ខេត្ដត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋមួយចំនួនដែលបានប្រកបរបរដាំអំពៅស្ករនៅតាមដីភូមិនិងខ្លះទៀតបានជួលដីគេមានច្រើនកន្លែង លុះពេលហុចផល ពួកគាត់បានដឹកយកមកលក់តម្រៀបគ្នាជាជួរនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ហើយអ្នកដំណើរពីគ្រប់ទិសទីតែងបានទិញជាហូរហែ ។
ស្ត្រីឈ្មោះអ៊ុំ វី អាយុ៥២ឆ្នាំ រស់នៅភូមិតាហៀវក្រោម ឃុំកោងកាង បានប្រាប់ឲ្យដឹងថា គាត់មានដីសម្រាប់ដាំអំពៅក្នុងភូមិ បានកាប់ដឹកយកមកលក់បានជាង១ខែមកហើយ គឺលក់ទៅតាមប្រភេទអំពៅដែលមិនសូវល្អ ១បាច់តូចតម្លៃ១.៥០០រៀល និងបាច់ធំហើយល្អលក់បានពី៣.០០០រៀលទៅ៦.០០០រៀល ។
គាត់បានប្រាប់បន្តថា ក្រោយកាប់អំពៅអស់គាត់បានដើរទិញម៉ៅអំពៅរបស់អ្នកផ្សេងទៅតាមទំហំដី បើចម្ការធំតម្លៃ៦លានរៀល លុះពេលដែលកាប់មកលក់អាចរកប្រាក់បានរហូតដល់ទៅ៨លានរៀល គឺទទួលបានផលចំណេញ២លានរៀល ។ គាត់បន្តថា ការដាំអំពៅនេះត្រូវការប្រភពទឹកខ្លាំង ទើបអំពៅដុះលូតលាស់បានល្អ ។
ស្ត្រីម្នាក់ទៀតឈ្មោះ នល់ ខន អាយុ៤១ឆ្នាំ នៅភូមិតាហៀវលើ ឃុំកោងកាង បានប្រាប់ឲ្យដឹងថា គាត់បានជួលដីគេជិតកន្លះហិកតាដែរនៅក្នុងភូមិ ហើយរាល់ថ្ងៃអំពៅត្រូវបានកាប់ មកលក់អស់ជាងពាក់កណ្តាល ហើយទទួលបានកម្រៃជាង២លានរៀល ។ សម្រាប់ចម្ការអំពៅទាំងមូលអាចលក់បានលុយប្រមាណជាង៤លានរៀល ។ លុះពេលផុតពីរបរលក់អំពៅនេះ ដល់រដូវពោតនិងស្ពៃ គាត់នឹងទិញបន្តពីកសិករយកមកលក់នៅលើទីផ្សារទៀត ។
ចំណែកស្ត្រីឈ្មោះ ចាន់ ណា អាយុ២៧ឆ្នាំ នៅភូមិតាហៀវលើ បានប្រាប់ឲ្យដឹងដែរថា ចាប់តាំងពីប្រកបរបរលក់អំពៅរហូតមកដល់ពេលនេះមានរយៈពេលពី៥ទៅ៦ឆ្នាំហើយ។ ចំពោះអំពៅល្អលេខ១ក្នុង១បាច់បានតម្លៃ៦.០០០រៀលនៅឆ្នាំនេះ ។ កាលពីឆ្នាំទៅមិញអំពៅលេខ១លក់បានតម្លៃរហូតដល់ទៅ៩.០០០រៀល ។
ស្ត្រីរូបនេះបានថា គាត់មានដីប្រមាណ៧០អា ផលដែលលក់លើទីផ្សារបានប្រហែលជាង១០លានរៀលដែរ
ចែករំលែកព័តមាននេះ