ​​​អ្វី​ដែល​សំខាន់​​​នោះ អ្នក​នយោ​បាយ​​​​គួរ​ដោះ​ស្រាយ​​​​ ចៀស​វាង​​​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា​​ទៅ​វិញ​​​ទៅ​មក​បែប​នេះ ។​ ​