ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួនឯង​នៅ​ពេល​បរាជ័យ

6 ឆ្នាំ មុន

កំហុសឆ្គង​កើតឡើង ទោះជា​តូចតាច មិន​ថា​ ការងារ ឬ​រឿង​ផ្សេង​ក្តី គឺ​តែង​បង្កើត​ភាព​ស្មុគស្មាញ​ដល់​ខ្លួន និង​មិត្ត​រួម​ក្រុ​ម ។ អ្នកធ្វើការ​មិន​តិច​នាក់​ទេ​ដែល​ជួប​ភាព​តានតឹង​នៅ​ពេល​ត្រូវ​ដោះស្រាយ​បញ្ហា ឬ​បរាជ័យ​ក្នុង​ការងារ​។…

កំហុសឆ្គង​កើតឡើង ទោះជា​តូចតាច មិន​ថា​ ការងារ ឬ​រឿង​ផ្សេង​ក្តី គឺ​តែង​បង្កើត​ភាព​ស្មុគស្មាញ​ដល់​ខ្លួន និង​មិត្ត​រួម​ក្រុ​ម ។ អ្នកធ្វើការ​មិន​តិច​នាក់​ទេ​ដែល​ជួប​ភាព​តានតឹង​នៅ​ពេល​ត្រូវ​ដោះស្រាយ​បញ្ហា ឬ​បរាជ័យ​ក្នុង​ការងារ​។ មនុស្ស​ខ្លះ​ទទួលយក​កំហុស​ទាំង​អស់ តែ​វា​មិនមែន​ជា​វិធី​ដោះស្រាយ​បញ្ហា​ល្អ​បំផុត​ទេ ព្រោះ​វា​មាន​ផ្លូវ​ដោះស្រាយ មិន​មែន​ដាក់​សម្ពាធ​មក​លើ​ខ្លួន​ឡើយ ។ ការ​រក​ផ្លូវ​ចេញ​សម​ស្រប​បំផុត​ខុស​ៗ​គ្នា គឺជា​ចម្លើយ​របស់​បញ្ហា ។

ការ​ពិត គ្មាន​នរណា​ម្នាក់​ចង់ឱ្យ​កំហុសឆ្គង​ស្ថិត​នៅ​ជាមួយ​ខ្លួន​យូរ​ទេ ។ នៅ​ពេល​អ្នកមាន​អារម្មណ៍​ថា កំពុង​តឹង​ខួរក្បាល​ជាមួយ​ការងារ កុំ​ភ្លេច​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួនឯង ហើយ​យើង​នឹង​ដឹង​ថា កំហុសឆ្គង​ដែល​កើតឡើង វា​មិនមែន​ជា​រឿង​ធំ​ទេ តែ​ជា​មេរៀន​មួយ​ដែល​​នឹង​ជួយ​យើង​អាច​រៀនសូត្រ និង​លូតលាស់​ជា​បណ្តើរ​ៗ ។

១-​បន្តិចទៀត វា​នឹង​កន្លង​ផុត​ទៅ ៖
បញ្ហា​ផ្សេង​ៗ​មិន​ថា​តូច​ឬ​ធំ វា​នឹង​មិន​នៅ​ជាមួយ​អ្នក​រហូត​ឡើយ គឺ​ពេល​វា​ចូល​មក​ហើយ វា​នឹង​ចេញ​ទៅ​វិញ ។ បញ្ហា​មាន​រយៈពេល​ខ្លី យើង​ត្រូវ​ទប់ទល់​ជាមួយ​បញ្ហា​នោះ វា​នឹង​មិន​អាច​ធ្វើ​អ្វី​យើង​បាន​ឡើយ ដោយ​ការ​បែរខ្នង​ដាក់​បញ្ហា មាន​ន័យ​ថា យើង​កំពុង​រក​ផ្លូវ​ចាត់ការ​ជាមួយ​វា និង​មិន​អនុញ្ញាត​ឱ្យ​វា​ធ្វើ​ឱ្យ​យើង​ព្រួយចិត្ត​ឡើយ គឺ​ត្រូវ​រក​ផ្លូវ​គេច​ចេញ។

២-​យើង​ធ្វើ​ល្អ​បំផុត​ហើយ ៖
នៅ​ពេល​យើង​មាន​អារម្មណ៍​ខកចិត្ត កុំ​រវល់​តែ​បន្ទោស​ខ្លួនឯង ព្រោះ​យើង​បាន​ធ្វើ​ល្អ​បំផុត​ហើយ តែ​បញ្ហា​វា​ធំ​លើស​ពី​អ្វី​ដែល​អាច​ដោះស្រាយ​តែ​ម្នាក់ឯង​បាន ។ ចូរ​មាន​ទំនុកចិត្ត​ថា គ្មាន​នរណា​ម្នាក់​ធ្វើ​បាន​ល្អ​ជាង​យើង​ឡើយ និង​កុំឱ្យ​វា​មក​បំផ្លាញ​ទំនុកចិត្ត​នេះ ។

៣-​វា​ជា​មេរៀន​ដ៏​ពិសេស ៖
កំហុសឆ្គង​មិន​បាន​នាំ​មក​នូវ​ភាព​ខុស​បំណង​ជា​និច្ច​ទេ ព្រោះ​ពេល​ខ្លះ បញ្ហា​ជា​មេរៀន​ដ៏​ពិសេស​មួយ ។ វា​បង្រៀន​ឱ្យ​យើង​ស្គាល់​ថា អ្វី​ខុស និង​រឿង​ណា​មិន​គួរ​ធ្វើ ។ ចាំ​ទុក​ថា បើ​​យើង​មិន​ធ្លាប់​ធ្វើ​ខុស​មក​ពី​មុន​ទេ យើង​នឹង​មិនដឹង​ថា អ្វី​ត្រឹមត្រូវ និង​អាច​ធ្វើ​បាន​ឡើយ ។ ដូច្នេះ គួរ​ចង​ចាំ​ពី​កំហុសឆ្គង​នោះ​ទុកជា​មេរៀន ដើម្បី​អាច​ធ្វើការ​បាន​ល្អ​លើស​ដើម​ថែម​ទៀត ។

៤-​បញ្ហា​ប្រឈម​ធ្វើ​ឱ្យ​យើង​រឹង​មាំ ៖
យើង​អាច​ធ្លាប់​ឮ​ពាក្យ​ថា “What doesn’t kill you, makes you stronger” ។ បញ្ហា​កើតឡើង​អាច​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រងាកចិត្ត និង​អស់សង្ឃឹម តែ​យើង​នឹង​គ្មាន​ថ្ងៃ​មាន​អារម្មណ៍​បែប​នេះ​ជា​លើក​ទី​២​ទេ ព្រោះ​ធ្លាប់​រៀនសូត្រ​ពី​វិធី​ដោះស្រាយ​បញ្ហា​រួច​មក​ហើយ ។

យើង​អាច​រៀនសូត្រ​ថា បញ្ហា​នីមួយ​ៗ​គឺជា​អ្វី ហើយ​ត្រូវ​ដោះស្រាយ​ដូច​ម្តេច​នៅ​ពេល​វា​កើតឡើង និង​មិន​បាន​ធ្វើ​ឱ្យ​យើង​ធ្ងន់ធ្ងរ​រហូត​រក​ផ្លូវ​ចេញ​មិន​បាន​ឡើយ យើង​នឹង​ពូកែ ព្រមទាំង​រឹង​មាំ​យ៉ាង​ពិតប្រាកដ ។

៥-​គ្រប់​បញ្ហា​នឹង​មាន​ផ្លូវ​ដោះស្រាយ ៖
អ្នក​អាច​ដាស់តឿន​សតិ​ជា​និច្ច​ថា បញ្ហា​ទាំងអស់​នឹង​មាន​ផ្លូវ​ដោះស្រាយ ។ គ្មាន​បញ្ហា​ណាមួយ​មិន​អាច​ដោះស្រាយ​បាន ឬ​គ្មាន​នរណា​ម្នាក់​នឹង​ដោះស្រាយ​វា​មិន​បាន​ទេ តែ​ការ​ដោះស្រាយ​នោះ​អាច​នឹង​មិន​បាន​ឆាប់រហ័ស​ភ្លាម​ៗ គឺ​អាស្រ័យ​លើ​ពេលវេលា​ផង​ដែរ ។

ពេល​ខ្លះ រឿង​ល្អ​បំផុត​នឹង​មក​ដល់​ក្នុង​ពេលវេលា​សម​ស្រប និង​មិន​អាច​កើតឡើង​លឿន​តាម​ការ​គិត​ទេ តែ​យើង​អាច​រក​ផ្លូវ​ចេញ​ឱ្យ​ខ្លួនឯង​យ៉ាង​ពិតប្រាកដ យឺត​ខ្លះ លឿន​ខ្លះ គឺ​អាស្រ័យ​លើ​ភាព​លំបាក ឬ​ងាយ​របស់​បញ្ហា​នោះ ។

៦-​យើង​នឹង​មិន​ឯកោ​នៅ​ពេល​ជួប​បញ្ហា ៖
ពេល​ណាមួយ​ដែល​យើង​គិត​ថា បញ្ហា​ផ្សេង​ៗ​កំពុង​តែ​មក​ចោមរោម​នោះ ចូរ​សាកល្បង​មើលទៅ​ជុំវិញ​ខ្លួន នឹង​ឃើញ​ថា នៅ​មាន​មនុស្ស​ជា​ច្រើន​ទៀត​នឹង​ជួយ​លើកទឹកចិត្ត​យើង ដូច​ជា មិត្ត​រួមការ​ងារ ។ វា​ជា​ហេតុផល​ថា យើង​ត្រូវធ្វើ​ការងារ​ជា​ក្រុម ព្រោះ​នឹង​មាន​អ្នក​ជួយ​ដោះស្រាយ​បញ្ហា និង​ផ្តល់​កម្លាំងចិត្ត​នៅ​ពេល​បរាជ័យ ឬ​មាន​កំហុសឆ្គង​ក្នុង​ការងារ ។

៧-​អ្នក​ណា​ៗ​ក៏​ជួប​បញ្ហា​ដែរ ៖
អ្នក​ត្រូវ​មាន​ទំនុកចិត្ត​ថា អ្នក​មិនមែន​ជា​មនុស្ស​តែ​ម្នាក់​ក្នុង​លោក​នេះ ដែល​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ទេ មាន​មនុស្ស​ជា​ច្រើន​ទៀត ក៏​ប្រឈម​នឹង​បញ្ហា​ដូច​គ្នា​ដែរ ។ បញ្ហា​របស់​យើង​អាច​មិនធំ​បំផុត បើ​យើង​សាកល្បង​ជជែក​ជាមួយ​អ្នក​ដទៃ​ខ្លះ គឺ​នឹង​មាន​អារម្មណ៍​ថា វា​ជា​រឿង​តូច​ក៏​ថា​បាន ។

យើង​គួរតែ​អរគុណ​ដល់​បញ្ហា​ដែល​បាន​កើតឡើង ព្រោះ​វា​ធ្វើ​ឱ្យ​យើង​មើលឃើញ​នូវ​រឿងរ៉ាវ​ផ្សេង​ៗ មិន​ថា​ការងារ វិធី​ដោះស្រាយ ឬ​សូ​ម្បី​តែ​មនុស្ស​ដែល​យើង​ទុកចិត្ត និង​ធ្លាប់​ជួយ​យើង​នៅ​ពេល​ជួប​បញ្ហា ។ ម្យ៉ាងទៀត មិន​ត្រូវធ្វើ​វា​ឱ្យ​កាន់តែ​អាក្រក់​ទេ គឺ​ត្រូវ​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួនឯង​ឱ្យ​បាន​ច្រើន​បំផុត ។ បើ​យើង​មិន​អាច​ផ្តល់​កម្លាំងចិត្ត​ដល់​ខ្លួនឯង​ទេ ក៏​គង់​គ្មាន​នរណា​ម្នាក់​នៅ​លើ​លោក​នេះ អាច​ធ្វើ​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ